Paris Peace Accords 23 Oct. 1991

Thursday, May 1, 2014

ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​​ រាជធានី​-ខេត្ត ក្រុង​-​ស្រុក-​ខណ្ឌ ​​មិន​មាន​សកម្មភាព​ ឃោសនា​ ធំ​ដុំ

ការិយាល័យ​បោះ​ឆ្នោត​កាល​ពី​​​ថ្ងៃ​បោះឆ្នោត​​ឃុំ​សង្កាត់កន្លង​មក។
ការិយាល័យ​បោះ​ឆ្នោត​កាល​ពី​​​ថ្ងៃ​បោះឆ្នោត​​ឃុំ​សង្កាត់កន្លង​មក។

ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​​ រាជធានី​-ខេត្ត ក្រុង​-​ស្រុក-​ខណ្ឌ ​​មិន​មាន​សកម្មភាព​ ឃោសនា​ ធំ​ដុំ

 — ខណៈ​ដែល​ការ​បោះឆ្នោត ​ក្រុម​ប្រឹក្សា ​រាជធានី​-ខេត្ត ក្រុង​- ស្រុក-ខណ្ឌ នឹង​ចាប់​ឆ្នោត​នៅប្រហែល​ជាង​ ២​សប្តាហ៍​ ​ខាង​មុខ​នេះ គណបក្ស ​នយោបាយ ​ដែល​បាន​ចុះ​ឈ្មោះ ​ប្រកួត​ប្រជែង​​​ ក្នុង​ការបោះឆ្នោត ​អសកល​​ នេះ​ សុទ្ធ​តែ​បាន​បង្ហាញ​ សុទិដ្ឋិនិយម​ ថា​ នឹង​ទទួល​បាន​ជោគជ័យ​រៀងៗ​ខ្លួន។

មាន​គណបក្ស​នយោបាយ​ចំនួន​៥ ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​១៨​ខែ​ឧសភា​ខាង​មុខ​ ​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្រ្គោះ​ជាតិ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

ដោយ​ឡែក​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​ថ្នាក់​អសកល​នេះ​និង​ចាប់​ផ្តើម​នៅ​ពី​ថ្ងៃទី​០២​ដល់​១៦​ខែ​ឧសភា។​

លោក ជាម​ យៀប​ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​ គណបក្ស​របស់​លោក​បាន​ត្រៀមខ្លួន​រួច​រាល់​អស់​ហើយ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​ ទាំង​ការ​ចុះ​ណែនាំ​សមាជិក​របស់ខ្លួន​ និង​ការ​បំពេញ​បែប​បទតាម​លក្ខខណ្ឌ​ច្បាប់​ផ្សេងៗរបស់​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត។​

បន្ថែម​ពី​នោះ​ដែរ ​គណបក្ស​របស់​លោក​និងរៀប​ចំ​ពិធី​ជួប​ជុំ​សមាជិក​បក្ស​នៅ​តាម​ទី​ស្នាក់​ការ​សំខាន់ៗរបស់​គណបក្ស​នៅ​ទីក្រុង ​និង​បណា្ត​ខេត្ត។​

«គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រៀប​រយ​គ្រប់​បែប​យ៉ាង​អស់​ហើយ​ អត់​មាន​ខ្វះ​ចន្លោះ​អ្វី​ទេ។​ ការ​ឃោសនា​នេះ​យើង​រៀប​ចំ​តាម​ស្នាក់ការ​បស់​គណបក្ស​យើង តាម​គ្រប់​ថ្នាក់​ចូលរួម​ក្នុង​ស្នាក់​ការ​របស់​បក្ស​បាន​ហើយ។ អត់​មាន​ហែរ​ក្បួន​អត់​មាន​អ្វីទេ»។​

ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​រៀប​ចំការ​ជួប​ជុំ​និង​ដើរ​ដង្ហែ​ក្បួន​ឃោសនារបស់ខ្លួន​ចាប់​ពី​ថ្ងៃទី​០២​ខែ​ឧសភា​ត​ទៅ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ថែម​សកម្មភាព​ឃោសនា​នេះ​នឹង​ធ្វើឡើង​នៅ​គ្រប់​រាជធានី​ ខេត្ត​ក្រុង ស្រុក​ខណ្ឌ​ដែល​គណបក្ស​បាន​ឈរ​ឈ្មោះ។​

ក្រឡេក​មក​មើល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ លោក​ញឹក​ ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​របស់​គណបក្សនេះ​ថ្លែង​ថា ​ជា​ជំហាន​ដំបូង​ គណបក្ស​របស់​លោក​បាន​បំពេញ​រាល់​សំណុំ​បែប​បទ​ទាំងអស់​របស់​គ.ជ.ប. ហើយ​រហូត​មក​ទល់​បច្ចុប្បន្ន​ គណបក្ស​របស់​លោក​បាន​នឹង​បន្ត​សកម្មភាព​ចុះ​ណែនាំ​សមាជិក​របស់​ខ្លួននៅ​តាម​បណ្តា​ទី​តាំង​របស់​គណបក្ស។​

