លោកស្រី ញ៉ែម ចាន់ថាវី តំណាងសាលារាជធានីភ្នំពេញ ចុះផ្សព្វផ្សាយដល់អ្នកបុរីកីឡា ឲ្យរៀបចំឯកសារ និងសាក្សី ដើម្បីត្រៀមចូលរួមវេទិកាសាធារណៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
សាលាក្រុង នឹងធ្វើវេទិកាសាធារណៈ ដោះស្រាយ ជម្លោះដីធ្លី នៅបុរីកីឡា ថ្ងៃ២២ កក្កដា
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ០១ កក្កដា ២០១៤
មន្ត្រី សាលារាជធានី ភ្នំពេញ បានកំណត់ថ្ងៃទី២២ កក្កដា ធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយ ការទាមទារ ជម្រកស្នាក់នៅ របស់ ពលរដ្ឋ នៅសេសសល់ ក្នុងសហគមន៍បុរីកីឡា។ តំណាងសាលារាជធានី ភ្នំពេញ ក៏បានចុះផ្សព្វផ្សាយ ដល់ពលរដ្ឋ សហគមន៍បុរីកីឡា ដែលមិនទាន់ទទួលបានសំណង ពីក្រុមហ៊ុន ផាន អ៊ីម៉ិច ឲ្យត្រៀម ឯកសារ និងសាក្សី មួយចំនួន ដែលអាចបញ្ជាក់ ថា ពួកគេ ពិតជាធ្លាប់រស់នៅ ក្នុងបុរីកីឡា ពិតប្រាកដ។
អង្គការ សង្គមស៊ីវិល ដែលឃ្លាំមើល បញ្ហាសិទ្ធិលំនៅឋាន បានស្វាគមន៍ ចំពោះវិធានការនេះ ហើយគិត ថា ប្រសិនបើ វេទិកាសាធារណៈនេះ អាចដោះស្រាយជម្លោះ នៅបុរីកីឡា បានដោយជោគជ័យនោះ វាអាចក្លាយជា វេទិកាគំរូ លើកដំបូង សម្រាប់ដោះស្រាយវិវាទដីធ្លី នៅសហគមន៍ផ្សេងទៀត។
តំណាងសាលារាជធានីភ្នំពេញ លោកស្រី ញ៉ែម ចាន់ថាវី ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអ្នកបុរីកីឡា ថាពលរដ្ឋបុរីកីឡា ដែលនៅសេសសល់មិនទាន់ទទួលសំណង ត្រូវត្រៀមលក្ខណៈជាមុន មុននឹងចូលរួមវេទិកាសាធារណៈ។ ទី១ គឺត្រូវរៀបចំឯកសារជាភស្តុតាងឲ្យបានគ្រប់ៗគ្នា ដើម្បីជាអំណះអំណាងបញ្ជាក់ថា ពិតជាបានរស់នៅបុរីកីឡា ចាប់ថ្ងៃណាឆ្នាំណាមក។ ទី២ ចំពោះ ពលរដ្ឋបុរីកីឡា ដែលមានឯកសារមិនគ្រប់តាមការកំណត់ សាលារាជធានីភ្នំពេញនឹងមានការសម្រេចទៅតាមនោះ។ ទី៣ ចំពោះគ្រួសារណាដែលបាត់ឯកសារបញ្ជាក់ទីលំនៅ ត្រូវមានសាក្សីគ្រប់គ្រាន់ ដូចជា អ្នកជិតខាង មេភូមិ ប្រធានសហគមន៍ នគរបាលប៉ុស្តិ៍ ដែលអាចបញ្ជាក់ថា ពួកគេធ្លាប់រស់នៅក្នុងតំបន់បុរីកីឡា ពិតប្រាកដ។ ទី៤ ក្នុងករណីពលរដ្ឋមានឯកសារក្លែងក្លាយ បញ្ជាក់ពីការរស់នៅបុរីកីឡា នោះ ខាងសាលារាជធានីភ្នំពេញ នឹងមានវិធានការចំពោះជនបន្លំទាំងនោះ និងទី៥ វេទិកាសាធារណៈគ្រោងធ្វើនៅថ្ងៃទី២២ កក្កដា ប៉ុន្តែមិនទាន់កំណត់ទីតាំងច្បាស់លាស់នៅឡើយ។
លោកស្រី ញ៉ែម ចាន់ថាវី៖ «យើងធ្វើអីក៏ដោយទន្ទឹមនឹងមានការសម្រេចពីថ្នាក់ដឹកនាំ ទាល់តែយើងមានឯកសារ និងភស្តុតាងអំណះអំណាងប្អូនបងច្បាស់លាស់នេះ ចំពោះអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ចំពោះបងប្អូនខ្វះឯកសារ ឧទាហរណ៍គេតម្រូវឯកសារ៥ តែយើងមានតែ៣ យើងគាត់សម្រេចយ៉ាងម៉េច»។
