ក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងវេទិកាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ នារាជធានីភ្នំពេញ។
អ្នកសារព័ត៌មាន ព្រួយបារម្ភ ចំពោះ ការប្រើហិង្សា
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ០៤ ឧសភា ២០១៤
អ្នកសារព័ត៌មាន កំពុងក្លាយជា គោលដៅ នៃការវាយប្រហារ ដ៏ហិង្សា ពីកងកម្លាំង បង្ក្រាបបាតុកម្ម របស់ រដ្ឋាភិបាល បន្ទាប់ពីអ្នកមាននិន្នាការ គាំទ្រ គណបក្ស នយោបាយ និងក្រុមបាតុករ។
ស្របពេលស្ថានការណ៍នយោបាយបន្តជាប់គាំងដូចនៅពេលនេះ អ្នករងគ្រោះដោយការប្រើហិង្សាក្នុងពេលមានបាតុកម្មកើតឡើងម្ដងៗ អ្នកសារព័ត៌មានបានក្លាយជាកម្មវត្ថុនៃការវាយប្រហារដោយមិនរើសមុខពីកម្លាំងបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាលក្នុងដំណាក់កាលចុងក្រោយនេះ។
ចំណែកក្រុមជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ មានទាំង អនឡាញ (Online) វិទ្យុ និងគេហទំព័រផង បានទាមទារឲ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការដោយទទួលខុសត្រូវខ្ពស់ចំពោះបញ្ហានេះមកលើអ្នកសារព័ត៌មាន។
របាយការណ៍របស់អង្គការយូណេស្កូ (UNESCO) ដែលអានដោយអ្នកស្រី អាននី ឡឺម៉េស្ស៍ (Anne Lemaistre) ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកបញ្ជាក់ថា គិតមកដល់ពេលនេះមានអ្នកកាសែតមិនតិចជាង ៦០០នាក់ហើយ នៅក្នុងពិភពលោកត្រូវបានគេសម្លាប់។ ភាគច្រើននៃការបាត់បង់ជីវិតរបស់ពួកគេ បន្តជ្រកក្រោមអំពើនិទណ្ឌភាពនៅឡើយ។
ប្រធានក្រុមបុគ្គលិកផ្នែកយកព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ លោក ជាង សុខា ចាត់ទុកថា ការព្យាយាមបង្ក្រាប និងរារាំងអ្នកសារព័ត៌មាន មិនអាចបានថតរូប និងផ្ដិតយករូបភាពណាមួយ បញ្ជាក់ថាគឺជាការប៉ុនប៉ងលាក់បាំងការពិតនូវសកម្មភាពប្រឆាំងការរំលោភសិទ្ធិមនុស្ស។ លោកបន្តថា អ្វីដែលអ្នកសារព័ត៌មានព្យាយាមចូលឲ្យដល់ហេតុការណ៍កើតឡើងនោះ ពុំមានចេតនាផ្សេងក្រៅពីចង់បានព័ត៌មានតែម្យ៉ាង ដើម្បីផ្សព្វផ្សាយឲ្យសាធារណជនបានដឹងនោះឡើយ។
លោក ជាង សុខា៖ «ទោះបីថាជាអ្នកសារព័ត៌មានអាជីព ឬមិនអាជីពក៏ដោយ ប៉ុន្តែពួកគាត់ក្នុងគោលបំណងចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយ ហើយពួកយើងមិនបានទៅធ្វើការអ្វីដែលគេហៅថា ជាញុះញង់អីទេ។ ជាព្រឹត្តិការណ៍ដែលវាកើតឡើង ហើយយើងយកដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ សាធារណជនឲ្យបានដឹង ឲ្យបានឮអំពីព្រឹត្តិការណ៍នេះប៉ុណ្ណោះ»។
