ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃ ធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃ៤ មិថុនា ឆ្នាំ២០១៣។
ពលរដ្ឋខ្មែរ នៅអាមេរិក គ្រោងធ្វើ បាតុកម្ម នៅមុខស្ថានទូត វៀតណាម
ដោយ តាំង សារ៉ាដា / អាស៊ីសេរី | ១៥ កក្កដា ២០១៤
ពលរដ្ឋខ្មែរ នៅតាមបណ្ដារដ្ឋជាច្រើន ក្នុងសហរដ្ឋអាមេរិក គ្រោងធ្វើ បាតុកម្ម នៅមុខស្ថានទូត វៀតណាម ក្នុងរដ្ឋធានី វ៉ាស៊ីនតោន (Washington) នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ ដើម្បីដាក់សម្ពាធ ដល់រដ្ឋាភិបាល វៀតណាម ឲ្យសុំទោស ជាសាធារណៈ ចំពោះសម្ដី របស់ មន្ត្រី ការទូតវៀតណាម ប្រចាំ នៅទីក្រុងភ្នំពេញ ដែលបាននិយាយ បំភ្លៃប្រវត្តិសាស្ត្រ ថា វៀតណាមគ្រប់គ្រងទឹកដីខ្មែរ កម្ពុជាក្រោម តាំងពី យូរយារណាស់មកហើយ មិនមែន បារាំង ជាអ្នកកាត់ទឹកដី ទាំងនោះឲ្យ វៀតណាម ទេ។
ប្រធានមូលនិធិសង្គ្រោះជាតិ លោក ទូច វិបុល ដែលដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នោះ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ពលរដ្ឋខ្មែរនិងខ្មែរអាមេរិកាំងជាច្រើនបានត្រៀមធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសពលរដ្ឋខ្មែរជាសាធារណៈអំពីការបំភ័ន្តប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។
លោក ទូច វិបុល មានប្រសាសន៍ថា ក្រៅពីការធ្វើបាតុកម្មនេះ សហគមន៍ខ្មែរអាមេរិកាំងក៏ចង់ទាញការចាប់អារម្មណ៍របស់អន្តរជាតិឲ្យយកចិត្តទុកដាក់ដល់បញ្ហាខ្មែរកម្ពុជាក្រោម ដែលកំពុងរងការគាបសង្កត់ដោយរដ្ឋាភិបាលវៀតណាម។
លោក ទូច វិបុល អំពាវនាវឲ្យពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋផ្សេងទៀតដែលមិនអាចធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន បាននាំគ្នាក្រោកឡើងដើម្បីធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាម នៃរដ្ឋដែលពួកគេកំពុងរស់នៅ ដើម្បីប្រមូលកម្លាំងជាធ្លុងមួយក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យទទួលស្គាល់ទឹកដីខ្មែរកម្ពុជាក្រោម គឺជាទឹកដីមួយផ្នែករបស់ប្រទេសកម្ពុជា កន្លងមក។
ក្រៅពីគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំងនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏នឹងដឹកនាំធ្វើបាតុកម្មនៅស្ថានទូតវៀតណាម ក្នុងប្រទេសកាណាដា នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខ ក្នុងបុព្វហេតុដូចគ្នានេះ។
មន្ត្រីស្ថានទូតវៀតណាម នៅកម្ពុជា បានបដិសេធមិនសុំទោសខ្មែរកម្ពុជាក្រោមឡើយ បើទោះបីជាខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរផ្សេងទៀត កាលពីសប្ដាហ៍មុនបានធ្វើបាតុកម្មម្ដងរួចហើយក៏ដោយនោះ៕
No comments:
Post a Comment