Paris Peace Accords 23 Oct. 1991

Saturday, August 16, 2014

ក្រុម​កំណែទម្រង់​ ការបោះឆ្នោត​ រិះគន់​ រូបមន្ត​ បង្កើត​គ.ជ.​ប​ថ្មី

ក្រុម​កំណែទម្រង់​ ការបោះឆ្នោត​ រិះគន់​ រូបមន្ត​ បង្កើត​គ.ជ.​ប​ថ្មី

លោក ​ព្រាប​​ កុល​ ប្រធាន​​​អង្គការ​​តម្លាភាព​​កម្ពុជា​ និង​ជា​សមា​ជិក​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​​​បោះឆ្នោត​។
លោក ​ព្រាប​​ កុល​ ប្រធាន​​​អង្គការ​​តម្លាភាព​​កម្ពុជា​ និង​ជា​សមា​ជិក​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​​​បោះឆ្នោត​។
ស៊ុយ ហ៊ាមខេមរា / វីអូអេ / ១៥ សីហា ២០១៤
ភ្នំពេញក្រុម​អង្គការសង្គម​ស៊ីវិល​​​ និង គណបក្ស​នយោបាយ ​ដែល​មិនបាន​ជាប់​ឆ្នោត ​ក្នុង​ការ​បោះ​ឆ្នោត​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ពី​២០១៣ បាន​ហៅការ​រៀបចំ​ សមាសភាពថ្មី​ នៃ​គណៈកម្មាធិការ​ ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គជប)​ថា ទំនងគ្រាន់​តែជា ការ​ចែកអំណាច​គ្នា រវាង​គណបក្សប្រជាជន​កម្ពុជា​ និង ​សង្គ្រោះជាតិ​តែប៉ុណ្ណោះ។
សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​តុ​មូល​មួយ​ស្តី​ពី​ការវាយ​តម្លៃ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្សកាន់​អំណាច​ទាំង​ពីរ​ដែល​រៀប​ចំ​ដោយ​សម្ព័ន្ធកំណែ​ទម្រង់​ការបោះឆ្នោតនៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍។ ​សម្ព័ន្ធកំណែ​ទម្រង់​ការបោះឆ្នោត​នេះ​មាន​អង្គការ​ជា​សមាជិក​ចំនួន​២០​អង្គការ។
​លោក ​យ៉េង​ វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ថ្លែង​ថានីតិ​វិធីក្នុង​ការ​ជ្រើសរើស​សមាជិក​គ.ជ.ប​ថ្មី​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​នៅឡើយ។
ជាមួយ​គ្នា​នេះ​លោក ​ព្រាប កុល​ ប្រធាន​អង្គការតម្លាភាពកម្ពុជា​ និង​ជា​សមា​ជិក​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​បាន​សម្តែង​ការ​សោកស្តាយ​នៅ​ពេល​ដឹងថាគណបក្ស​នយោ​បាយ​ជាប់​ឆ្នោត​ទាំង​ពីរបាន​ព្រមព្រៀង​ដោយ​រើស​សមាសភាព​គជប​ថ្មី៨នាក់​ចេញ​ពី​គណបក្ស​នយោ​បាយ។
​លោក​បន្ថែមថា​លោក​ចង់​ឃើញសមាជិក​ថ្មី​ចុះ​ហត្ថលេខា​ ហើយ​សន្យា​ថា​នឹងធ្វើ​ការ​ដោយយុតិ្តធម៌​ ​ឯករាជ្យ​ ដាច់​ខាត​ប្រឆាំង​អំពើ​ពុក​រលួយ​ មិនមែន​ជាអ្នក​ដែល​មាន​មុខ​តំណែង​ក្នុង​ស្ថាប័ន​សាធារណៈ​ និងដាច់​ខា​តកុំ​ឲ្យជ្រើ​សរើសក្រុម​គ្រួសារ​សាច់ញាតិ​របស់​អ្នក​មាន​អំណាច។
«យើង​ចាប់​ផ្តើមដំបូង​របស់​សង្គម​ស៊ីវិល​តែ​ការ​ចង់​បាន​នេះ​យើង​មិនទទួល​បាន​ទេ។ យើង​ចង់​បាន​គជប​ហ្នឹង​ឯករាជ្យ​ទាំងស្រុង​មិន​ចេញមក​ពីគណបក្ស​នយោបាយ​ទេ»។
​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់វិបត្តិនយោបាយ​នៅ​កម្ពុជា។
ក្នុងចំណោម​កិច្ចព្រមព្រៀង​នានា​ គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាពជ្រើសរើស​សមាសភាព​គជប​ថ្មី​តាមរូប​មន្ត​ ៤-៤-១​ ឬ​មាន​ន័យ​ថា​ក្នុង​សមាជិក​គជប​ថ្មី​នឹង​មាន​៤នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ៤​នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និងម្នាក់​ទៀត​មក​ពី​ស្ថាប័ន​ឯករាជ្យ។
