Paris Peace Accords 23 Oct. 1991

Thursday, July 10, 2014

សាលាដំបូង ប្រកាស​ ប្តូរ​បទ​ចោទ​ លើ​ លោក សួន សេរី​រដ្ឋា ទៅ​ជា​បទ​ រួមគំនិត​ក្បត់​​

សាលាដំបូងរាជធានីភ្នំពេញ ប្រកាស​សាលក្រម​កំបាំងមុខ លោក សួន សេរីរដ្ឋា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (រូបថត៖ វីរៈ)

លោក សុក សំអឿន មេធាវីជនជាប់ចោទ (រូបថត៖ តាំង វីដា)

សាលាដំបូង ប្រកាស​ ប្តូរ​បទ​ចោទ​ លើ​ លោក សួន សេរី​រដ្ឋា ទៅ​ជា​បទ​ រួមគំនិត​ក្បត់​​


ដោយ៖​ តាំង វី​ដា​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី10 កក្កដា 2014

សាលាដំបូង​ រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រេច​ចោទ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា ​អំណាច​ពលរដ្ឋ​ខ្មែរ ពី​បទ​រួមគំនិត​ក្បត់ ដោយ​បង្វិល ​សំណុំរឿង ឲ្យ​ស៊ើបអង្កេត​ជាថ្មី ពាក់ព័ន្ធ​ នឹង​សកម្មភាព​ ចែកចាយ​ផ្កា​កុលាប និង​ខិត្តប័ណ្ណ​ ទៅកាន់​កងទ័ព ឲ្យ​ប្រឆាំង​រដ្ឋាភិបាល ​កម្ពុជា​។​
ការប្រកាស​សាលក្រម​កំបាំងមុខ​ជនជាប់ចោទ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ ត្រូវបាន​ប្រធាន​អង្គ​ជំនុំជម្រះ​លោក តុ​ប ឈុន​ហេង អះអាងថា ជា​ការសម្រេច​ប្តូរ​បទ​ចោទ​ពី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ មក​ជា​បទ​រួមគំនិត​ក្បត់ តាម​មាត្រា៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣​។ លោក​ថា ការសម្រេច​នេះ គឺ​ផ្អែក​លើ​ការសន្និដ្ឋាន ចំពោះ​ចម្លើយ​របស់​សាក្សី អំណះអំណាង​របស់​តំណាង​អយ្យការ និង​ការបំភ្លឺ​របស់​មេធាវី ដែល​បាន​លើកឡើង​ក្នុង​សវន​ការជំនុំជម្រះ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ខណៈ​ដែល​ជនជាប់ចោទ អវត្តមាន​។​
លោក តុ​ប ឈុន​ហេង បន្តថា ការចោទប្រកាន់ លោក សួន សេរី​រដ្ឋា គឺ​ផ្អែក​លើ​ខិត្តប័ណ្ណ ដែល​គ្រោង​នឹង​ចែកចាយ ដោយ​សរសេរថា "​ផ្កា​កុលាប​អហិង្សា​ពណ៌​លឿង សម្រាប់​ការផ្លាស់ប្ដូរ ជូន​មួយទង​ម្នាក់ ដល់​វីរៈ​កងទ័ព​គ្រប់​រូប​ដែល​ជា​កូនចៅ​ពលរដ្ឋ​ខ្មែរ​! សូម​បែរ​ចុង​អាវុធ​តម្រង់​ទៅ​ជន​ផ្តាច់ការ ហើយ​យក​ជីវិត​ការពារ​ពលរដ្ឋ​ជា​ឈាម​ខ្មែរ​ដូចគ្នា គឺ​ជា​ខ្មែរ​តែ​មួយ​ដែល​ត្រូវការពារ​គ្នា​ទៅវិញទៅមក​។"​
លោក សុក សំអឿន មេធាវី​ការពារ​ជនជាប់ចោទ យល់ថា ការចោទប្រកាន់​ដោយ​ផ្អែក​លើ​ចម្លើយ​សាក្សី ដោយ​គ្រាន់តែ​ជា​ការអះអាង​លេចឮ​ត​គ្នា​នោះ គឺ​មិន​មាន​មូលដ្ឋាន​ចោទ​ឡើយ​។​ លោក​ថា​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា លោក មាស ចន្ទ​ពិសិដ្ឋ គឺមិន​មាន​ភស្តុតាង​ជាក់លាក់ ក្នុងការ​ចោទ ឬ​ប្តូរ​បទ​ចោទ​នោះទេ​។ លោក​ហៅ​ការសម្រេច​របស់​តុលាការ គឺ​បង្ហាញ​ពី​ចេតនា បំបិទ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​ពលរដ្ឋ​ ៖ «ខ្ញុំ​ស្នើ​ម្សិល​មិញដែ​រថា រឿងអំពើថ្ងៃនេះ សម្រេចទៅ បើមានភស្តុតាង ក៏ដាក់ទោសទៅ បើអត់មានភស្តុតាង ក៏លើកលែងការចោទប្រកាន់ទៅ ហើយ​បើ​រឿង មានអំពើអ្វីផ្សេងៗទៀត ដែលជាបទឱក្រិដ្ឋ យើងចោទទៀតទៅ ហ្នឹងជារឿងផ្សេងមួយទៀត និយាយរួមទៅ បើយើងគិតមែនទែនទៅ ជាមតិ ជា​យោបល់ ការយល់ឃើញរបស់មនុស្ស ហើយដល់អញ្ចឹងទៅ សិទ្ធិបញ្ចេញមតិហ្នឹង អាចចង្អៀត»
លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ បច្ចុប្បន្ន កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។ លោក បាន​ទទួលស្គាល់ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​មក​កាន់​អង្គ​សវន​ការ ដោយ​ថា ខ្លឹមសារ​ក្នុង​ខិត្តប័ណ្ណ​នោះ គឺ​លោក​ពិតជា​បាន​សរសេរ​មែន ប៉ុន្តែ​គ្មាន​ចរិត​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​នោះទេ តែ​ជា​ការផ្ញើ​សារ​អប់រំ​ដល់​កងទ័ព និង​សមត្ថកិច្ច កុំឲ្យ​ប្រើ​ហិង្សា ហើយ​យក​ច្បាប់​ជាធំ និង​កុំ​យក​កាណុង​កាំភ្លើង​បាញ់​មនុស្ស​ស្លូតត្រង់​តែប៉ុណ្ណោះ​។​
​ប្រធាន​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដែល​តាមដាន​សវន​ការ​នេះ យល់ថា ដំណើរការ​ស​នវ​ការ​នេះ ហាក់​មិន​មាន​ភស្តុតាង​អ្វី ដែល​អាច​ចោទ​លើ​ជនជាប់ចោទ​ឡើយ​។ លោក​ថា ការសម្រេច​ពី​បទ​រួមគំនិត​ក្បត់​នេះ គឺជា​ចេតនា នៃ​ការផ្សារភ្ជាប់​រឿង​នយោបាយ ដើម្បី​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃទៀត​ ៖ «អ្វីដែលសំខាន់ គឺខ្ញុំគិតថា ករណីនេះ គឺគេចង់ ភ្ជាប់ទៅនឹងរឿងនយោបាយច្រើនជាង បើ​សិនជាបទល្មើសនេះ ជាបទល្មើសឱក្រិដ្ឋ អន្តរាយធ្ងន់ធ្ងរទេ គឺបទចូលរួមប្រព្រឹត្តក្នុងអំពើក្បត់ អញ្ចឹងគឺម្នាក់ឯងមិនអាចធ្វើបានទេ វា​ពាក់​ព័ន្ធ​នឹង​មនុស្សច្រើន នេះគឺជាចេតនាមួយ ថាចោទបទហ្នឹង ច្បាស់ជាមានអ្នកពាក់ព័ន្ធច្រើនទៀត អញ្ចឹងបានន័យ វា​ជា​ចេត​នាមួយ​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​ច្រើនជាង
»
កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ២០១៣ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​៤​នាក់ ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​ប្រដាប់អាវុធ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។ ប៉ុន្តែ ក្រោយ​ការជំនុំជម្រះ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៣ សាលាដំបូង​បានសម្រេច​លើកលែង​ទោស​អ្នក​ទាំង​៤​នាក់​នោះ​។
ក្រោយមក អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា អ្នក​ទាំង​៤​នាក់​នោះ ធ្វើ​តាម​បញ្ជា​របស់​លោក សួន សេរី​រដ្ឋា ដែល​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស ស្របពេល​ដែល​លោក សួន សេរី​រដ្ឋា បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែលមាន​ខ្លឹមសារ ដូច​ខិត្តប័ណ្ណ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នោះ​។
​បើ​តាម​លោក សុក សំអឿន ការចោទប្រកាន់​ថ្មី​នេះ លោក សួន សេរី​រដ្ឋា នឹង​ប្រឈម​ការ​ជាប់ពន្ធនាគារ​ពី៥ ទៅ១០​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា មានទោស​ពិតមែន​៕



No comments:

Post a Comment