ទិដ្ឋភាពនៅមុខស្នងការនគរបាលជាតិ (រូបថត៖ ញឹម សុខន)
សមត្ថកិច្ច បណ្តេញ មន្ត្រី សង្គមស៊ីវិល និងអ្នកព័ត៌មាន ចេញពី មុខស្នងការដ្ឋាន នគរបាល
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃអង្គារ ទី15 កក្កដា 2014
សមត្ថកិច្ច ប្រដាប់ដោយខែល និងដំបងឆក់ បណ្តេញ អ្នកសារព័ត៌មាន និងមន្ត្រី អង្គការ សង្គមស៊ីវិល ចេញពី មុខស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ខណៈពួកគេ កំពុងតាមដាន ការឃាត់ខ្លួន និងសាកសួរ បេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ៤ រូប។
ក្រោយពេលប៉ះទង្គិចជាមួយបាតុករ នៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃអង្គារនេះ សមត្ថកិច្ចបានឃាត់ខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៤រូប រួមមានលោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោកកែវ ភារម្យ និងលោក ម៉ែន សុថាវរិន្ទ្រ។ សមត្ថកិច្ចនាំអ្នកទាំងបួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ចាត់ទុកសកម្មភាពរបស់កម្លាំងសមត្ថកិច្ចនេះថា ជាការរំលោភសិទ្ធិធ្ងន់ធ្ងរ។ លោកបន្តថា មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិទាំងបាតុករទាំងសមត្ថកិច្ច តែកម្លាំងទាំងនោះបែរមកគំរាមបណ្តេញមន្ត្រីអង្គការសង្គមស៊ីវិលទៅវិញ។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើពុករលួយលោកស្រី ម៉ម ស៊ីថា ដែលបានឃ្លាំមើលសកម្មភាពនោះដែរថ្លែងថា កាលពីព្រឹកសមត្ថកិច្ចជាអ្នកបង្កហិង្សាមុន ហើយបែរជាបន្តបំពានសិទ្ធិមនុស្ស ដោយប្រើខែល និងដំបងបណ្តេញមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានទៀត។
ទោះយ៉ាងណាសមត្ថកិច្ចដែលប្រដាប់ដោយខែល និងដំបងនោះ មិនបញ្ជាក់ពីមូលហេតុនៃការបណ្តេញមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាននោះទេ។
រហូតដល់ម៉ោងជិត២រសៀលនេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅបន្តឃាត់ខ្លួនក្នុងស្នងការនគរបាលនៅឡើយ៕
No comments:
Post a Comment