សម រង្ស៊ី៖ សូម ចាំមើល លទ្ធផលសិន មុនថ្កោលទោស គណបក្ស សង្គ្រោះជាតិ
Hello VOA /ហេឡូ វីអូអេ | ២៥ កក្កដា ២០១៤
លោក សម រង្ស៊ី ថ្លែងក្នុងកម្មវិធី ហេឡូ វីអូអេ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៤។ (លឹម សុធី/វីអូអេ)
វ៉ាស៊ីនតោន៖ មេដឹកនាំ គណបក្ស សង្គ្រោះជាតិ គឺ លោក សម រង្ស៊ី ជំរះ មន្ទិលសង្ស័យ ពាក់ព័ន្ធ នឹងកិច្ចព្រមព្រៀង បញ្ចប់វិបត្តិ នយោបាយ ដោយបញ្ជាក់ ថា, គណបក្សលោក ចូលក្នុងសភា មិនមែន ដើម្បី រណប គណបក្ស គ្រប់គ្រង ប្រទេស, តែ តតាំង តាមផ្លូវច្បាប់ ដើម្បី បម្រើ ផលប្រយោជន៍ ពលរដ្ឋ និងការកែទម្រង់ ប្រព័ន្ធ ប្រជាធិបតេយ្យ។
លោក ថ្លែងយ៉ាងដូច្នេះ នៅក្នុងពេល លោក អញ្ចើញចូលរួម ជាវាគ្មិន ក្នុងកម្មវិធី ហេឡូ វីអូអេ កាលពីយប់ ថ្ងៃព្រហស្បតិ៍។
លោក អំពាវនាវ ដល់ពលរដ្ឋ ឲ្យរង់ចាំមើល គោលជំហរ, លទ្ធភាព, និងលទ្ធផល, ក្នុងដំណាក់កាលថ្មី នៃការប្រយុទ្ធ របស់ គណបក្សលោក។
«ហើយ បងប្អូន ចាំមើលទៅ របៀបប្រឆាំង តាមផ្លូវច្បាប់នេះ នឹងមានប្រសិទ្ធភាព លើសអ្វីៗ ដែលយើង បានឃើញ ពីមុន, ពីព្រោះ មិនដែលមានទេ ស្ថានការណ៍ បែបនេះ នៅកម្ពុជា ដែលមាន គណបក្ស តែពីរ, គណបក្សធំៗ តែពីរ តទល់គ្នា នៅក្នុងរដ្ឋសភា, ហើយជាលើក ទី១ ហើយ ដែលកម្លាំង ប្រជាធិបតេយ្យ, កម្លាំង សេ្នហាជាតិ រួបរួមគ្នា ទៅជាធ្លុង តែមួយ, មានគោលជំហរ ដូចគ្នា, ប្តេជ្ញាចិត្ត ទាំងអស់គ្នា ដើម្បី សង្គ្រោះជាតិ។»
គណបក្ស ជំទាស់ ដែលមាន អាសនៈ៥៥ ក្នុងចំណោម ១២៣ បានសម្រេចចិត្ត បញ្ចប់ពហិការ ចូលប្រជុំ សភាវិញ ដើម្បី បញ្ចប់ការជាប់គាំង នយោបាយ ជិតមួយឆ្នាំ ក្រោយការ បោះឆ្នោត កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤។ គណបក្ស នេះ បានព្យាយាម ឲ្យមាន ការរៀបចំ ការបោះឆ្នោត ឡើងវិញ, កែទម្រង់ គណៈកម្មការ ជាតិ រៀបចំ ការបោះឆ្នោត, ស្ថាប័នជាតិ ធំៗ តាមបែប ផែនប្រជាធិបតេយ្យ។ តែ ក្រុមប្រជាពលរដ្ឋ មួយចំនួន បានរអ៊ូ ថា, អ្វី ដែលគណបក្ស សង្គ្រោះជាតិ បានទទួល ពីកិច្ចព្រមព្រៀង កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដានោះ តិចជាង ការរំពឹងទុក, ហើយ អាចនឹងទំនង ជាមិន កើតមានឡើង។
តែ លោក សម រង្ស៊ី បានអំពាវនាវ ថា, ការចរចា ទោះជា មិនអាច សម្រេចបាន ដូចបំណងមែន, ទាំង គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា, តែ សម្រាប់លោក, លោក បានចាត់ទុក ថា ជាជោគជ័យមួយ។
