ក្រុមសមត្ថកិច្ច ដែលថតបាន ពេលប្រើហិង្សាលើអ្នកសារព័ត៌មាន និងពលរដ្ឋ ក្នុងទិវាពលកម្មអន្តរជាតិ ០១ ឧសភា (រូបថត តាត ឧត្តម)
បក្សប្រឆាំង មន្ត្រី សិទ្ធិមនុស្ស និងអ្នកជំនាញ ជំរុញ ក្រសួងព័ត៌មាន រកយុត្តិធម៌ ដល់ អ្នកសារព័ត៌មាន ជាជាង ការអំពាវនាវ
ដោយ៖ តាំង វីដា / វិអូឌី | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
គណបក្ស ប្រឆាំង មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញ សារព័ត៌មាន ជំរុញឲ្យ ក្រសួងព័ត៌មាន ក្នុងនាមជាស្ថាប័នសាម៉ី ត្រូវចេញមុខ ចាត់វិធានការ ជាសកម្មភាព រកយុត្តិធម៌ តាមផ្លូវច្បាប់ ជូនដល់អ្នកសារព័ត៌មាន ជាជាង ការអំពាវនាវ លើក្រដាស។
ការលើកឡើងនេះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញថា ការរគំរាមកំហែង ការប្រើហិង្សា និងការប្រមាថអ្នកសារព័ត៌មាន កើតមានឡើងដោយក្រុមបាតុករ ជនខិលខូច ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច ដែលខ្វះវិន័យ ក្នុងគ្រាដែលមានការតវ៉ា កន្លងមក។ ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ក្រុមអ្នកតវ៉ា បាតុករ ពិសេសគឺ សមត្ថកិច្ច កងកម្លាំងរក្សាសន្តិសុខ ប្រកាន់យកនូវការអនុវត្តសិទ្ធិសេរីភាព និងសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់ថា ការអំពាវនាវលើក្រដាស មិនមានប្រសិទ្ធិភាពលើការអនុវត្តរបស់អាជ្ញាធរនោះទេ។ លោកថា ក្រសួងព័ត៌មាន មានតួនាទីសំខាន់ក្នុងការកោះប្រជុំ ពន្យល់ណែនាំដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពីសិទ្ធិ សេរីភាព និងការការពារអ្នកសារព័ត៌មាន ៖«គឺសាលាក្រុង តែងតែនិយាយថា ខ្លួនឯងមិនដឹងទេ នូវអ្វីដែលកើតឡើង តែតាមពិត យើងដឹងច្បាស់ថា ពួកសន្តិសុខទាំងអស់ហ្នឹង បើសិនជាគ្មានបញ្ជាទេ ក៏មិនហ៊ានប្រើអំពើហិង្សាដែរ អញ្ចឹងបើសិនមានអំពើហិង្សាបែបហ្នឹង ម៉េចក៏មន្រ្តីប៉ូលិស ដែលមានវត្តមាននៅទីនោះ ម៉េចមិនរារាំង កុំឲ្យពួកហ្នឹង ទៅវាយប្រហារលើសាធារណៈជន និងអ្នកសារព័ត៌មាន ព្រោះអី យើងឃើញថា រូបភាពនៃការប្រើហិង្សាហ្នឹង វាអាក្រក់ពេក ឃោឃៅមែនទែន។»
មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត គិតថា អ្នកសារព័ត៌មានបច្ចុប្បន្ន កំពុងជួបហានិភ័យខ្ពស់ ពីការបង្ក្រាបរបស់អាជ្ញាធរ ដែលទាមទារឲ្យស្ថាប័នទទួលបន្ទុក ត្រូវបង្កើតយន្តការបន្ទាន់ការពារ មិនមែនត្រឹមការចេញសេចក្តីថ្លែងការណ៍ត្រឹមល្អមើលនោះទេ។
VOD មិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធិ បានទេ ដោយទូរស័ព្ទចូលតែលោក មិនលើក។
សម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ទទួលស្គាល់ថា ហិង្សាទាំងនេះ គឺមានខ្លះផ្តើមចេញដោយអាជ្ញាធរមានសមត្ថកិច្ចពិតមែន តែលោក ជឿជាក់ថា នេះក៏បណ្តាលមកពីអ្នកសារព័ត៌មានមួយចំនួន ខ្វះនូវក្រមសីលធម៌ បង្កើតជម្លោះ និងមិនបានសហការជាមួយអាជ្ញាធរ ក្នុងស្ថានភាពច្របូកច្របល់នោះ ៖«អ្នកដែលទៅ បងប្អូនអ្នកសារព័ត៌មានយើងខ្លះ ក៏មិនមែនអ្នកសារព័ត៌មានបែបសីលធម៌ដែរ អ្នកខ្លះគាត់ចូលរួមចំណែកជេរគេដែរ ហៅសុទ្ធតែអាប៉ូលិសយួន អាប៉ូលិសអី វាអាចប៉ះហើយបែបហ្នឹង អញ្ចឹងយើងសុំឲ្យយោគយល់ អ្វីដែលយល់ល្អ ប្រសិនបើសមត្ថកិច្ច គេថាកុំឲ្យធ្វើអី យើងធ្វើតាមគេទៅ ព្រោះយើងអ្នកកាសែត ពេលទៅយកព័ត៌មានពេលបាតុកម្ម ត្រូវឈរខាងសមត្ថកិច្ច បែរមុខទៅបាតុករ ហ្នឹងបានវាមិនត្រូវ (រងការវាយ)។»
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ឆ្នាំ២០១៤នេះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលើកឡើងថា ការដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រងការគំរាមកំហែង និងរងការវាយដំពីសំណាក់អាជ្ញាធរកម្ពុជាកន្លងមកនេះ គឺកើតឡើងដោយសារការចៃដន្យតែប៉ុណ្ណោះ ដែលនេះជាការឆ្លើយតបទៅនឹងហិង្សា ដែលកើតមាននៅថ្ងៃទី០១ នៃទិវាពលកម្មអន្តរជាតិ និងថ្ងៃទី០២ឧសភា ដែលបណ្តាលឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មានប្រមាណ ១០អង្គ/នាក់ បានរងរបួសធ្ងន់និងស្រាល៕
No comments:
Post a Comment