ពលរដ្ឋ នៅក្រចេះ ត្រូវបាន អាជ្ញាធរ បណ្ដេញចេញ ពីដីធ្លី និងផ្ទះ ជាបន្តបន្ទាប់
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ០៤ ឧសភា ២០១៤
ប្រជាពលរដ្ឋ រស់នៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវបាន អាជ្ញាធរ ប្រតិបត្តិការ ពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី៣០ មេសា និងថ្ងៃទី១ ឧសភា ដើម្បីបណ្ដេញចេញ ពីលំនៅឋាន និងដីធ្លី ដោយអះអាង ថា ប្រជាពលរដ្ឋ ទៅទន្ទ្រានយកដីព្រៃ រក្សាទុក របស់ រដ្ឋ ដោយខុសច្បាប់។ ចំណែកប្រជាពលរដ្ឋ អះអាង ថា ពួកគាត់មិនមានជម្រើសអ្វី ក្រៅពីការបន្តរស់នៅ កន្លែងដដែល នោះទេ ពីព្រោះមិនមានដីធ្លី និងមុខរបរ កន្លែងណាផ្សេង ដើម្បីចិញ្ចឹមជីវិតនោះឡើយ។
ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅឃុំឃ្សឹម ក្រាញននៀលនៅលើដីរបស់ពួកគាត់ដែលបានរុករានដោយសំអាងថា ប្រសិនបើពួកគេត្រឡប់មកស្រុកក៏គ្មានដី គ្មានមុខរបរសម្រាប់រស់សមរម្យនោះដែរ។
អ្នកស្រី ស៊ឹម ភា៖ «ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិហ្នឹងមានជាង ៥០០គ្រួសារ មានប្រជាជន ៥០០ខ្នងហ្នឹង ឥឡូវមានពួកទាហាន ប៉ូលិស គេមកឈូសឆាយ យកប៉េអឹម យកឡានយកអីមកឈូសឆាយ មកទាញផ្ទះហ្នឹងទាំងភ្លៀង។ តាំងពីមុនភ្លៀងរហូតដល់ភ្លៀងខ្លាំងក៏អត់មានឈប់ដែរ មកទាញផ្ទះហ្នឹងរំលំចោល... ថ្នាក់ប្រជាពលរដ្ឋហ្នឹងយំផងស្រែកផងក៏មិនមានអាណិតអាសូរដែរ ធ្វើបាបហ្នឹងធ្វើបាបហួសហេតុតែម្ដង»។
អ្នកស្រីអះអាងថា មានប្រជាពលរដ្ឋប្រមាណពី ៤០០ ទៅ ៥០០គ្រួសារ ត្រូវបណ្ដេញចេញនោះ បានបន្តរស់នៅកន្លែងដដែល ដោយបោះតង់នៅហាលវាល ហាលសន្សើម។
ប្រជាពលរដ្ឋម្នាក់ទៀត លោក ស្រូយ កា បានឱ្យដឹងដែរថា លោកនិងប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែផងនោះ ក៏ត្រូវបានអាជ្ញាធរបណ្តេញចេញពីដីនិងផ្ទះដែលបានកាន់កាប់ប្រមាណជា ២ឆ្នាំ ដោយអាជ្ញាធរបញ្ជាក់ថា ដីដែលពួកគាត់កំពុងកាន់កាប់នោះ គឺជាដីរក្សាទុករបស់រដ្ឋ និងជាចំណែករបស់ដីក្រុមហ៊ុនវៀតណាមមួយនៅទីនោះ។
ទាក់ទងនឹងបញ្ហានោះ អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ខ័ណ្ឌ ចំណាន មានប្រសាសន៍ថា ដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ដោយខុសច្បាប់នោះ ដំបូងឡើយគឺជាចំណែកដីរបស់ក្រុមហ៊ុនវៀតណាម មួយឈ្មោះ ប៊ិញ ហ្វឿក ២ ដែលរដ្ឋាភិបាលបានដកមកវិញចំនួន ៤ពាន់ហិកតារ ដោយមើលឃើញដីតំបន់នោះថា ជាតំបន់ព្រៃស្រោង ដើម្បីមករក្សាទុកជាដីរបស់រដ្ឋ។