«ឥឡូវយើង បាន គ.ជ.ប. ថ្មី, គ.ជ.ប. ត្រឹមត្រូវ, ហើយ យើង មានស្ថានីយ៍ ទូរទស្សន៍ មួយទៀត។ ឃើញ ថា គណបក្ស សង្គ្រោះជាតិ គឺ បោះជំហាន ទៅមុខហើយ។ អញ្ចឹងហើយ បានខ្ញុំ សូម អំពាវនាវ បងប្អូន ដែលបានគាំទ្រ គណបក្ស សង្គ្រោះជាតិ តាំងពីដើម, យើង ត្រូវ ចាប់ដៃគ្នា បន្តការតស៊ូ របស់យើង។ ការតស៊ូនេះ គឺ ក្នុងរូបភាពថ្មី, ក្នុងដំណាក់កាលថ្មី, តែ គោលជំហរ នៅតែ ដដែល៖ សង្គ្រោះជាតិយើង ឲ្យទាល់តែបាន។»
លោក បានសំដែង ការអរគុណ និងមិនភ្លេច ដល់ក្រុមអ្នកគាំទ្រ និងពលរដ្ឋ ដែលលះបង់ ដើម្បី ជួយដល់ ការផ្លាស់ប្តូរ នេះទេ។
«បើ យើង មិនបាន ធ្វើបាតុកម្ម, យើង មិនបាន បង្ហាញកម្លាំងយើង។ មានមនុស្ស រាប់លាននាក់ ដង្ហែក្បួន តាមផ្លូវថ្នល់ សម្បទាន ដែលគេ ឲ្យហ្នឹង, ស្មានតែ គេ ឲ្យទទេៗ? ទាល់តែ យើង តស៊ូ, យើង លះបង់, យើង ធ្វើពលិកម្ម។ គ្នាយើង ស្លាប់; គ្នាយើង របួស; គ្នាយើង ជាប់គុក។ ក្នុងការតស៊ូ មុន នឹងបាន ទទួលផល អ្វីមួយ, ទាល់តែ មានការលះបង់។»
លោក ក៏បានអំពាវនាវ ដល់ពលរដ្ឋ ធ្វើការ បែងចែក ឲ្យដាច់ រវាង ការចូល ក្នុងរដ្ឋាភិបាល ដើម្បី ទោរទន់ ជាមួយ គណបក្ស កាន់អំណាច និងការចូល ក្នុងសភា ដើម្បី ប្រយុទ្ធ តតាំងគ្នា តាមនីតិវិធីច្បាប់។
«តំណែងនេះ គឺ តំណែង ប្រជារាស្ត្រ ឲ្យមកយើង។ យើង មិនទាន់ទៅ យកភ្លាម។ តែ យើង ត្រូវ រៀបចំ ស្ថានការណ៍ ដើម្បី ធានាថា, យើង ចូលទៅ ប្រយុទ្ធ មានប្រសិទ្ធភាព បានយើង ចូល។ យើង ចូលឆាប់ពេក ក៏អត់មាន ប្រយោជន៍ទេ, អាចគ្រោះថ្នាក់។ ឥឡូវនេះ ស្ថានការណ៍, វា ទុំហើយ, បន្ទាប់ ពីយើង បានតស៊ូ តាមរូបភាព បាតុកម្ម។ ហើយ ឥឡូវ, វា ត្រូវ ឈានដល់ ដំណាក់កាល មួយទៀត មុន នឹងសម្រេច ចូលហ្នឹង។ យើង បានចុះកិច្ចព្រមព្រៀង ដើម្បី ធានា រូបមន្ត ណាមួយ, ហើយ រូបមន្ត មួយចំនួន ធ្វើម៉េច ឲ្យយើង មានមធ្យោបាយ ប្រយុទ្ធ។ ប្រយុទ្ធឈ្នះ បានយើង ចូល។ យើង មិនទៅ ប្រយុទ្ធ ដៃទទេទេ, ហើយ អ្វី ដែលយើង ត្រូវការ គឺ យើង បានហើយ។ ការធានានេះ យើង បានហើយ។»
លោក នឹងធ្វើ ឲ្យមាន ការកែទម្រង់ ដល់ការបោះឆ្នោត មុនគេ ជាអទិភាព នៅពេល ចូលសភា ដោយពន្យល់ ពីនីតិវិធីខ្លះ ថា៖