អស់រយៈពេលជាង ២ទស្សវត្សមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣មក មានអ្នកកាសែតយ៉ាងតិច ១២នាក់ហើយនៅកម្ពុជា ត្រូវបានគេសម្លាប់ និងមួយចំនួនទៀតត្រូវរងរបួស។ ចំណែកអ្នកប្រព្រឹត្តបទល្មើស នៅមិនទាន់ត្រូវបានរកឃើញ និងយកទៅផ្ដន្ទាទោសនៅឡើយទេ។ ថ្មីៗនេះ ជាពិសេសក្រោយព្រឹត្តិការណ៍បោះឆ្នោតកាលពីខែកក្កដារួច។
និន្នាការនៅកម្ពុជា បានប្រែប្រួលយ៉ាងខ្លាំងក្នុងដំណាក់កាលចុងក្រោយនេះ ដោយហេតុថា មានអ្នកសារព័ត៌មានជាច្រើន ទាំងកាសែតក្នុងស្រុក និងបរទេស ត្រូវរងការវាយប្រហារដោយការប្រើហិង្សាពីកម្លាំងសមត្ថកិច្ចបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាល។ លើសពីនេះ ចរន្តថ្មីមួយទៀត គឺកងសន្តិសុខសាលារាជធានីភ្នំពេញ ឬហៅម្យ៉ាងទៀតថា ក្រុមអាវខ្មៅ។ ក្រុមនេះហើយ បានចុះបង្ក្រាបយ៉ាងសកម្មភាពរាល់មានបាតុកម្មកើតឡើង ជាពិសេសយុទ្ធសាស្ត្របង្ក្រាបចុងក្រោយ គឺប្រឆាំងអ្នកសារព័ត៌មាន។
ចំណែកអ្នកយកព័ត៌មានឲ្យគេហទំព័រ "ថ្មីៗ" កញ្ញា អ៊ីសា រ៉ហានី វិញ ដែលបានចូលរួមវេទិកាសេរីភាពសារព័ត៌មានពិភពលោក ឲ្យដឹងថា វាពិតជាគួរញញើតណាស់នៅពេលណារំលឹកដល់ព្រឹត្តិការណ៍នៃការបង្ក្រាបដ៏ហិង្សានៃក្រុមអាវខ្មៅរបស់សាលារាជធានីភ្នំពេញ ប្រឆាំងអ្នកតវ៉ា ជាពិសេសមកលើអ្នកសារព័ត៌មានម្ដងៗ រាល់ពេលពួកគេព្យាយាមផ្ដិតយករូបភាពនៃអំពើហិង្សា។ អ៊ីសា រ៉ហានី ថ្លែងថា នៅពេលទិសដៅនៃការបង្ក្រាបត្រូវគេងាកមកលើអ្នកសារព័ត៌មានវិញនេះ បានធ្វើឲ្យភាពក្លាហានក្នុងពេលកន្លងទៅរបស់ខ្លួន ត្រូវធ្លាក់ចុះមួយកម្រិត។
បើទោះជាបែបនេះក៏ដោយចុះ ក៏ អ៊ីសា រ៉ហានី នឹងនៅតែបន្តកិច្ចការរបស់ខ្លួន៖ «នៅពេលខ្លះយើងអត់ហ៊ានចូលទៅក្នុងសភាពការណ៍នោះទេ ដោយសារតែយើងឃើញអាជ្ញាធរមានដំបងមានអីអ៊ីចឹង។ យើងគួរឲ្យញញើតហើយខ្លាច ហើយយើងបានត្រឹមតែឈរហើយ Record រឿងយើងពីចម្ងាយអ៊ីចឹង ហើយពេលខ្លះ ក្នុងនាមយើងជាអ្នកកាសែត យើងចង់ចូលទៅជួយ ត្រូវគេវ៉ៃហ្នឹងដែរ។ប៉ុន្តែខ្ញុំស្រី ហើយខ្ញុំគិតថា ខ្ញុំអត់ហ៊ានចូលទៅ»។
ក្រោយពីហេតុការណ៍បង្ក្រាបដោយកងសន្តិសុខសាលារាជធានីភ្នំពេញ និងកម្លាំងបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាលប្រឆាំងក្រុមអ្នកតវ៉ាជាកម្មករ សកម្មជនគណបក្សនយោបាយ និងអ្នកមានជម្លោះដីធ្លី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរួចមក ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះចំណាត់ការនេះជាបន្តបន្ទាប់។
ភ្ជាប់នឹងបញ្ហានេះ ទាំងក្លឹបអ្នកកាសែតកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមកម្ពុជា ការពារអ្នកកាសែតជាដើម ចាត់ទុកថា សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១៤នេះ។ បណ្ដាញផ្សព្វផ្សាយ និងអង្គការសមាគមទាំងនេះ ទទូចសុំឲ្យរដ្ឋាភិបាលចេញបទបញ្ជាភ្លាមៗទៅកាន់កងកម្លាំងសន្តិសុខទាំងអស់ រួមទាំងកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល ឲ្យគោរពសេរីភាពសារព័ត៌មាន។
