លោកស្រី ហ្វ្លាវៀ ផាន់សៀរី (Flavia Pansieri) ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃសុក្រទី ០២ ខែឧសភា ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់ សិទ្ធិមនុស្ស អ.ស.ប សោកស្តាយ ដែលសេរីភាព នៅកម្ពុជា កាន់តែធ្លាក់ចុះ
ឃួន ធារ៉ា / វីអូអេ | ០៣ ឧសភា ២០១៤
ភ្នំពេញ — ឧត្តមស្នងការរង ផ្នែកសិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ លោកស្រី ហ្វ្លាវៀ ផាន់សៀរី (Flavia Pansieri) បានវាយតម្លៃ ថា សេរីភាពបញ្ចេញមតិ នៅប្រទេសកម្ពុជា មានការធ្លាក់ចុះធ្ងន់ធ្ងរ នៅឆ្នាំ២០១៤នេះ និងបានអំពាវនាវ ឱ្យរដ្ឋាភិបាលកម្ពុជា ដកបម្រាម ធ្វើបាតុកម្ម ចេញជាបន្ទាន់។ លោកស្រី បានសង្កត់ធ្ងន់ យ៉ាងដូច្នេះ ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានបញ្ចប់ ដំណើរទស្សនកិច្ច រយៈពេល ប្រាំថ្ងៃ របស់ខ្លួន នៅប្រទេសកម្ពុជា។
«ខ្ញុំមានការសោកស្តាយនឹងត្រូវបានវាយតម្លៃថា វាមានសភាពកាន់តែធ្ងន់ធ្ងរទៅនៅឆ្នាំ២០១៤ នៅក្នុងកម្រិតមួយដែលសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំនៅក្នុងប្រទេសកម្ពុជាមិនត្រូវបានធានា។ បម្រាមមិនឱ្យធ្វើបាតុកម្ម ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៤ មករា គឺជាបញ្ហាដែលខ្ញុំបានលើកឡើងជាមួយអាជ្ញាធរក្នុងឱកាសជាច្រើនក្នុងសប្តាហ៍នេះ។ ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់ដើម្បីដកបម្រាមនេះចេញដោយគ្មានការយឺតយ៉ាវទៀតឡើយ និងដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់អាចអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំរបស់គេបាន។»
លោកស្រីFlavia Pansieri បានគូសបញ្ជាក់ថានាពេលកន្លងមករដ្ឋាភិបាលបានប្រើកម្លាំងហួសហេតុដើម្បីបង្ក្រាបបាតុកម្ម និងចេញបម្រាមហាមឃាត់ការប្រមូលផ្តុំ និងការបិទទីលានប្រជាធិបតេយ្យជាដើម។ ការបង្ក្រាបបាតុកម្មដ៏ប្រល័យនៅចន្លោះខែកញ្ញា ឆ្នាំ២០១៣ និងខែមករា ឆ្នាំ២០១៤ បានបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៦នាក់។ ក្នុងនោះបួននាក់ស្លាប់ក្នុងការបង្ក្រាបលើហ្វូងបាតុករជាកម្មកររោងចក្រនៅថ្ងៃទី២និងទី៣មករា ចំណែកឯ៤០នាក់ទៀតរងរបួស និងឃាត់ខ្លួនជាង២០នាក់។
លោកស្រីកត់សម្គាល់ឃើញថាមកទល់ពេលនេះ របាយការណ៍ស៊ើបអង្កេតស្តីពី ការស្លាប់មនុស្សពុំទាន់ត្រូវបានផ្សព្វផ្សាយ និងគ្មាននរណាម្នាក់ត្រូវបានឱ្យទទួលខុសត្រូវនៅឡើយ។ លោកស្រីបានអំពាវនាវដល់អាជ្ញាធរឱ្យខិតខំចាប់ជនល្មើសមកកាត់ទោសដោយគ្មានការយឺតយ៉ាវ។
លោកស្រីFlavia Pansieri ក៏បានរិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចទៅលើហ្វូងបាតុករនិងអ្នកឈរមើលកាលពីថ្ងៃម្សិលមិញផងដែរ។
