ប៉ូលិសរារាំងអ្នកភូមិបឹងកក់ ខាងអ្នកស្រី ទេព វន្នី នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ កក្កដា ២០១៤ មិនឲ្យចូលតុលាការ។
ស្ត្រីបឹងកក់ ២នាក់ រងរបួស ពេលអាជ្ញាធរ បណ្ដេញមិនឲ្យ ឈរតវ៉ា មុខតុលាការ
ដោយ ទេព សុរ៉ាវី និង វោហារ ជាតិ / អាស៊ីសេរី | ១០ កក្កដា២០១៤
ស្ត្រីបឹងកក់ ២នាក់ រងរបួសស្រាល នៅព្រឹកថ្ងៃទី១០ កក្កដា ដោយសារប៉ះទង្គិច ជាមួយ កម្លាំងសមត្ថកិច្ច និងក្រុមសន្តិសុខ ខណ្ឌដូនពេញ ដែលបានបណ្ដេញ ពួកគេ មិនឲ្យឈរតវ៉ា នៅមុខសាលាដំបូង រាជធានី ភ្នំពេញ។
ស្ត្រីបឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ថ្មគោល ប្រមាណជាង ៥០នាក់ បាននាំគ្នាទៅសាលាដំបូង រាជធានី ភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងមួយ ទៅតុលាការនេះ ប្ដឹង លោកស្រី តុល ស្រីពៅ អតីត តំណាងសហគមន៍ បឹងកក់ ដែលបានប្រើ ហិង្សា ដោយចេតនា ទៅលើ លោកស្រី ង៉ែត ឃុន ហៅយាយ មុំាមី អាយុ ៧៥ឆ្នាំ កាលពីថ្ងៃទី២៨ មិថុនា នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកស្រី សុង ស្រីលាភ តំណាងសហគមន៍បឹងកក់ បញ្ជាក់ថា ការរុញច្រានគ្នាទៅវិញទៅមកនោះ ធ្វើឲ្យស្ត្រីបឹងកក់ ២នាក់របួសស្រាល ហើយម្នាក់ទៀតដោយភ័យពេកក៏សន្លប់នៅលើគំនរសំរាមក្បែរនោះ។
មន្ត្រីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មូលហេតុដែលរារាំងមិនឲ្យតវ៉ានៅមុខតុលាការនេះ គឺដើម្បីការពារសុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយ និងការកកស្ទះចរាចរណ៍ ហើយសមត្ថកិច្ចគ្មានចេតនាធ្វើឲ្យពួកគេរបួសទេ។
លោកស្រី សុង ស្រីលាភ ប្រាប់ថា តុលាការបានយល់ព្រមទទួលពាក្យបណ្ដឹងរបស់ លោកស្រី ង៉ែត ឃុន ហៅយាយ មុំាមី រួចហើយ៖ «ចេតនាពួកខ្ញុំក៏មិនចង់ប្ដឹងបុគ្គលហ្នឹងដែរ ព្រោះគាត់ គឺជាអតីតតំណាងនៅសហគមន៍ខ្ញុំដែរ ប៉ុន្តែបើយើងមិនដាក់ពាក្យបណ្ដឹងគាត់នៅក្នុងថ្ងៃនេះទេ ពីការប្រើប្រាស់អំពើហិង្សាលើ លោកស្រី ង៉ែត ឃុត ទេ អាចបង្កឲ្យជនហ្នឹងបានដៃក្នុងការឃុបឃិតជាមួយរដ្ឋាភិបាល និងអាជ្ញាធរក្នុងខណ្ឌដូនពេញ នឹងប្រព្រឹត្តបទល្មើសច្រើនទៀតដែរ ព្រោះជាក់ស្តែង ពេលថ្មីៗនេះគាត់បានតេមកគំរាម លោកស្រី ទេព វន្នី សម្លាប់រួចដើរចូលគុកអ៊ីចឹង យើងត្រូវតែដាក់ពាក្យបណ្ដឹងដាច់ខាតចំពោះបុគ្គលហ្នឹង។»
កាលពីថ្ងៃទី២៨ មិថុនា លោកស្រី តុល ស្រីពៅ បានយកដុំថ្មគប់ទៅលើ លោកស្រី ង៉ែត ឃុន ឲ្យរបួសក្បាលនៅពេលដែលលោកស្រី និងអ្នកបឹងកក់ផ្សេងទៀត ព្យាយាមទៅរារាំងមន្ត្រីកងរាជអាវុធហត្ថមួយក្រុម ដែលសង់បន្ទាយនៅតំបន់កំពុងមានទំនាស់នៅភូមិ២២។
ក្នុងពាក្យបណ្ដឹងដែល លោកស្រី ង៉ែត ឃុន ដាក់ទៅតុលាការ គឺទាមទារឲ្យតុលាការផ្ដន្ទាទោស និងបង្គាប់ឲ្យ លោកស្រី តុល ស្រីពៅ សងថ្លៃព្យាបាល និងជំងឺចិត្តដល់គាត់ចំនួន ៥០លានរៀល៕
No comments:
Post a Comment