លោក ប៉ែន ប៊ុណ្ណា និពន្ធនាយកវិទ្យុបារាំងអន្តរជាតិ និងជាសមាជិកក្លឹបអ្នកកាសែតកម្ពុជាផង យល់ឃើញថា ស្ថិតក្នុងកាលៈទេសៈដូចនេះ រដ្ឋាភិបាលគប្បីចាត់វិធានការដោយម៉ត់ចត់ប្រឆាំងការប្រើហិង្សាមកលើអ្នកសារព័ត៌មាន ខណៈពួកគេបំពេញកិច្ចការតាមវិជ្ជាជីវៈហើយនោះ។
លោកបន្តថា៖ «មានកងសន្តិសុខវ៉ៃអ្នកកាសែតអត់រើសមុខ អ្នកសិទ្ធិមនុស្សអត់រើសមុខ។ ខ្ញុំគិតថា ជាបញ្ហាមួយធ្ងន់ធ្ងរ ដែលអាជ្ញាធររដ្ឋាភិបាលត្រូវតែចាត់វិធានការជាចាំបាច់ មិនអាចអនុញ្ញាតឲ្យកងសន្តិសុខធ្វើបាបអ្នកកាសែតបានទេ គឺជាកំហុសឆ្គងធ្ងន់ណាស់អាហ្នឹង»។
ប្រធានបទដែលនិយាយអំពីសុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា នីតិរដ្ឋធានាសុវត្ថិភាពអ្នកសារព័ត៌មាន និងប្រយុទ្ធប្រឆាំងនិទ្ទណ្ឌភាព ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ អង្គការដៃគូជាតិ និងអន្តរជាតិចូលរួមហើយនោះ ជាងនេះទៀត មានមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ទូតស៊ុយអ៊ែត និងសហគមន៍អឺរ៉ុប ក៏បានចូលរួមផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១ ខែឧសភា អង្គការឃ្លាំមើលសេរីភាពអន្តរជាតិ ហ្វ្រីដឹម ហោស (Freedom House) បានចេញរបាយការណ៍មួយស្ដីពីសិទ្ធិសេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០១៤ រកឃើញថា សេរីភាពផ្នែកសារព័ត៌មានបានធ្លាក់ចុះ។ របាយការណ៍នេះបន្តដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅក្នុងប្រទេសដែលគ្មានសេរីភាព។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ត្រូវបាន ហ្វ្រីដឹម ហោស ដាក់ចំណាត់ថ្នាក់ជាប់លេខរៀងទី១៤៧ ជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេស១៩៧។
ទោះជាបែបណា មន្ត្រីជំនាញរបស់រដ្ឋាភិបាលទទួលបន្ទុកវិស័យសារព័ត៌មាន គិតមកដល់ពេលនេះនៅមិនទាន់បានបង្ហាញជំហររបស់ខ្លួនជុំវិញហេតុការណ៍នេះនៅឡើយទេ។
រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ថាច់ ផែន អះអាងថា ការប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានពីសំណាក់ក្រុមកងកម្លាំងអាជ្ញាធរ គឺជាបញ្ហាដែលកើតឡើងដោយចៃដន្យ នៅពេលមានការអនុវត្តច្បាប់ម្ដងៗ ហើយជាទូទៅរដ្ឋាភិបាលពុំមានចេតនាបង្ករបួសស្នាមទៅលើអ្នកសារព័ត៌មានណាមួយនោះទេ ជាពិសេស រដ្ឋាភិបាលបានផ្ដល់សិទ្ធិយ៉ាងវិសាលភាពតាមរយៈបង្កើតស្ថានីយវិទ្យុ ទូរទស្សន៍ បោះពុម្ព អនឡាញ (Online) និងគេហទំព័រផង មិនតិចជាង ៥០០អង្គភាព និងស្ថាប័នទេក្នុងពេលបច្ចុប្បន្ននេះ។