«បេក្ខភាព​អ្វី​ហ្នឹង​យើង​បានធ្វើ​អស់​ហើយ​ទៅ​តាម​ខេត្ត​ និង​ស្រុក​ដែល​យើង​គិត​ថា​ អាច​នឹង​ទទួល​បាន​សំឡេង។​ ការ​ឃោសនា​មិន​ធំ​ដូច​ការ​បោះឆ្នោត​សាកល​ទេ​ យើង​បាន​ចុះ​ទៅ​ពន្យល់​សមាជិក​របស់​យើង​អំពី​គោលការណ៍​របស់​បក្ស»។​ ​

រី​ឯ​លោក​ចាន់​ យ៉េត ​ដែល​ជា​អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​របស់គណបក្សវិញ​ថ្លែង​ថា គណបក្ស​របស់​លោកនឹង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ​នៅ​ខេត្ត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា​ គណបក្ស​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ដែរ ​ដោយ​បាន​ចុះ​ជួប​មន្ត្រី​សមាជិក​របស់​ខ្លួន​ឲ្យ​យល់​ដឹង​ពី​គោលការណ៍​របស់​គណបក្ស​ជាដើម។

«យើង​ពន្យល់​សមាជិក​របស់​យើង​ដែល​យើង​ដាក់​បេក្ខភាព ​ឲ្យ​យល់​ដឹង​ពី​កន្លែង​ដែល​ត្រូវ​គូស​ និង​ពន្យល់​ពួក​គាត់​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ដឹកនាំ​នៅ​កន្លែង​របស់​យើង​ហ្នឹង»។​

គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ខឹម​ វាសនា​ផ្តោត​ការពង្រឹក​ការ​ផ្សព្វផ្សាយ​អំពី​គោល​ការណ៍​របស់​គណបក្ស​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្តល់​ដោយ​គ.ជ.ប. និង​តាម​រយៈ​ទូរទស្សន៍​ ក៏​ប៉ុន្តែ​នឹង​មិន​មាន​ការ​ដើរ​ដង្ហែ​ក្បួន​ឃោសនា​គណបក្ស​ទេ។ ​នេះ​បើ​យោង​តាម​លោក​ខឹម វាសនា។​

«ការ​ឃោសនា​យើង​មិនធ្វើ​ជា​ទ្រង់​ទ្រាយ​ធំ​អ្វី​ផង​ ដោយសារ​មិនមែន​ប្រជាពលរដ្ឋ​មក​បោះឆ្នោត​អ្វី​ផង។​ ​អញ្ចឹង​ទៅ​យើង​ធ្វើ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ហើយ​និង​តាម​វិទ្យុ​របស់​យើង»។​

ស្រប​ពេល​ជាមួយ​គ្នានេះ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ជំរុញឲ្យ​មន្ត្រី​គណបក្ស​នយោបាយ​ទាំង​អស់ពង្រឹង​ការ​រៀបចំ​ឯកសារ​ ​ហើយ​ប្រសិន​បើ​មាន​ជាពាក្យ​បណ្តឹង​ទាក់​ទង​នឹង​ការឃោសនា​បោះឆ្នោត​ ​ ការ​រាប់​សន្លឹក​ឆ្នោត​ និង​លទ្ធិផល​នៃ​ការ​បោះឆ្នោត​នោះ គេ​ត្រូវ​គោរព​តាម​ច្បាប់។​

ទោះ​បី​ជាយ៉ាង​ណា​ក្តី​ ​លោក​គុល​ បញ្ញា​ ប្រធាន​គណៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ (Comfrel)​ ថ្លែង​ថា​ លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​នេះទេ​ ដោយ​ចាត់ទុក​ថា​ ការ​បោះឆ្នោត​នេះ​គ្មាន​ប្រជា​ធិបតេយ្យ​ និង​គ្មាន​អត្ថន័យ។

«ការ​បោះឆ្នោត​ហ្នឹង​គ្មាន​អត្ថន័យ​ ហើយ​គ្មាន​ប្រជា​ធិប​តេយ្យ​ទៀត។​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​គាត់​ចេញ​ពី​គណបក្ស​ហ្នឹង។​ គេ​ហៅ​ថា​ ការ​បោះឆ្នោត​អសកល​ ហើយ​ប្រើ​ប្រព័ន្ធ​សមាមាត្រ។ ​គេ​មិន​ដែល​អនុវត្ត​ទេ​នៅ​ពិភពលោក​ហ្នឹង»។

គ.ជ.ប.​បាន​ឲ្យ​ដឹងថា​ ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ និង​ខណ្ឌ​នៅ​ឆ្នាំ​២០១៤​នេះ​នឹង​មាន​អ្នក​បោះឆ្នោត​សរុប​ជិត​ ១១៤៥៩​នាក់​ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង​១៩៧​ការ​រិយាល័យ៕​


No comments:

Post a Comment