កម្ពុជា នឹងរងឥទ្ធិពល របស់ ព្យុះរ៉ាម៉ាន់សាន់ ពីហ្វីលីពីន
ដោយ៖ អុិត សូធឿត / វីអូឌី | ថ្ងៃអង្គារ ទី15 កក្កដា 2014
ប្រទេសកម្ពុជា នឹងរងឥទ្ធិពល ព្យុះរ៉ាម៉ាន់សាន់ (RAMASUN) ដែលបច្ចុប្បន្ន កំពុងស្ថិតនៅ តំបន់ឆ្នេរ ប្រទេសហ្វីលីពីន ភាគខាងកើត ។
នៅថ្ងៃអង្គារ ទី១៥ ខែកក្កដានេះ ក្រសួង ធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីក្រើនរំឭក ដល់បងប្អូន ប្រជានេសាទ សមុទ្រ និងអ្នកធ្វើដំណើរ តាមជលយាន ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតមាន ពីព្យុះនេះ ជាយថាហេតុ ។
សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក បានព្យាករណ៍ ថា ព្យុះនេះ នឹងមានឥទ្ធិពល ទៅលើ តំបន់មាត់សមុទ្រ កម្ពុជា ដែលអាចបង្ក ពីមានភ្លៀងបង្គួរ ទៅច្រើន និងមានខ្យល់ បោកបក់ខ្លាំង ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ជាមួយ រលកសមុទ្រ កំពស់ ពី១ម៉ែត្រ ទៅ២,៥ម៉ែត្រ។ ចំណែក ឯនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្ដាលវិញ នឹងមានភ្លៀងធ្លាក់ ពីមធ្យម ទៅច្រើន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។
សេចក្ដីជូនដំណឹងនេះ បានបន្តថា ព្យុះនេះ ក៏មានឥទ្ឋិពល មកលើ តំបន់ផ្ទៃរងទឹកភ្លៀង ទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ ដែលនឹងបង្ក ឲ្យមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ ដែលអាចបង្ក ឲ្យទឹកទន្លេមេគង្គ ហក់ឡើង ។
No comments:
Post a Comment