ហ៊ុន សែន បញ្ជាក់ថា ការរារាំង CNRP នៅអន្លង់វែង ជាបាតុកម្ម ប្រឆាំង បាតុកម្ម
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី10 មិថុនា 2014
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បញ្ជាក់ថា ការរារាំង របស់ កម្លាំងប្រដាប់អាវុធ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពី សប្តាហ៍មុន ជាបាតុកម្ម ប្រឆាំង បាតុកម្ម របស់ គណបក្ស សង្គ្រោះជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅខេត្តកំពត លោកនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងខ្លីថា ការរារាំងនេះ បង្ហាញពីសិទ្ធដូចគ្នាក្នុងការធ្វើបាតុកម្ម ហើយនេះជារដ្ឋអំណាចរបស់រដ្ឋ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធ បានគំរាមកំហែងសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ និងមន្ត្រីគណបក្ស ដូចជាចាប់បង្ខាំង គំរាមវាយ-ដុតរថយន្ត ដោះស្លាកលេខ អូសដៃតំណាងរាស្ត្រ និងចាប់យកIpad ទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ លោកបញ្ជាក់ថា ការរារាំង និងការគំរាមកំហែងនេះ ជាអំពើព្រៃផ្សៃមិនអាចទទួលយកបាន និងមិនខុសប៉ុន្មានពីរបបខ្មែរក្រហម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ការរារាំងនៅខេត្តឧត្តរមានជ័យ បានធ្វើឡើងមុនជំនួបចរចាដែលភាគីទាំងពីរទើបដោះដូរឯកសាររួច ដើម្បីត្រួសត្រាយភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត៕
No comments:
Post a Comment