លោកបន្តថា កន្លងមកអាជ្ញាធរក៏បានធ្វើការកាត់ដីពីក្រុមហ៊ុនប៊ិញហ្វឿក ប្រគល់ទៅឱ្យប្រជាពលរដ្ឋជាង ១០០គ្រួសាររួចហើយ ប៉ុន្តែប្រជាពលរដ្ឋផ្សេងនៅតែបន្តចូលមករុករានដីតំបន់នោះកាន់តែច្រើនឡើង ដូចនេះអាជ្ញាធរមានតែអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពតែប៉ុណ្ណោះ បន្ទាប់ខាងរដ្ឋបាលព្រៃឈើជម្រាបប្រជាពលរដ្ឋទាំងនោះតាំងពីខែមីនា ២០១៤។
លោក ខ័ណ្ឌ ចំណាន៖ «ប្រតិបត្តិការរបស់យើង គឺមានប្រសិទ្ធភាព បើទោះបីជាប្រើរយៈពេលខ្លីក៏ដោយ វែងក៏ដោយ ពេលនេះយើងនៅតែដាក់កម្លាំងរក្សាតំបន់ហ្នឹងដើម្បីឱ្យពួកគាត់យកអីវ៉ាន់យកអីចេញ។ យើងដាក់ការត្រួតពិនិត្យ ព្រោះតំបន់នេះមិនមានភូមិករ មិនមានការកាន់កាប់ដីស្របច្បាប់ និងមិនមានផ្លូវឆ្លងកាត់ព្រៃនេះទេ។ អ៊ីចឹងគឺយើងដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឱ្យចូល ព្រោះកាលណាចូលគឺគោលបំណងបំផ្លាញព្រៃតែប៉ុណ្ណឹងទេ»។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរឱ្យរុះរើចេញនោះ គឺមានមិនដល់ ១០០គ្រួសារនោះទេ ចំណែកឯរោងនិងផ្ទះ គឺមានប្រមាណជាជិត ២០០ប៉ុណ្ណោះ។ លោកបន្ថែមទៀតថា ក្រុមអាជ្ញាធរនៅបន្តអនុវត្តច្បាប់ចំពោះប្រជាពលរដ្ឋណាដែលបានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងដីរបស់ក្រុមហ៊ុនដែលរាជរដ្ឋាភិបាលបានផ្តល់សម្បទានស្របច្បាប់ ដើម្បីធានាដី និងព្រៃរបស់រដ្ឋឱ្យបានគង់វង្សនៅអាណត្តិទី៥ នេះ។
ដោយឡែក អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការរំលោភដីរបស់រដ្ឋដោយខុសច្បាប់នោះ ដំបូងឡើយមិនបានកើតចេញពីប្រជាពលរដ្ឋសាមញ្ញនោះទេ ប៉ុន្តែគឺកើតឡើងដោយអ្នកមានអំណាច មន្ត្រីគហបតីធំៗ ដែលមានតួនាទីនៅក្នុងជួររាជរដ្ឋាភិបាល។ លោកបន្តថា ការបង្ក្រាបរបស់អាជ្ញាធរនោះ នឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើរដ្ឋាភិបាលមិនគិតគូរជម្រើសណាមួយសមរម្យទៅដល់ប្រជាពលរដ្ឋទាំងនោះ។
លោក កែម ឡី៖ «ទាល់តែគាត់ឱ្យដីសម្បទានសេដ្ឋកិច្ចហ្នឹងមានសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ។ ទី២ គាត់ត្រូវរៀបចំប្រាក់ខែគោលអប្បបរមាហ្នឹងប៉ុន្មានដើម្បីឱ្យអ្នកដែលត្រូវអាស្រ័យផលសេដ្ឋកិច្ចហ្នឹងអាចរស់បាន។ ទី៣ បើគាត់អាចធ្វើបានអាដីសម្បទានសេដ្ឋកិច្ច ២លានហិកតារ ធ្វើម៉េចបើគាត់អត់អនុវត្តតាមច្បាប់ទៅហើយ ត្រូវប្រមូលធ្វើជាដីសម្បទានសេដ្ឋកិច្ចខ្នាតតូច ហើយក្រុមហ៊ុនហ្នឹងគឺជាអ្នកប្រមូលទិញ»។
លោកបន្ថែមទៀតថា ការបង្ក្រាបលើប្រជាពលរដ្ឋដែលមិនមានជម្រើសទាំងនោះវារឹតតែធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់សង្គម និងសរបញ្ជាក់ថា យន្តកាលរដ្ឋបាលសាធារណៈរបស់រដ្ឋលែងមានប្រសិទ្ធភាព ដោយសារតែមិនមានកំណែទម្រង់ពិតប្រាកដនិងការចូលរួមពេញលេញនោះ៕
No comments:
Post a Comment