Paris Peace Accords 23 Oct. 1991

Saturday, May 3, 2014

ក្រសួង​ មហាផ្ទៃ​ ណែនាំ ​ឲ្យ​បញ្ឈប់​ កោះ​ប្រជុំ​ សមាជិក​ ក្រុមប្រឹក្សា ​ខេត្ត ​ក្រុង​ ​បក្ស​ សម​រង្ស៊ី

ក្រសួង​ មហាផ្ទៃ​ ណែនាំ ​ឲ្យ​បញ្ឈប់​ កោះ​ប្រជុំ​ សមាជិក​ ក្រុមប្រឹក្សា ​ខេត្ត ​ក្រុង​ ​បក្ស​ សម​រង្ស៊ី

ដោយ ហង្ស សាវយុត / អាស៊ីសេរី |​​ ០៣ ឧសភា ២០១៤

ក្រសួង​ មហាផ្ទៃ បាន​ចេញ ​សេចក្តី​ណែនាំ​មួយ​ ដល់ ​ប្រធាន ​ក្រុមប្រឹក្សា ​ខេត្ត ​រាជធានី ឱ្យ​បញ្ឈប់​ ការ​កោះ​ប្រជុំ​ ជាមួយ​ សមាជិក​ក្រុមប្រឹក្សា ​ខេត្ត ​ក្រុង ដែល​មក​ពី ​គណបក្ស សម រង្ស៊ី។ ការ​បញ្ឈប់​កោះ​ប្រជុំ​នោះ ធ្វើ​ឱ្យ ​មន្ត្រី ​សមាជិក​ក្រុមប្រឹក្សា ​ខេត្ត ​រាជធានី​ ទាំងអស់​​ មក​ពី​គណបក្ស សម រង្ស៊ី ប្រឈម​មុខ ​នឹង​ការ​បាត់​បង់ ​ប្រាក់​ឧបត្ថម្ភ។
តើ​ បញ្ហា​នេះ ក្រសួង​ មហាផ្ទៃ បាន​អនុវត្ត​ត្រឹមត្រូវ ​ទៅ​តាម​ ច្បាប់​ ស្ដីពី​ ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា ​ខេត្ត​ រាជធានី ក្រុង ស្រុក ខណ្ឌ ឬ​ទេ?
សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មួយ​ចំនួន​មក​ពី​គណបក្ស សម រង្ស៊ី កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​តែ​គេ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​២​ខែ​ចុង​ក្រោយ នឹង​ត្រូវ​កាត់​ផ្ដាច់។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដល់​គ្រប់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ឱ្យ​បញ្ឈប់​ការ​កោះ​ប្រជុំ​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស សម រង្ស៊ី។
សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប ១​រូប​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក សុខ គឹមសេង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា កន្លង​ទៅ គឺ​លោក​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ណែនាំ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រាជធានី បញ្ឈប់​ការ​កោះ​ប្រជុំ​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស សម រង្ស៊ី។ លោក សុខ គឹមសេង បាន​បញ្ជាក់​ថា ការ​បញ្ឈប់​កោះ​ហៅ​សមាជិក​ក្រុមប្រឹក្សា​ប្រជុំ​នោះ គឺ​ប្រាក់​ឧបត្ថម្ភ​របស់​លោក​ចំនួន ១​លាន ៦​សែន​រៀល សម្រាប់​ពីរ​ខែ​ចុង​ក្រោយ នឹង​ត្រូវ​កាត់​ផ្ដាច់។
លោក សុខ គឹមសេង៖ «នៅ​ខេត្ត​សៀមរាប គ្រប់​គ្នា​ទាំងអស់ គឺ​ផ្ដាច់​ចាប់​ពី​ខែ​មេសា រហូត​ដល់​បោះ​ឆ្នោត​ហើយ។ បើ​សិន​ជា​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ថ្មី​ចូល​កាន់​តំណែង​នៅ​ខែ​មិថុនា អា​ហ្នឹង​មាន​ន័យ​ថា រយៈពេល​២​ខែ។ មាន​ស្រុក​៤ ដែល​គេ​បើក​ឱ្យ ក៏ប៉ុន្តែ​៩​ផ្សេង​ទៀត រួម​ទាំង​ខេត្ត គេ​អត់​បាន​បើក​ប្រាក់​ឱ្យ​ទេ។ អ៊ីចឹង​បាន​ឆ្ងល់​ថា វា​ជា​ការ​អនុវត្ត​ច្បាប់ ឬ​មួយ​ក៏​យ៉ាង​ម៉េច? ពីព្រោះ​វា​អត់​មាន​អី​ផង គ្រាន់​តែ​ជា ស.ជ.ណ មួយ»
បញ្ហា​នេះ​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ខេត្ត​សៀមរាប ទេ គឺ​វា​កើត​មាន​ទៅ​លើ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ដែល​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ។
មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​សេចក្តី​ណែនាំ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ឱ្យ​បញ្ឈប់​ការ​កោះ​ប្រជុំ​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស សម រង្ស៊ី មែន​នៅ​ពេល​ដែល​សមាជិក​ខ្លះ​បាន​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះ​ឆ្នោត​ថ្មី​ដែល​ជិត​មក​ដល់​នេះ។
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន លោក សក់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ចែង​ថា ពលរដ្ឋ​ម្នាក់​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​២​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ដូច្នេះ បញ្ហា​ដែល​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស សម រង្ស៊ី ខ្លះ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឱ្យ​គណបក្ស​ផ្សេង​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ថ្មី គឺ​មាន​ន័យ​ថា បាន​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​មុន​ហើយ។
លោក សក់ សេដ្ឋា៖ «ឯកឧត្តម​អស់​លោក​ខ្លះ​គាត់​ទៅ​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាត់​ពី​សមាជិក​ក្រុមប្រឹក្សា ពីព្រោះ​ច្បាប់​គ្រប់គ្រង​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ចែង​ថា សមាជិក​ក្រុមប្រឹក្សា​ម្នាក់​ត្រូវ​បាត់​បង់​ពី​សមាជិកភាព​គណបក្ស​នយោបាយ​សាមី។ ពេល​ដែល​គាត់​បាត់​នៅ​ពេល​ណា ប្រាក់​ឧបត្ថម្ភ​ហ្នឹង​វា​ត្រូវ​កាត់​ផ្ដាច់​នៅ​ពេល​នោះ​ហើយ ឯ​អ្នក​ដែល​មក​ជំនួស​ថ្មី​គេ​ទទួល​បន្ត»
ទោះ​យ៉ាង​ណា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​ហៅ​ការ​ចេញ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ឱ្យ​បញ្ឈប់​ការ​កោះ​ហៅ​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រឆាំង​ប្រជុំ​នោះ ថា​ជា​គោលការណ៍​មួយ​ដែល​មិន​មាន​ច្បាប់​ចង្អុល​បង្ហាញ​ទេ។ លោក គល់ បញ្ញា បាន​ពន្យល់​ថា បញ្ហា​ដែល​ក្រសួង​មហាផ្ទៃ និយាយ​ពី​សមាជិក​ក្រុមប្រឹក្សា​បាត់​បង់​តួនាទី​នៅ​ពេល​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឱ្យ​គណបក្ស​ផ្សេង​នោះ បើ​វា​កើត​មាន​រយៈពេល​លើស​ពី ៦​ខែ នៅ​មុន​ការ​បោះ​ឆ្នោត ទើប​ទាមទារ​ឱ្យ​មាន​អ្នក​ថ្មី​មក​ជំនួស​តួនាទី​នោះ​វិញ ក៏ប៉ុន្តែ​បើ​ក្នុង​រយៈពេល ៦​ខែ​មុន​ថ្ងៃ​បោះ​ឆ្នោត គឺ​គេ​មិន​អាច​រុះរើ​តួនាទី​ទាំង​នោះ​បាន​ទេ។
លោក គល់ បញ្ញា បញ្ជាក់​ថា តាម​ច្បាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ចែង​ថា ក្នុង​រយៈពេល ៦​ខែ​មុន​ថ្ងៃ​បោះ​ឆ្នោត បើ​អ្នក​តំណាង​រាស្ត្រ​ណា​ម្នាក់​ប្ដូរ​ទៅ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត គឺ​គេ​មិន​អាច​រុះរើ ឬ​ក៏​ផ្លាស់​ប្ដូរ​អ្នក​ថ្មី​មក​ជំនួស​បាន​ទេ។ ដូច្នេះ ចំពោះ​តួនាទី​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ក៏​គួរ​តែ​អនុវត្ត​ដូច​គ្នា​នេះ​ដែរ៕

No comments:

Post a Comment