ក្នុង​កិច្ច​ប្រជុំ​តុមូល​មាន​គណបក្ស​នយោបាយ​ចំនួន​៥​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​នោះ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្សហ៊្វុន​ស៊ីន​ប៉ិច​ គណបក្ស​ខ្មែរឈប់​ក្រ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គណបក្ស​សាធារណរដ្ឋ​ខ្មែរ។
លោក​ ញ៉ឹក​ ប៊ុន​ឆៃ​អគ្គ​លេខា​ធិការ​គណបក្សហ៊្វុនស៊ីន​ប៉ិចហៅ​រូប​មន្ត​ជ្រើសរើស​សមាសភាព​គជប​ថ្មីព្រម​ព្រៀង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​សង្គ្រោះជាតិ​ថា​មិនបាន​ឆ្លើយ​តប​នឹងតម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នៅ​ឡើយ។
«ច្បាស់​ជា​ការ​អនុវត្ត​នៅ​ពេល​នេះ​គឺ​សំដៅ​ទៅយក​ចំណុច​តុល្យភាព​នយោបាយ​ហើយ។សមាសភាព​ចម្រុះ​រវាង​បក្ស​ធំៗ​ទាំង​ពីរ​ហ្នឹង​ហើយ​ដែល​រៀប​ចំ»។
​លោក​ស៊ុន​ ណារិទ្ធ​ តំណាង​គណបក្សខ្មែរ​ឈប់ក្រ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ដែរ​នោះ​ជឿជាក់​ថាបុគ្គល​មាន​អំណាច​នឹង​នៅ​តែបន្ត​លូកចូល​ក្នុង​កិច្ច​ការ​របស់​គជប​ថ្មី។
​«មាន​ន័យ​ថាមាន​៩​រូប​ហ្នឹង​ក៏​ដោយនៅ​ពេល​អ្នក​មាន​អំណាច​លូក​ដៃ​ចូល​ក្នុងគណៈកម្មាធិការ​នេះ មាន​ន័យ​ថា​៩រូប​នោះ​អត់​ប្រយោជន៍»។​
ដោយ​ឡែក​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ខ្មែរ​វិញ​ក៏បាន​សម្តែង​មតិ​ស្រដៀង​គ្នា​នេះ​ដែរ។ តំណាង​នៃ​គណបក្ស​ទាំងពីរ​ចង់​ឲ្យ​មាន​ការ​ចែង​ពី​តួនាទី​ និង​ការទទួល​ខុសត្រូវ​របស់​សមាជិក​គ.ជ.ប​ថ្មី​ឲ្យ​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​ចែង​ច្បាប់ដាក់​ទោស​ដល់​សមាជិក​ណា​ដែល​ប្រព្រឹត្ត​ខុស។
​លោក​គួយ​ ប៊ុន​រឿន​តំណាង​មន្ត្រី​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​ស្គាល់​ថា​មានការ​ងារ​មួយចំនួន​ដែល​គណបក្ស​របស់​លោក​នៅ​មិនទាន់​អាចធ្វើ​ការ​ឲ្យ​បាន​ល្អគ្រប់​សព្វ។ ​
​ក៏ប៉ុន្តែ​លោកបញ្ជាក់​ថា​ការ​ងារ​ភាគច្រើន​ត្រូវ​រង់​ចាំរហូត​ដល់​ពេល​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់បោះឆ្នោត​ត្រូវបានកែប្រែជា​មុនសិន។​
​មិនមាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ទេ។​ ក៏ប៉ុន្តែ​លោក​ឈាង​ វ៉ុន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាថ្លែង​ថាប្រសិន​បើ​គ្មានការ​ចែក​ការងារគ្នា​រវាង​គណបក្ស​ទាំង​ពីរដើម្បី​ធ្វើ​ការ​ងារ​នោះ​ទេ​អ្វីៗ​ក៏​មិនអាច​ដំណើរ​ការ​បាន​ដែរ។​
​«បើ​មិន​បែង​ចែក​អំណាច​មិន​ដឹងរៀបចំ​ក្បាល​ម៉ាស៊ីន​ធ្វើ​ការ​យ៉ាងម៉េច។ ទៅយក​ពីណាមកធ្វើ​ការ​ខ្ញុំ​អត់​យល់។ គេខំឃោសនា​អ្វីៗ​ទាំង​អស់​ហ្នឹង​ដើម្បី​អំណាច​ហ្នឹងហើយ​មួយៗ»។
យ៉ាងណាមិញ​លោកបណ្ឌិត​ឡៅ​ ម៉ុងហៃ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ថ្លែង​ថា​គេ​មិនអាច​រក​ភាព​ឯក​រាជ្យ​របស់​គជប​ថ្មី​បាន​ទេនៅ​ពេល​ដែល​សមាជិកត្រូវបានចាត់តាំង​ពី​គណបក្ស​នយោបាយ។​
«តើ​ទៅ​ឯករាជ្យ​ម៉េច​កើត​បើមាន​ចាត់តាំង​ពី​គណបក្សនយោបាយ​ហ្នឹង តើ​ហេតុ​អ្វី​គណបក្ស​ហ្នឹង​ត្រូវ​ការ​បួន​បួន​ហ្នឹង​ដើម្បី​អ្វី? វាមាន​មូលហេតុ​ហើយ។​អាហ្នឹង​ហើយ​ប្រទាញប្រទង់​គ្នា»។
​រហូតមក​ទល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​នៅឡើយ​អំពី​បេក្ខជន​ដែល​ត្រូវ​តែងតាំង​ជា​សមាជិក​គជប​នោះ៕

No comments:

Post a Comment