លោក ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី។
លោក ហ៊ុន សែន ព្រមឲ្យ បក្សប្រឆាំង មានស្ថានីយទូរទស្សន៍ តែមិន បោះឆ្នោត ឡើងវិញ
ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ១០ មិថុនា ២០១៤
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានលេចមុខ មកវិញហើយ បន្ទាប់ពី មានព័ត៌មានចចាមអារ៉ាម ថា លោក មានជំងឺដាច់សរសៃឈាម ប៉ុន្មានថ្ងៃ កន្លងមកនេះ។ ការលេចមុខ របស់ លោក ហ៊ុន សែន នេះ លោក បានបន្ទន់ឥរិយាបថ ក្នុងការចរចា គឺយល់ព្រម តាមការស្នើសុំ របស់ គណបក្ស សង្គ្រោះជាតិ ដែលទាមទារ ឲ្យដាក់ ស្ថាប័ន គ.ជ.ប ទៅជាស្ថាប័នធម្មនុញ្ញ អនុញ្ញាតឲ្យ គណបក្ស ប្រឆាំង មានស្ថានីយទូរទស្សន៍ តែ លោក មិនព្រមបោះឆ្នោត ឡើងវិញនោះទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានស្វាគមន៍ចំពោះការលើកឡើងនេះ ដែលស្របទៅតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ហើយថា នេះជាដំណឹងល្អមួយឈានទៅរកដំណោះស្រាយរបស់បញ្ហាប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ញើសារពីរចំណុចសំខាន់ៗ ទាក់ទងនឹងការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីរកដំណោះស្រាយនយោបាយ និងបានបដិសេធពាក្យចចាមអារ៉ាមថា លោកមានជំងឺដាច់សរសៃឈាមក្នុងក្បាល។
លោក ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះសួរសុខទុក្ខជនពិការតំបន់កោះស្លា ស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ដោយជំរុញឲ្យគណបក្សសង្គ្រោះជាតិ ស្នើសុំអាជ្ញាប័ណ្ណទូរទស្សន៍តាមរយៈការបង្កើតក្រុមហ៊ុនឯកជន មិនអាចស្នើសុំក្នុងនាមគណបក្សបានទេ ដូចដែលលោកធ្លាប់បាននិយាយជាមួយ លោក សម រង្ស៊ី តាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសា កន្លងទៅ។ ក្រៅពីនេះ លោក ហ៊ុន សែន អះអាងថា លោកក៏ព្រមឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមសំណើរបស់គណបក្សសង្គ្រោះជាតិ៖ «ឥឡូវខ្ញុំប្រាប់ទៅ ខ្ញុំឯកភាពហើយ ខាងគណបក្សប្រជាជនកម្ពុជា ឯកភាពដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅក្នុងជំពូកទី១៥ ថែមមួយ១ជំពូកទៀត ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថែម១ជំពូក ទី១៥ ចែកពី គ.ជ.ប តួនាទី និងភារកិច្ចរបស់វា និងការជ្រើសតាំងអ្នកឯងចង់បានអាហ្នឹង យើងឲ្យអាហ្នឹងវាគ្មានពិបាកទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ។ លោកបញ្ជាក់ថា នេះជារបត់នយោបាយថ្មីមួយដែលឈានដល់គណបក្សទាំងពីររកដំណោះស្រាយនយោបាយបាន។ ហើយគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាគ្នាអំពីបញ្ហាដែលថា លោក ហ៊ុន សែន មិនព្រមបោះឆ្នោតមុនអាណត្តិនេះ។ លោកលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ នឹងបញ្ជូនតំណាងរបស់ខ្លួនជួបជាមួយតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ពេលជួបគ្នាច្បាស់លាស់៖ «រឿងប្រព័ន្ធទូរទស្សន៍នេះជាសំណើ១របស់គណបក្សសង្រ្គោះជាតិ យើងមិនមែនសុំដើម្បីគណបក្សសង្គ្រោះជាតិ ទេ យើងចង់ឲ្យខ្មែរយើងគ្រប់និន្នាការនយោបាយ គ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល អ្នកធ្វើការឯករាជ្យ បានផ្សព្វផ្សាយ យើងមិនមែនចង់ឲ្យគណបក្សនយោបាយគ្រប់គ្រងផ្ដាច់មុខតែម្នាក់ឯង»។
លោក ហ៊ុន សែន បានព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែមិនចូលសភាទេ គណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរដ្ឋាភិបាលឯកបក្ស ហើយបើសិនជាមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែបន្តចលាចលនោះ លោកនឹងចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះគ្មានអភ័យឯកសិទ្ធិនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ពេលនេះជាឱកាសសំខាន់មួយដែលអ្នកនយោបាយខ្មែរ ត្រូវតែឯកភាពជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ លោកបញ្ជាក់ថា ការបន្ទន់ឥរិយាបថរបស់ លោក ហ៊ុន សែន នៅពេលនេះ ជារឿងល្អសម្រាប់ការផ្សះផ្សាជាតិ ពីព្រោះបញ្ហាជាប់គាំងនយោបាយជិត ១០ខែមកនេះ គ្មានអ្វីធ្វើឲ្យប្រទេសជាតិរីកចម្រើននោះទេ៖ «ប្រទេសជិតខាងម្ខាង សង្គ្រាមផ្ទៃក្នុងម្ខាងទៀតទំនាស់អន្តរជាតិ អ៊ីចឹងខ្មែរមានឱកាសច្រើនណាស់ បើសិនជាខ្មែរឯកភាពជាតិ ហើយយើងរួមគ្នាអភិវឌ្ឍ ដើម្បីសង្គមយើង តែបើសិនជាយើងមិនត្រូវគ្នា រុញប្រទេសយើងដល់ចំណុចសូន្យ អ៊ីចឹងអ្នកណាឡើងមកក៏មិនអាចអភិវឌ្ឍប្រទេសជាតិយើងបានដែរ»។
ការលេចមុខទៅសួរសុខទុក្ខជនពិការរបស់ លោក ហ៊ុន សែន នៅខេត្តកំពត នេះ នៅបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល។ ព័ត៌មានចចាមអារ៉ាមខ្លះថា លោកស្លាប់ ជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបថា លោកមិនបានឈឺទេ ហើយលោកក៏មិនបានទៅព្យាបាលជំងឺនៅសិង្ហបុរី អ្វីដែរ៖ «ខ្ញុំផ្ដាំត្រឡប់ទៅវិញទៅ កុំផ្ដាំឲ្យខ្ញុំងាប់ ហើយម្យ៉ាងទៀត ពូជរបស់ខ្ញុំនេះអត់មានពូជក្បត់ជាតិ អត់មានគេហៅអាក្បាលឆ្កែអី អត់មានទេ ហើយក៏គ្មានពូជឃ្លង់ គ ហៅថាជំងឺឡប់ស្អីៗអត់មានទេ ទាំងខាងម៉ែទាំងខាងឪឪពុករបស់ខ្ញុំ គាត់មានការចងចាំល្អណាស់ រហូតដល់ទីបញ្ចប់របស់គាត់ អ៊ីចឹងទេកុំរង់ចាំដល់ថ្ងៃ ហ៊ុន សែន ស្លាប់នោះមិនងាយទេ»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យដឹងនៅល្ងាចថ្ងៃទី១០ មិថុនា ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបគ្នាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា ដើម្បីជជែកគ្នាអំពីការចរចានេះ។ លោក កឹម សុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងចូលសភា ដរាបការចរចានេះត្រូវរ៉ូវគ្នាជាមុនសិន បើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិ នៅតែមិនចូលសភា៕
No comments:
Post a Comment