កិច្ចពិភាក្សាស្ដីពីស្ថានភាពសិទ្ធិដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ថ្ងៃទី៣០មិថុនា ឆ្នាំ២០១៤
RFI/Rachna IM
សង្គមស៊ីវិល៖ យន្តការដោះស្រាយ វិវាទដីធ្លី របស់ រដ្ឋាភិបាល មិនដំណើរការ
បញ្ហាដីធ្លីនៅកម្ពុជា គឺជារឿងស្មុគស្មាញ និងចេះតែរីករាលដាលធំឡើងៗ ជារៀងរាល់ថ្ងៃ។ វិវាទដីធ្លីខ្លះ អូសបន្លាយពេលជាង២០ឆ្នាំហើយ នៅតែរកដំណោះស្រាយមិនបានទៀត។ ថាអ្នកក្រចុះ ត្រូវគេរំលោភយកដី ឬបណ្ដេញចេញពីទីលំនៅរបស់ខ្លួន។ អ្នកមានខ្លះ ក៏ត្រូវរងគ្រោះដោយសារតែអ្នកគ្មានទីលំនៅ ចូលទៅកាន់កាប់ដីកម្មសិទ្ធិទាំងបំពានដែរ។ ទាំងនេះ គឺជាស្ថានភាពវិវាទដីធ្លីនៅកម្ពុជា ដែលតំណាងអង្គការសង្គមស៊ីវិលបានលើកឡើង នៅក្នុងកិច្ចពិភាក្សាស្ដីពីស្ថានភាពសិទ្ធិដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកកម្ពស់សិទ្ធិមនុស្ស ដែលបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ នៅព្រឹកថ្ងៃចន្ទ ទី៣០មិថុនានេះ។
យោងតាមលោកឡាត់ គី ដដែល មូលហេតុដែលធ្វើឲ្យយន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលមិនដំណើរការ គឺដោយសារតែ មន្ដ្រីដែលមានតួនាទីដោះស្រាយ អូសបន្លាយពេលវេលា គេចវេស ឬគ្មានឆន្ទៈដោះស្រាយបញ្ហា។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកនយោបាយបានយកបញ្ហាដីធ្លីជាចំណាប់ខ្មាំង ដើម្បីស្វែងរកផលប្រយោជន៍។
ដោយបានស្វែងយល់ពីបច្ចុប្បន្នភាពនៃវិវាទដីធ្លីនៅកម្ពុជា ព្រមទាំងបានស្រាវជ្រាវរកឃើញថា យន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលកម្ពុជាមិនដំណើរការដូច្នេះ អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក៏បានរៀបចំកិច្ចពិភាក្សានេះឡើង។
កិច្ចពិភាក្សាពេញមួយថ្ងៃនេះ នឹងរួមគ្នាបង្កើតជាអនុសាសន៍រួម ដើម្បីឈានទៅដោះស្រាយវិវាទដែលមានមិនចេះចប់ ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល ប្រជាសហគមន៍រងគ្រោះដោយសារវិវាទដីធ្លី អ្នកវិភាគសង្គម ទីប្រឹក្សាឯករាជ្យ ព្រមទាំងតំណាងនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
សូមជម្រាបជូនផងដែរថា កិច្ចពិភាក្សាស្ដីអំពីស្ថានភាពសិទ្ធិដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនេះ សហការរៀបចំដោយ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការទស្សនៈពិភពលោក World Vision៕
No comments:
Post a Comment