«ខ្ញុំមានការក្រៀមក្រំយ៉ាងក្រៃលែងដោយដឹងថា កាលពីម្សិលមិញ មានការវាយដំទៅលើបុរសម្នាក់នៅទីលានប្រជាធិបតេយ្យ ពីសំណាក់ក្រុមសន្តិសុខខណ្ឌ។ ខ្ញុំក៏មានការព្រួយបារម្ភផងដែរ ដោយដឹងថា មានអ្នកសារព័ត៌មានមួយចំនួនត្រូវបានវាយដំពីសំណាក់ក្រុមសន្តិសុខនៅពេលពួកគេកំពុងព្យាយាមថតរូប។ ការប្រើកម្លាំងហួសហេតុនាំឱ្យមានការព្រួយបារម្ភជាខ្លាំងពីតួនាទីរបស់ក្រុមសន្តិសុខខណ្ឌ ក្នុងការដោះស្រាយរឿងបាតុកម្ម និងសណ្តាប់ធ្នាប់សាធារណៈ។»
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Flavia Pansieri បានជួបជាមួយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជួបជាមួយអាជ្ញាធរ សង្គមស៊ីវិល ជនជាប់ចោទនៅពន្ធនាគារ និងប្រជាពលរដ្ឋរងគ្រោះដោយការបណ្តេញចេញដោយបង្ខំជាដើម។
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុក ថ្លែងក្រោយសន្និសីទកាសែតនេះថាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា និងជាការដាក់សម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោក ចាន់ សូវ៉េត យល់ថាលោកស្រី ផាន់សៀរី គួរប្រើពាក្យធ្ងន់ជាងនេះទៅកាន់រដ្ឋាភិបាលកម្ពុជា។
«អ្នកស្រីនៅមិនទាន់និយាយឱ្យត្រង់ ឱ្យចំទៅលើរដ្ឋាភិបាលកម្ពុជា ដែលកំពុងខ្វះខាតដោយផ្ទាល់ តួយ៉ាងការគោរពសិទ្ធិមនុស្ស។ ត្រូវតែនិយាយឱ្យដាច់ប៉ិតតែម្តងថាការបិទទីលានប្រជាធិបតេយ្យហ្នឹង ត្រូវតែដោះលែងមនុស្សដែលកំពុងតែចាប់ឃុំខ្លួនហ្នឹង ឱ្យមានសេរីភាពរួចផុតពីការចោទប្រកាន់ឡើងវិញ ត្រូវតែជំរុញឱ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋ ដកបម្រាមទាំងឡាយនោះត្រឡប់មកវិញ។ នេះជាអ្វីខ្ញុំគិតថាត្រូវតែធ្វើ។ នេះគឺជាពាក្យ«ត្រូវតែ» មិនមែនគ្រាន់តែជា«សំណូមពរ»ឬក៏«សោកស្តាយ» ទេ។»
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានការពារចំណាត់ការរបស់រដ្ឋាភិបាលនាពេលកន្លងមកថាដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន បន្ថែមថារដ្ឋាភិបាលនឹងបើកឱ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យឡើងវិញ នៅពេលស្ថានការណ៍វិវត្តន៍មកសភាពធម្មតាវិញ។
«ការអំពាវនាវនេះល្អហើយ។ យើងមិនមានបំណងបិទជាអចិន្ត្រៃយ៍ទេ គឺយើងបើកមកវិញ នៅពេលស្ថានភាពស្រួលបួល។ អ្វីជាការបញ្ចេញមតិ យើងនៅតែគោរព យន្តការនៃការបញ្ចេញមតិ និងស្មារតីនៃគំនិតនៃការបញ្ចេញមតិ គេអាចធ្វើគ្រប់កន្លែងបាន នៅទីស្នាក់ការរបស់គេ ក៏ដូចជាកន្លែងផ្សេងទៀត។»
ដំណើរទស្សនកិច្ចរបស់លោកស្រីឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហ្វ្លាវៀ ផាន់សៀរី ធ្វើឡើងស្របពេលដែលវិបត្តិនយោបាយកម្ពុជាបានអូសបន្លាយចំនួនជាងប្រាំបួនខែមកហើយ ហើយស្របពេលដែលមានអំពើហិង្សាជាច្រើនកើតឡើងក្រោយពីការបោះឆ្នោត៕
No comments:
Post a Comment