តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។
RFA/Sek Bandith
តុលាការ ចោទ តំណាងរាស្ត្រ បក្សប្រឆាំង ៤រូប ពីបទ ញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ
ដោយ យន់ សាមៀន / អាស៊ីសេរី | ១៥ កក្កដា ២០១៤
ព្រះរាជអាជ្ញា សាលាដំបូង រាជធានី ភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៥ ខែកក្កដា បានចោទប្រកាន់ តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ៤រូប ពីបទញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង ៤៩៥។ សមត្ថកិច្ច នឹងបញ្ជូន តំណាងរាស្ត្រ ទាំង ៤រូប ទៅតុលាការដំបូង រាជធានី ភ្នំពេញ នៅថ្ងៃពុធ ទី១៦ កក្កដា នេះ ដើម្បីសម្រេច ថា តើត្រូវ ឃុំខ្លួន ជាបន្ត ឬត្រូវដោះលែង?
មន្ត្រីជាន់ខ្ពស់ អង្គការ សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សម្ដែងក្ដីបារម្ភ ថា រដ្ឋាភិបាល នឹងអាចប្រើប្រាស់ ការចាប់ឃុំខ្លួន និងចោទប្រកាន់ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ដើម្បីគាបសង្កត់ បង្ខំ ឲ្យគណបក្ស ប្រឆាំង ដោះស្រាយ វិបត្តិនយោបាយ និងគណបក្ស ប្រជាជន កម្ពុជា។
លោកបន្តទៀតថា កាលពីយប់ថ្ងៃអង្គារ ទី១៥ កក្កដា ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់តំណាងរាស្ត្រជាប់ឆ្នោតអ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក កែវ ភិរម្យ និងលោក ម៉ែន សុថាវរិន្ទ្រ ពីបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ប្រសិនបើតុលាការរកឃើញថា មានកំហុសនោះ អ្នកទាំងពីរអាចជាប់ពន្ធនាគារពី ៦ខែ រហូតដល់ ២ឆ្នាំ។ សមត្ថកិច្ចបានបដិសេធមិនឲ្យមន្ត្រីសិទ្ធិមនុស្ស និងតំណាងរាស្ត្រចូលជួបអ្នកទាំងបួននាក់នោះឡើយ ដោយអះអាងថា សមត្ថកិច្ចកំពុងស៊ើបសួរ។
សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនតំណាងរាស្ត្រទាំងបួននាក់ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចដោយហិង្សាមួយនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃអង្គារ ទី១៥ កក្កដា នៅពេលសកម្មជនគណបក្សសង្គ្រោះជាតិ នាំគ្នាទៅតវ៉ាអោយបើកទីលានប្រជាធិបតេយ្យឡើងវិញ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឡុង រី ដែលបានចូលរួមការតវ៉ាឲ្យបើទីលានប្រជាធិបតេយ្យនោះ មានប្រសាសន៍ថា ប្រភពមួយចំនួនឲ្យដឹងថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនលោក និងតំណាងរាស្ត្រជាប់ឆ្នោតម្នាក់ទៀត គឺលោក រៀល ខេមរិន្ទ ប៉ុន្តែរហូតដល់ម៉ោងប្រមាណ ៩យប់ កាលពីថ្ងៃអង្គារ សមត្ថកិច្ចនៅមិនទាន់បានចាប់ខ្លួនអ្នកទាំងបួននៅឡើយទេ។
លោកបន្តថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនភៀសខ្លួនពីការតាមចាប់នេះឡើយ។ លោកស្នើឲ្យសមត្ថកិច្ចដោះលែងតំណាងរាស្ត្រទាំងបួននាក់ជាបន្ទាន់ ប្រសិនមិនដូច្នោះទេ ប្រជាពលរដ្ឋនឹងធ្វើបាតុកម្មជាទ្រង់ទ្រាយធំ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ កាលពីយប់ថ្ងៃអង្គារ មានប្រសាសន៍ថា សាលារាជធានីបានស្នើឲ្យសមត្ថកិច្ចបានចាប់ជនសង្ស័យក្នុងពេលប៉ះទង្គិចគ្នាដោយហិង្សានៅទីលានប្រជាធិបតេយ្យ។ លោកបន្តថា យ៉ាងហោចណាស់ក៏មានក្រុមសន្តិសុខចំនួន ៣៩នាក់ រងរបួស ក្នុងនោះ ៣នាក់ ស្ថិតនៅសភាពធ្ងន់ធ្ងរ ត្រូវការសង្គ្រោះជាបន្ទាន់។ ប៉ុន្តែអង្គការលីកាដូ អះអាងថា ក្រុមសន្តិសុខប្រមាណ ១៧នាក់រងរបួស ចំណែកបាតុករ ១៤នាក់ ក៏រងរបួសដែរ៖ «មិនមែនជាបាតុករ ជាក្រុមអនាធិបតេយ្យពេញទី ដែលគាត់ប្រើប្រាស់ដំបង ចង់ធ្វើឃាតដោយចេតនា»។
លោក អំ សំអាត ឲ្យដឹងថា ទៀតថា តំណាងរាស្ត្រទាំងបួននាក់នឹងត្រូវបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៦ កក្កដា នេះ ដើម្បីសម្រេចថា តើត្រូវឃុំខ្លួនជាបន្ត ឬត្រូវដោះលែង។ លោក កឹម សុខា ស្តីទីប្រធានគណបក្សសង្គ្រោះជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយពីព្រឹត្តិការណ៍ហិង្សានៅទីលានប្រជាធិបតេយ្យទេ ដោយរង់ចាំទទួលបានព័ត៌មានគ្រប់គ្រាន់ជាមុនសិន ប៉ុន្តែគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ នេះ ដើម្បីបញ្ជាក់ជំហរគណបក្សស្ដីពីព្រឹត្តិការណ៍នៅទីលានប្រជាធិបតេយ្យ៕
No comments:
Post a Comment