តុលាការ សម្រេចឃុំខ្លួន តំណាងរាស្ត្រ ៥រូប និងសកម្មជនម្នាក់ នៅគុក ព្រៃ ស
RFA | ១៦ កក្កដា ២០១៤
សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានសម្រេច ឃុំខ្លួន បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ទាំង៥រូប និងសកម្មជន ម្នាក់ទៀត នៅពន្ធនាគារ ព្រៃ ស។
មន្ត្រី សិទ្ធិមនុស្ស អង្គការ លីកាដូ លោក អំ សំអាត ដែលតាមដាន រឿងក្ដីនេះ យ៉ាងដិតដល់ ឲ្យដឹង នៅរសៀល ថ្ងៃនេះ ថា, បន្ទាប់ ពីបានសាកសួរ អស់រយៈពេល មួយថ្ងៃ រួចមក, ចៅក្រម បានចោទ បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ទាំង៥រូប ពីបទផ្ដើមគំនិត ឲ្យមានកុបកម្ម ដឹកនាំ ធ្វើកុបកម្មហិង្សា មានស្ថានទម្ងន់ទោស និងបទញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ។
បេក្ខជន តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៥រូប និងសកម្មជនម្នាក់ទៀតនោះ ត្រូវបានបញ្ជូនខ្លួនទៅគុកព្រៃស នៅល្ងាចថ្ងៃទី១៦ កក្កដា នេះ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ ៥រូប ដែលប៉ូលិសចាប់ខ្លួន ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ ៧ព្រឹកថ្ងៃនេះ ដោយដៃជាប់ខ្នោះទៅក្រោយ។
បេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិ ៥រូបនោះមាន អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភិរម្យ លោក ហូរ វ៉ាន់ និងលោក រៀល ខេមរិន្ទ្រ ដែលសមត្ថកិច្ចទើបចាប់ខ្លួនពីខេត្តកំពង់ចាម និងជំនួយការផ្ទាល់លោកស្រី មួរ សុខហួរ លោក អឿន ណារិទ្ធ ត្រូវបានចាប់ខ្លួននៅបឹងត្របែក នៅម៉ោងជាង ១០ព្រឹក នៅថ្ងៃទី១៦ ខែកក្កដា ហើយបញ្ជូនទៅសាកសួរនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ។
ចំណែកនៅក្រៅតុលាការវិញ អ្នកគាំទ្របក្សសង្គ្រោះជាតិ រាប់ពាន់នាក់បានស្រែកទាមទារឲ្យតុលាការដោះលែងអ្នកតំណាងរាស្ត្រ ទាំង ៥រូប ហើយឲ្យតុលាការចាប់ជនដៃដល់ខាងភាគីកងសន្តិសុខដែលបង្កឲ្យមានអំពើ ហិង្សានៅទីលានប្រជាធិបតេយ្យមកផ្ដន្ទាទោសវិញ។
No comments:
Post a Comment