«ឥឡូវនេះ យើង មិនមែន ត្រឹមធ្វើ ឲ្យគ.ជ.ប. ចែងក្នុងច្បាប់ ធម្មតាទេ, គឺ ឲ្យមាន ការចែង ក្នុងច្បាប់ កំពូល។ ច្បាប់កំពូលហ្នឹង មិនមែន កែបានតាមចិត្ត។ រដ្ឋាភិបាល ដឹកនាំ ប្រទេស ពីអាណត្តិមួយ ទៅអាណតិ្តមួយ, គេ សម្រេច តាមមតិភាគ ច្រើន ដាច់ខាត, គឺ ៥០ភាគរយ បូកមួយ។ តែ កាលណា យើង ដាក់អ្វី ប្រការណាមួយ នៅក្នុងរដ្ឋធម្មនុញ្ញ គឺ ទាមទារ ឲ្យមាន មតិភាគច្រើន យ៉ាងតិច ២ ភាគ៣។ ហើយ គណបក្ស ប្រជាជនកម្ពុជា អត់មាន មតិ ២ ភាគ៣ទេ, ត្រូវការ គណបក្ស សង្គ្រោះជាតិ។ ដូច្នេះ ការងារ អ្វីៗ ទាំងអស់ គឺ ត្រូវ យកយោបល់ គណបក្ស សង្គ្រោះជាតិយក ទៅពិចារណ។ នេះហើយ ដែលយើង ថា, យើង បានសម្រេចអ្វី ដែលយើង ទាមទារ។»
លោក សម រង្ស៊ី ក៏បានអះអាង ថា, ក្រុមមេដឹកនាំ កំពូល នៃគណបក្ស ទាំងពីរ ក៏បាន ពិភាក្សាគ្នា បន្ទាប់ ពីចូលគាល់ ព្រះមហាក្សត្រ កាលពីថ្ងៃ ព្រហស្បតិ៍ ថា, នឹងរៀបចំ មិនឲ្យមាន ការជាប់គាំង ក្នុងរឿងជ្រើសរើស សមាភាព គ.ជ.ប. ទេ។
«យើង បានសម្រេច ថា, យើង ជ្រើសរើស ឲ្យហើយ មុនដាក់ចូល សភា។ ដូច្នេះ អត់មាន ការជាប់គាំងទេ។ យើង ដោះស្រាយ តាំងពីឥឡូវ ថា មនុស្សនោះ អាចទុកចិត្តបាន. ឯករាជ្យ, ឥតលម្អៀង, ធ្វើការត្រឹមត្រូវ គឺ ធ្វើការ យោងតាម គតិ យុត្តិធម៌។ បើ មានសំណុំរឿង ណាមួយ ត្រូវ យកមក ពិនិត្យ ដោះស្រាយ, អត់មាន បញ្ហាថា, ត្រូវ កាន់ជើង គណបក្សនេះ ឬគណបក្ស នោះទេ។ អ្វី ដែលសមរម្យ, អ្វី ដែលយុត្តិធម៌, ត្រូវតែ សម្រេច តាមហ្នឹង។ អញ្ចឹងហើយ យើង នឹងដឹង សខ្មៅ ឆាប់ៗ ខាងមុខនេះ, ដឹង ពីសមាភាព ទាំង៩រូប នៃ គ.ជ.ប. ថ្មី។ នេះហើយ ដែលធ្វើ ឲ្យខ្ញុំ និងបងប្អូន ដែលតាមដាន រឿងនេះ ជាប់លាប់ មានសេចក្តី សង្ឃឹមថា,ការបោះឆ្នោត លើកក្រោយ មិនមែន ដូចការបោះឆ្នោត មុនៗ ទៀតទេ។»
លោក ថ្លែងថា គ.ជ.ប. ថ្មី នឹងមាន អាណត្តិ, មានលក្ខន្តិកៈ, មានមធ្យោបាយ, មានថវិកា ស្វយ័ត ចែងនៅក្នុង រដ្ឋធម្មនុញ្ញ, ធ្វើកិច្ចការ ដោយខ្លួនឯង, រឿងការចុះឈ្មោះ, និងដំណើរការ បោះឆ្នោត ផ្សេងៗ ដោយមិនពឹងពាក់ ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែល៩៨ ភាគរយ ជាសមាជិក គណបក្ស ប្រជាជនកម្ពុជា នោះទៀតទេ។
SAM RAINSY STOP LYING TO KHMERS. KHMERS ALREADY KNOW YOU ARE NOTHING MORE THAN LIE TO YOUR OWN SUPPORTORS. WE WILL DO EVERYTHING WE CAN TO DESTROY YOUR CNRP IN 2018.
ReplyDeleteI think he is smart enough to face CPP in the national assembly. Supporters outside Cambodia should not criticize CNRP leaders, it's only make them weaker.
ReplyDelete