សហគមន៍មានជម្លោះដីធ្លី រុញច្រានជាមួយសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ(រូបភាពដោយជន ស្រីណុច)
អ្នកមានជម្លោះ ដីធ្លី ប៉ះទង្គិច ជាមួយ សន្តិសុខ នៅមុខសាលារាជធានីភ្នំពេញ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
ក្រុមស្ត្រីសកម្មជនដីធ្លី បានរុញច្រានជាមួយ កម្លាំងសន្តិសុខ នៅមុខសាលារាជធានីភ្នំពេញ នៅម៉ោងជាង១០ព្រឹកនេះ ខណៈប្រជាសហគមន៍ ទាំងនោះ ទៅទាមទារ ឲ្យមាន ការដោះស្រាយជម្លោះដីធ្លី របស់ ពួកគាត់ ឲ្យបានឆាប់រហ័ស។
តំណាងប្រជាសហគមន៍ដែលតវ៉ានៅព្រឹកនេះ មានគ្នាប្រមាណ៥០នាក់មកពី សហគមន៍ អតីតអ្នកបឹងកក់ សហគមន៍បឹងកក់ និង សហគមន៍បុរីកីឡា។ ពួកគេទាមទារឲ្យ មន្ត្រី សាលារាជធានីភ្នំពេញ ដោះស្រាយ ជម្លោះដីធ្លីទៅតាមការសន្យារបស់អាជ្ញាធរកាលពីមុនចូលឆ្នាំខ្មែរ ព្រោះការបន្លាយបានប៉ះពាល់ ការប្រកបរបរចិញ្ចឹមជីវិត និង ការសិក្សាកូនចៅរបស់ពួកគាត់។
ការប៉ះទង្គិចគ្នាបានកើតឡើង នៅពេលដែលប្រជាសហគមន៍ឈរនៅមុខសាលារាជធានីភ្នំពេញជាង២ម៉ោង តែមិនមានមន្ត្រីណាចេញមកអន្តរាគមន៍ ទើបពួកគាត់នាំគ្នាឈរស្រែក ហើយត្រូវក្រុមសន្តិសុខចេញមករុញច្រាន។
អតីតពលរដ្ឋបឹងកក់អ្នកស្រី ស៊ា ណារេត មានប្រសាសន៍ថា សាលារាជធានីភ្នំពេញតែងតែកុហកប្រជាពលរដ្ឋ ចំពោះដំណោះស្រាយដីធ្លីទេ មិនតែប៉ុណ្ណោះ បានបញ្ជាឲ្យកងកម្លាំងមកបង្ក្រាបប្រជាពលរដ្ឋទៅវិញ ៖«ចាស លោកចង់ធ្វើអ្វី ក៏ពួកខ្ញុំមិនខ្លាចដែរ ខ្ញុំមកនេះ គឺប្រឈមមុខគ្រប់បែបយ៉ាង ប្រឈមមុខនឹងការចាប់ ការចង ដាក់គុក ដាក់ច្រវ៉ាក់ ខ្ញុំមិនខ្លាច់ទេ ធ្វើតាមតែអំណាចរបស់លោកទៅ លោកធ្វើចុះ ពួកខ្ញុំប្រជាពលរដ្ឋគ្មានសិទ្ធទេ គ្រាន់តែមកឈរមុខរបងសាលាក្រុង ក៏ដេញដាក់កម្លាំង មកចង់ចាប់ទៀត។»
សម្រាប់សកម្មជនដីធ្លីតំបន់បឹងកក់ដែលធ្លាប់តវ៉ាជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុផ្ផា រិះគន់រដ្ឋាភិបាលកម្ពុជាថាគ្មានសមត្ថភាពដោះស្រាយបញ្ហាប្រជាពលរដ្ឋទេ ហើយថាអាជ្ញាធរចេះតែចេះតែប្រើហិង្សាបង្ក្រាបពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះ ៖«អំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា គ្រប់ទីកន្លែងគ្រប់ទិសទី គឺកាន់តែរីករាលដាលដូចជម្ងឺមហារីកអញ្ចឹង កន្លែងណាក៏ដោយ មិនថាខេត្តក្រុងណាទេ គឺមានតែការយំស្រែក ការបាត់បង់ដីធ្លី និងអំពើអយុត្តិធម៌ផ្សេងៗពីសំណាក់អាជ្ញាធរ ដែលអសមត្ថភាព គ្មានការដោះស្រាយជួនប្រជាពលរដ្ឋទេ។»
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែលក្រុមសន្តិសុខប្រើពាក្យសម្តី និងធ្វើសកម្មភាពរុញច្រានបែបនេះ គឺខុសនឹងតួនាទីរបស់ក្រុមនេះ ៖«ទង្វើមន្រ្តី ឬក៏អាជ្ញាធរសន្តិសុខ គឺមានលក្ខណៈមិនសមរម្យទេ ទោះបីជាមិនមានការប្រើប្រាស់ហិង្សាដោយការវាយដំក៏ដោយ ក៏ការប្រើប្រាស់សម្តីមិនសមរម្យ ចំពោះពលរដ្ឋគឺជាអំពើមួយដែលបំពារបំពានទៅលើសិទ្ធិរបស់ពលរដ្ឋ ។»
ប្រជាសហគមន៍ដែលភាគច្រើនជាស្ត្រី ក៏បានសម្តែងការខឹងសម្បារដោយចោទថា សន្តិសុខសុទ្ធតែប្រុសៗប្រើសម្តីមិនសមរម្យលើពួកគាត់ ដោយសន្តិសុខនិយាយថា«វាយជាមួយស្រីៗស្រួលហើយ ចង់ដឹងសាកមើលទៅ»។
ទោះយ៉ាងណា រហូតដល់ម៉ោង ១១ ព្រឹកនេះ មិនមានអំពើហិង្សាណាមួយកើតឡើងនៅឡើយទេ ខណៈសន្តិសុខមានគ្នាប្រមានពី២០ទៅ៣០នាក់ នៅបន្តរុញច្រានជាមួយប្រជាសហគមន៍ដីធ្លីទាំងនោះ៕
No comments:
Post a Comment