តំណាងសាលារាជធានីភ្នំពេញមួយរូបទៀត គឺលោក ឡេង ជាង បញ្ជាក់ថា នៅថ្ងៃទី៧ កក្កដា ខាងមុខនេះ ក្រុមការងារលោកនឹងបិទផ្សាយព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវេទិកាសាធារណៈនៅបុរីកីឡា ក្នុងនោះមានទាំងបិទនូវបញ្ជីឈ្មោះពលរដ្ឋចំនួន ១៥៤គ្រួសារ ដែលខាងសាលារាជធានីភ្នំពេញ បានចុះធ្វើសម្រង់សលាកបត្ររួចហើយ។ តួលេខនេះ គឺខុសពីតំណាងសហគមន៍បុរីកីឡា ដែលអះអាងថា ពលរដ្ឋបុរីកីឡា មានរហូតចំនួន ១៥៦គ្រួសារ មិនទាន់ទទួលសំណង។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់អះអាងថា លោកនឹងរកដំណោះស្រាយជូនអ្នករស់នៅបុរីកីឡា ឲ្យចប់សព្វគ្រប់តាមរយៈការបង្កើតឲ្យមានវេទិកាសាធារណៈមួយ ដើម្បីឲ្យខាងសហគមន៍បង្ហាញភស្តុតាងជាក់លាក់ បញ្ជាក់ថា ពួកគេពិតជាបានរស់នៅក្នុងតំបន់បុរីកីឡា ពិតប្រាកដ។
ពលរដ្ឋបុរីកីឡា គឺលោកស្រី អាត សំណាង បញ្ជាក់ថា លោកស្រីស្ទើរតែមិនជឿថា សាលារាជធានីភ្នំពេញនឹងដោះស្រាយលំនៅឋានជូនពលរដ្ឋនៅបុរីកីឡា ដែលនៅសេសសល់។ យ៉ាងណា លោកស្រីសង្ឃឹមថា វេទិកាសាធារណៈនោះ អាចនឹងក្លាយជាវេទិកាមួយបញ្ចប់បញ្ហាដីធ្លីនៅបុរីកីឡា បាន៖«បងប្អូនទាំងអស់គ្នាសង្ឃឹមដូចខ្ញុំទេថ្ងៃទី២២ បញ្ចប់រឿងទំនាស់ដីធ្លីនៅបុរីកីឡា កុំឲ្យពួកខ្ញុំដើរយំដើរស្រែក ពួកខ្ញុំរស់នៅលើគំនរសំរាមក្រោមជណ្ដើរ សំខាន់បំផុតកូនពួកខ្ញុំបាត់បង់ការសិក្សា ដោយសារក្រុមហ៊ុន ផាន អ៊ីម៉ិច មកឈូសឆាយកម្ទេចផ្ទះពួកខ្ញុំ ហើយពួកខ្ញុំរស់នៅពិតប្រាកដរស់នៅបុរីកីឡា បើសិនមិនពិតប្រាកដ ខ្ញុំទទួលខុសមុខច្បាប់»។
ពលរដ្ឋបុរីកីឡាមួយរូបទៀត គឺលោកស្រី ស៊ូ អ៊ីម គិតថា សាលារាជធានីភ្នំពេញនឹងមានឆន្ទៈដោះស្រាយរឿងបុរីកីឡា ឲ្យបានចប់សព្វគ្រប់ បញ្ឈប់ការអូសបន្លាយពេលវេលា និងឈប់បោកប្រាស់អ្នកបុរីកីឡា ទៀត៖ «ខ្ញុំសង្ឃឹមថា សាលាក្រុងមិនភរប្រជាពលរដ្ឋទៀតទេ សង្ឃឹមទុកជាមុនថា សាលាក្រុងដោះស្រាយតាមច្បាប់ប្រជាជនរស់នៅត្រឹមត្រូវតាមច្បាប់ពិតជាបានផ្ទះ»។
យ៉ាងណា តំណាងអ្នកបុរីកីឡា លោក ពេជ្រ លឹមឃួន បារម្ភថានៅថ្ងៃធ្វើវេទិកាសាធារណៈនោះ តួលេខពលរដ្ឋបុរីកីឡា អាចនឹងមានការកើនលើសចំនួនកំណត់។ លោកបញ្ជាក់ថា ពលរដ្ឋបុរីកីឡា ណាដែលមិនធ្លាប់មានសកម្មភាពចូលរួមជាមួយសហគមន៍តវ៉ាទាមទារផ្ទះសម្បែងទេនោះ ខាងសហគមន៍ពិបាកនឹងធ្វើសាក្សីធានាពីការរស់នៅរបស់ពួកគេ។ លោកផ្តល់ជាគំនិតថា យល់ល្អការរកសាក្សីបញ្ជាក់ពីការរស់នៅនោះ គួរជ្រើសរើសអ្នកជិតខាងរស់នៅក្បែរគ្នាសព្វថ្ងៃនេះ ទំនងជាប្រសើរជាងឲ្យតំណាងសហគមន៍ធ្វើជាសាក្សីបញ្ជាក់ឲ្យ៖ «សូមបញ្ជាក់បងប្អូនអ្នកដែលមិនដើរតស៊ូមតិសោះ បងប្អូនត្រូវគិតគូរដោយខ្លួនឯង ខ្ញុំអត់បានស្គាល់បងប្អូននៅកន្លែងណា ខ្ញុំមិនអាចធ្វើសាក្សីបានទេ ព្រោះបងប្អូនមិនបានដើររួមមិនបានចង្អុលពីគោលដៅរស់នៅ»។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ គិតថា ឯកសារពាក់ព័ន្ធដែលសាលាក្រុងឲ្យពលរដ្ឋបុរីកីឡា ត្រៀមទុកនោះ អាចជាសៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបោះឆ្នោត ជាដើម។ ប៉ុន្តែមានពលរដ្ឋមួយចំនួនបានបាត់ឯកសារទាំងនោះ នៅពេលដែលក្រុមហ៊ុន ផាន អ៊ីម៉ិច ឈូសឆាយបំផ្លាញផ្ទះរបស់ពួកគាត់ កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២។ យ៉ាងណា ពលរដ្ឋនៅតែមានជម្រើស ដោយយកសាក្សីជាពលរដ្ឋបុរីកីឡា ដូចគ្នា ឬរកអាជ្ញាធរដែលអាចបញ្ជាក់ថា ពួកគាត់រស់នៅបុរីកីឡា ពិតប្រាកដ។ ប៉ុន្តែពលរដ្ឋបុរីកីឡា ខ្លះបារម្ភពីអំពើពុករលួយ ដែលអាចកើតមាននៅពេលដែលអ្នកខ្លះសូកប៉ាន់មន្ត្រីអាជ្ញាធរ ឲ្យធ្វើជាសាក្សីបញ្ជាក់ពីការរស់នៅរបស់ពួកគេ ខណៈដែលកន្លងមក រូបភាពបែបនេះ អ្នកបុរីកីឡា ធ្លាប់ឃើញច្រើនមកហើយក្នុងពេលដែលចាប់ឆ្នោតឡើងផ្ទះកាលពីមុន។
លោក សៀ ភារម្យ បញ្ជាក់ថា សាលារាជធានីភ្នំពេញ ធ្លាប់បញ្ជាក់ជំហរជាមួយអង្គការសង្គមស៊ីវិល ចំពោះការស្រាវជ្រាវរកពលរដ្ឋដែលទទួលបានផ្ទះ ដោយរូបភាពប្រព្រឹត្តអំពើពុករលួយជាមួយអាជ្ញាធរ៖ «អ្នកពិតជាទទួលបានគាត់ (សាលាក្រុង) នឹងដោះស្រាយបញ្ចប់នៅក្នុងវេទិកាហ្នឹង ឬក្រោយវេទិកាទៅតាមគណៈកម្មការសម្រេច គណៈកម្មការនឹងមានខាងសាលាក្រុង អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនដែរ»។
រយៈពេល២ឆ្នាំកន្លះហើយ ពោលគឺចាប់ពីថ្ងៃទី៣ មករា ឆ្នាំ២០១២ មក អ្នកភូមិបុរីកីឡា ចំនួន ៣៨៤គ្រួសារ ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច និងអាជ្ញាធរក្រុងភ្នំពេញ ដាក់កម្លាំងសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុន ទៅឈូសឆាយផ្ទះរបស់ពួកគាត់។ អាជ្ញាធរបានដឹកអ្នកបុរីកីឡា ខ្លះ ទៅទម្លាក់ចោលនៅទួលសំបូរ និងភ្នំបាត ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីក្រុងភ្នំពេញ ដោយអ្នកខ្លះបានទទួលសំណងដី ៤គុណ ៥ម៉ែត្រ។ នៅទួលសំបូរ និងភ្នំបាត អាជ្ញាធរមិនបានសង់ផ្ទះឲ្យអ្នកភូមិទេ ទឹកភ្លើងក៏គ្មានប្រើ មន្ទីរពេទ្យក៏គ្មាន សាលារៀនក៏នៅឆ្ងាយ។ អ្នកដែលរស់នៅតំបន់នោះ ត្រូវបង្ខំចិត្តត្រឡប់មករស់នៅភ្នំពេញវិញ ដោយជួលផ្ទះគេនៅ ហើយខ្លះស៊ូទ្រាំរស់នៅទីនោះ ដោយពឹងទៅលើជំនួយអង្ករ ប្រហុក ទឹកត្រី ពីអង្គការសង្គមស៊ីវិល។
សព្វថ្ងៃ មានអ្នកបុរីកីឡា ១៥៦គ្រួសារ នៅមិនទាន់ទទួលសំណង បន្តក្រាញរស់នៅបុរីកីឡា លើគំនរសំរាមក្រោមកៅស៊ូតង់ក្តៅ និងក្រោមជណ្ដើរអគារ ដើម្បីទាមទារឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច សង់អគារស្នាក់ ២បន្ថែមទៀតតាមកិច្ចសន្យា៕
No comments:
Post a Comment