ក្រៅពីការលើកឡើងនេះ លោក ថាច់ ផែន បានព្យាយាមគេចចេញពីការសាកសួររបស់ក្រុមអ្នកសារព័ត៌មាន ជុំវិញការទទួលខុសត្រូវរបស់ក្រសួងសាមី។ ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាល ហើយក៏ជាអ្នកទទួលបន្ទុកដ៏ធំមកលើសារព័ត៌មាននោះ គិតមកដល់ពេលនេះនៅមិនទាន់ឃើញមានប្រតិកម្មប្រឆាំងណាមួយនៅឡើយទេ។
លោក ថាច់ ផែន គ្រាន់តែបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ធ្វើយ៉ាងណាសូមអ្នកសារព័ត៌មានធ្វើអ្វីទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានដែលបានអនុម័តរួចហើយ កាលពីខែកញ្ញា ឆ្នាំ១៩៩៥ នោះ។
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចាត់ទុកថា ថ្វីបើច្បាប់នេះបានចូលជាធរមានហើយក៏ដោយចុះ តែថា មាត្រាមួយចំនួននៃច្បាប់នេះនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ ដែលជាហេតុធ្វើឲ្យមនុស្សអាចយកទៅបកស្រាយ ហើយងាយចោទប្រឆាំងអ្នកសារព័ត៌មាន។ លោកបន្តថា ដើម្បីទប់ស្កា់ត់បញ្ហានេះ ក្រៅពីអ្នកសារព័ត៌មានខ្លួនឯង ធ្វើសកម្មភាពដែលជាសារមួយក្នុងការប្រយុទ្ធប្រឆាំងការប្រើហិង្សាហើយនោះ លើសពីនេះទៀត គឺគប្បីងាកមករកផ្លូវច្បាប់វិញ ដើម្បីដាក់សម្ពាធបន្ថែមទៀត។
លោក ប៉ា ងួនទៀង៖ «ខ្ញុំថាយើងអត់មានវិធីក្រៅពីយើងប្រតិកម្មជាសាធារណៈតាមរយៈចេញសេចក្ដីថ្លែងការណ៍ ធ្វើ Report ដើម្បីឲ្យពិភពលោក ហើយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធហ្នឹងដឹងថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមយ៉ាងម៉េច ហើយរដ្ឋាភិបាលកំពុងតែធ្វើស្អីទៅលើអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា»។
ទោះជាបែបណា និន្នាការនៃការបង្ក្រាបនៅពេលនេះ មានការវិវត្តន៍ដែលក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយការប្រែប្រួលនៃចរន្តនេះ គឺបានប្តូររូបភាពដ៏ចម្លែកបំផុត។ ក្នុងន័យនេះ ទាំងអ្នកបង្ក្រាប និងអ្នកសារព័ត៌មាន បានប្រើប្រាស់ពួកការពារសុវត្ថិភាពពុំធ្លាប់មានពីមុនមក និងពេលខ្លះមានទាំងអាវក្រោះផង។ ការប្រើប្រាស់ឧបករណ៍ក្នុងសម័យបង្ក្រាបមិនរើសមុខនេះ គឺដើម្បីការពារសុវត្ថិភាពរៀងៗខ្លួន។ ក្រុមសន្តិសុខ បានប្រើដើម្បីបិទបាំងមុខកុំឲ្យគេស្គាល់។ ចំណែកអ្នកសារព័ត៌មានវិញ ឬក្រុមឃ្លាំមើលសិទ្ធិមនុស្ស ប្រើវាដើម្បីធ្វើជារបាំងរាល់ពេលមានការបង្ក្រាបកើតឡើង។
ជុំវិញបញ្ហានេះ តំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលចូលរួមទិវាសេរីភាពសារព័ត៌មាន កាលពីថ្ងៃទី៣ ឧសភា ចាត់ទុកថា ប្រសិនបើទង្វើដែលប្រព្រឹត្តិឡើងដោយក្រុមសន្តិសុខឯកជន និងកងកម្លាំងសន្តិសុខប្រឆាំងអ្នកសារព័ត៌មានដោយហិង្សាវាជាបទល្មើសឧក្រិដ្ឋ។ ហេតុនេះរដ្ឋាភិបាលត្រូវតែបើកការស៊ើបអង្កេតដោយម៉ត់ចត់ ដើម្បីប្រាកដថា អំពើទាំងនេះនឹងមិនជ្រកក្រោមស្លាកនៃអំពើនិទ្ទណ្ឌភាពទៀតនោះទេ៕
No comments:
Post a Comment