ទីលានប្រជាធិបតេយ្យបច្ចុប្បន្ន ត្រូវបានហ៊ុំព័ទ្ធដោយលួសបន្លា
Google Map ផ្លាស់ឈ្មោះ ទីលានប្រជាធិបតេយ្យ ទៅជា ទីលានប្រតប់ប្រតាយ(Fighting Park)
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
ផែនទី របស់ ក្រុមហ៊ុន Google ដែលមានឈ្មោះ ថា Google Map បានផ្លាស់ប្តូរឈ្មោះ ទីលានប្រជាធិបតេយ្យ នៅកម្ពុជា ទៅជា ទីលានប្រតប់ប្រតាយ (Fighting Park)។
ការផ្លាស់ប្តូរឈ្មោះនេះ បន្ទាប់ពីទីលានប្រជាធិបតេយ្យ បានក្លាយជាកន្លែងចម្រូងចម្រាស់មួយ និងត្រូវបានគណបក្សសង្គ្រោះជាតិ ហៅថាជាគុក។ VOD មិនទាន់ទទួលបានព័ត៌មានពីក្រុមហ៊ុនGoogleថាតើការផ្លាស់ប្តូរឈ្មោះទីលានប្រជាធិបតេយ្យនេះ មកពីមូលហេតុអ្វី និងត្រូវបានផ្លាស់ប្តូរតាំងពីពេលណានោះទេ។
ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ ទីលានប្រជាធិបតេយ្យ ត្រូវបានបិទមិនឲ្យដំណើរការ ក្រោយពីមានការផ្ទុះហិង្សានៅលើផ្លូវវ៉េងស្រេង បណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និងជាច្រើននាក់រងរបួស។ រដ្ឋាភិបាល លើកឡើងថា ទីលានប្រជាធិបតេយ្យ នឹងត្រូវបិទបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេត។
រហូតមកដល់ពេលនេះ ទីលានប្រជាធិបតេយ្យ ត្រូវបានបិទ ដោយដាក់រនាំបន្លាលួស ដើម្បីកុំឲ្យក្រុមអ្នក តវ៉ា និងគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំប្រឆាំងនឹងរដ្ឋាភិបាល។
អ្នកខ្លះ ហៅទីលានប្រជាធិបតេយ្យ(Democratic Park)ថាជាទីលានសេរីភាព(Freedom Park)។ សាលារាជធានីភ្នំពេញ បានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីលានប្រជាធិបតេយ្យ ដែលមានទីតាំង នៅខាងលិចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រោមអធិបតីភាពរបស់អតីតអភិបាលលោកកែប ជុតិមា។ទីលានប្រជាធិបតេយ្យ ជាកន្លែង ដែលប្រជាពលរដ្ឋ អាចប្រមូលផ្តុំ និងបញ្ចេញមតិបាន៕
No comments:
Post a Comment