Paris Peace Accords 23 Oct. 1991

Wednesday, June 18, 2014

សហព័ន្ធ ​ខ្មែរ​ក្រោម ​ទទូច ​ឲ្យ​តំណាង​ អ.ស.ប.​ ជួប​ពលរដ្ឋ​ ខ្មែរ​ក្រោម ​ផ្ទាល់ ​នៅ​កម្ពុជា​ក្រោម

សហព័ន្ធ ​ខ្មែរ​ក្រោម ​ទទូច ​ឲ្យ​តំណាង​ អ.ស.ប.​ ជួប​ពលរដ្ឋ​ ខ្មែរ​ក្រោម ​ផ្ទាល់ ​នៅ​កម្ពុជា​ក្រោម

RFA | ១៨ មិថុនា ២០១៤
ថាច់ង៉ុកថាច់៣០៥
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) Photo: RFA

សហព័ន្ធ ​ខ្មែរ កម្ពុជា​ក្រោម អំពាវនាវ​ ឲ្យ​តំណាង​ អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ សិទ្ធិ​ជំនឿ​ សាសនា ចុះ​ជួប​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ​ខ្មែរ​ក្រោម ដើម្បី​ ស្វែង​យល់​ ពី​ស្ថានភាព សិទ្ធិ​ជំនឿ​ សាសនា ក្នុង​ពេល​ ដែល​តំណាង ​អង្គការ​ សហប្រជាជាតិ ទៅ​ធ្វើ​ ទស្សនកិច្ច​ នៅ​ប្រទេស​ វៀតណាម នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ នៅ​ពេល ​ដែល​សហព័ន្ធ​ ខ្មែរ​ កម្ពុជា​ក្រោម យល់​ឃើញ​ថា, ប្រទេស​វៀតណាម មិន​ទាន់​បាន​ គោរព​ ឲ្យ​បាន​ពេញ​លេញ ​ចំពោះ​ សិទ្ធិ​ជំនឿ​ សាសនា ​របស់​ ខ្មែរ​ក្រោម ដូច​ដែល​វៀតណាម បាន​សន្យា​ ចំពោះ​ អង្គការ​ សហប្រជាជាតិ និង​សហគមន៍ ​អន្តរជាតិ​ នៅ​ឡើយ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ទទូច​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្មែរ​ក្រោម ជាពិសេស​សិទ្ធិ​ជំនឿ​សាសនា​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម ក្នុង​ពេល​ពួក​គេ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុក ថាច់ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​ការងារ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា បាន​ចូល​ជួប​តំណាង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ជម្រាប​ប្រាប់​ពួក​គេ​អំពី​ស្ថានភាព​សិទ្ធិ​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ ខ្មែរ នៅ​ដែន​ដី​កម្ពុជា​ក្រោម និង​ដើម្បី​ស្នើសុំ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ជួយ​ពិនិត្យ​មើល​ស្ថានភាព​ពិត​ប្រាកដ​នៅ​ទីនោះ ថា​តើ​អ្វី​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ វា​ដូច​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម តែង​អះអាង​ប្រាប់​អង្គការ​សហប្រជាជាតិ ដែរ​ឬ​ទេ?

លោក​បន្ត​ថា ការ​រឹតត្បិត និង​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជំនឿ​សាសនា​នៅ​កម្ពុជា​ក្រោម នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​អត្តសញ្ញាណ​ផ្សេងៗ​ទៀត​របស់​ខ្មែរ​ ក្រោម​ទាំង​មូល ដូចជា ប្រពៃណី វប្បធម៌ និង​អក្សរសាស្ត្រ ជាដើម។ លោក​កត់​សម្គាល់​ទៀត​ថា ខុស​ពី​ខ្មែរ​ក្រោម​សម្រាប់​ជនជាតិ​យួន វិញ បើ​ទោះ​ណា​ជា​រដ្ឋាភិបាល​វៀតណាម រឹតត្បិត​ទៅ​លើ​ជំនឿ​សាសនា​របស់​ពួក​គេ​ក្តី ក៏​ជនជាតិ​យួន ទាំងអស់​នោះ​នៅ​តែ​អាច​ថែ​រក្សា​ភាសា ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ពួក​គេ​បាន​ដដែល។

លោក ថាច់ ង៉ុក ថាច់៖ «បញ្ហា​ជំនឿ​សាសនា​វា​ប៉ះពាល់​ច្រើន ដូចជា​កាល​ណា​ប៉ះពាល់​ដល់​ជំនឿ​សាសនា​របស់​បង​ប្អូន​ខ្មែរ​ក្រោម យើង​គឺ​ទាក់ទង​ដល់​រឿង​ភាសា​ហ្នឹង​ផង ទំនៀមទម្លាប់​ហ្នឹង​ផង ការ​សិក្សា​ជា​ភាសា​ខ្មែរ​ហ្នឹង​ផង ហើយ​ជំរុញ​ឲ្យ​មនុស្ស​មាន​ការ​ភ័យ​ខ្លាច។ ដូច្នេះ​យើង​ឃើញ​ថា បាត់​ទូទៅ​ទាំងអស់ គ្រាន់​តែ​ប៉ះ​រឿង​ជំនឿ​សាសនា​មួយ។»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម របស់​បេសកជន​ពិសេស​នៃ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​វប្បធម៌ អ្នកស្រី ហ្វារីដា សាហីដ (Farida Shaheed) អង្គការ​តំណាង​ប្រជាជាតិ​គ្មាន​អ្នក​តំណាង ហៅ​កាត់​ថា យូ.អ៊ិន.ភី.អូ (UNPO) ដែល​មាន​ខ្មែរ​ក្រោម​ជា​សមាជិក​ដែរ​នោះ ក៏​បាន​ទទូច​ឲ្យ​បេសកជន​ពិសេស​រូប​នេះ ចុះ​ជួប​សហគមន៍​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម ដោយ​អង្គការ​មួយ​នេះ​សិក្សា​ឃើញ​ថា សិទ្ធិ​សេរីភាព​ផ្សេងៗ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដូចជា សិទ្ធិ​ប្រតិបត្តិ​សាសនា ការ​សិក្សា​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម រំលោភ​បំពាន។

មិន​ខុស​ពី​លើក​មុន​ដែរ ដំណើរ​ទស្សនកិច្ច​របស់​តំណាង​អង្គការ​សហប្រជាជាតិ នៅ​ខែ​ក្រោយ​នេះ ក៏​ស្រប​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៦​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង កាត់​ទោស​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ៦​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ពី​បទ​នាំ​មនុស្ស​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ពី​បទ​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជាដើម។

លោក ថាច់ ង៉ុក ថាច់ បាន​អំពាវនាវ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ចុះ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ពិសេស​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​វត្ត​ព្រៃជាប់ និង​វត្ត​សិរីតាសេក ក្នុង​ស្រុក​ជ្រោយញ ខេត្ត​ឃ្លាំង និង​ព្រះសង្ឃ​នៅ​តាម​ទីក្រុង និង​ខេត្ត​ផ្សេង​ទៀត ដូចជា នៅ​ក្រុង​ព្រៃនគរ ខេត្ត​ព្រះត្រពាំង និង​ខេត្ត​មាត់ជ្រូក ជាដើម៕



No comments:

Post a Comment