អតីត គណៈស្រុក ខ្មែរក្រហម តតាំងនឹង ចៅក្រមតុលាការ ខ្មែរក្រហម ពេលអានដីកា
រូបថតដែលបានថតនៅដើមខែសីហា ឆ្នាំ២០១៤នេះ បង្ហាញអ្នកស្រី អ៊ីម ចែម អង្គុយនៅផ្ទះគាត់នៅក្នុងស្រុកអន្លង់វែង ដែលជាអតីតទីតាំងខ្មែរក្រហមនៅក្នុងភាគខាងជើងនៃប្រទេសកម្ពុជា។ (រូបថតផ្តល់ឲ្យដោយ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)វីអូអេ / សុខ ខេមរា / ១៩ សីហា ២០១៤វ៉ាស៊ីនតោន—ជនសង្ស័យ ក្នុងសំណុំរឿង ចម្រូងចម្រាស់ ០០៤ ម្នាក់នៃ សាលាក្តី ខ្មែរក្រហមដែល ចូលរួមដោយអ.ស.ប.គឺអ្នកស្រី អ៊ឹម ចែម បានតតាំងដោយផ្ទាល់ ជាមួយនឹង សហចៅក្រម ស៊ើបអង្កេតបរទេស គឺលោក ម៉ាក ហាមែន (Mark Harmon) នៅពេលអានដីកា ជូនដំណឹងអំពី បទឧក្រិដ្ឋ ដែលបានចោទ ដោយអ្នកស្រីថ្លែងថា អ្នកស្រី មិនទទួលយក បទចោទប្រកាន់នោះទេ។«គេអានដីកាហ្នឹងហើយគេឲ្យខ្ញុំឆ្លើយ។ ខ្ញុំអត់ឆ្លើយ»។អ្នកស្រីបានអះអាងទៀតថា លោកម៉ាក ហាមែន (Mark Harmon) ជាមួយ នឹងអ្នកបកប្រែភាសា បានមកគេហដ្ឋានរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែសីហា មួយថ្ងៃក្រោយការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗពីរនាក់ គឺនួន ជានិងខៀវ សំផន។ ចៅក្រមបានអានដីកាលើកយកបទចោទពីបទឧក្រិដ្ឋនានា នៅសម័យខ្មែរក្រហម និងពីបទដែលអ្នកស្រីបានបង្ខំឲ្យមានការរៀបអាពាហ៍ពិពាហ៍ជាដើម៖«គាត់មកខ្លួនឯង។ ខ្ញុំអត់ឆ្លើយ។ ខ្ញុំឲ្យទៅសួរមេធាវីខ្ញុំ»។អ្នកស្រី បានអះអាងថា សហចៅក្រមស៊ើបអង្កេតបរទេសដដែលបានឲ្យអ្នកស្រី ចុះហត្ថលេខាទទួលយកដីកាជូនដំណឹងនោះ តែអ្នកស្រីមិនទទួលយក ហើយនៅពេលគេឲ្យអ្នកស្រីរក្សាទុកឯកសារនោះ ក៏អ្នកស្រីមិនទទួលយក។ អ្នកស្រីអ៊ឹម ចែមអះអាងថា អ្នកស្រីបានជំរាបឲ្យចៅក្រមយកទៅជូនមេធាវីអ្នកស្រីនៅ ភ្នំពេញ។នៅពេលសួរ ថាហេតុអ្វីបានជាអ្នកស្រីមិនបំភ្លឺជាមួយនឹងសហចៅក្រមស៊ើបអង្កេត អ្នកស្រីអ៊ឹម ចែមបានអះអាងថា៖«ខ្ញុំអត់បំភ្លឺ ព្រោះអី គេចេះតែសរសេរ ចោទទទេៗ អត់ពិត របៀបចោទទទេៗ។ ខ្ញុំអត់ឆ្លើយ»។ការ បដិសេធរបស់អ្នកស្រីអ៊ឹម ចែមបានធ្វើឲ្យដំណើរការនីតិវិធីនៅនឹងមួយ កន្លែងជាងមួយសប្តាហ៍ហើយ ដោយគ្មានការអនុវត្តនីតិវិធីបន្តទេ។ក្រុម អ្នកឃ្លាំមើលសាលាក្តីបានអះអាងថា កិច្ចសហការពីអាជ្ញាធរនិងមន្ត្រី តុលាការភាគីកម្ពុជាគឺជារឿងសំខាន់ក្នុងការអនុវត្តនីតិវិធីចាប់ ឃុំខ្លួនជនសង្ស័យឬមិនអនុវត្តនីតិវិធីនេះ។ ក្រុមអ្នកឃ្លាំមើលកំពុងរង់ចាំមើលដំណើរការទៅមុខនេះ ថាតើសហចៅក្រមស៊ើបអង្កេតបរទេសហ៊ានចាត់ការយ៉ាងណា ហើយទទួលបានកិច្ចសហការយ៉ាងណាពីចៅក្រមភាគីកម្ពុជា។អ្នកស្រី អ៊ឹម ចែម អាយុ៦៨ឆ្នាំ រស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ ស្ថិតក្នុងចំណោមជនសង្ស័យ៣នាក់ក្នុងសំណុំរឿង០០៤ ដែលពាក់ព័ន្ធនឹងបទចោទអំពីឧក្រិដ្ឋកម្មជាច្រើនក្នុងសម័យ ខ្មែរក្រហម។ អ្នកស្រីអ៊ឹម ចែមត្រូវសហព្រះរាជអាជ្ញាចោទប្រកាន់ថា បានពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ក្នុងតំបន់ពាយព្យប្រទេសនិងបទឧក្រិដ្ឋកម្មផ្សេងៗទៀតក្នុងសម័យ ខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។ តែក្នុងកិច្ចសម្ភាសន៍ជាមួយវីអូអេ អ្នកស្រីបានបដិសេធថា អ្នកស្រីគ្មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះទេ។ អ្នកស្រី អះអាងថា អ្នកស្រីបានផ្តោតទៅលើការបង្កបង្កើនផលតែប៉ុណ្ណោះ ពេលអ្នកស្រី កាន់កាប់ជាគណៈស្រុកព្រះនេត្រព្រះពេលនោះ។អ្នកស្រីអ៊ឹម ចែមធ្លាប់បដិសេធមិនទៅតុលាការម្តងហើយ នៅពេលអតីតសហចៅក្រមស៊ើបអង្កេតបម្រ៉ុងគឺលោក Laurent Kasper Ansermet កោះហៅឲ្យអ្នកស្រីទៅបំភ្លឺពីកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០១២។ ការកោះហៅនោះគឺចំពេលដែលកម្ពុជានិងអ.ស.ប.កំពុង មានការប្រឈមមុខដាក់គ្នាអំពីសំណុំរឿងបន្ថែមនេះ ទាំងកិច្ចសហប្រតិបត្តិការរវាងសហចៅក្រមស៊ើបអង្កេតបរទេសនិងភាគី កម្ពុជា និងបញ្ហាថវិកា ហើយនឹងការជ្រៀតជ្រែកផ្នែកនយោបាយ។ លោក ចៅក្រម Ansermet បាន លាឈប់ពីតំណែង ក្រោយពេលលោកមិនអាចបំពេញកិច្ចការរបស់លោកបាន ដោយសារតែគេបានរាយការណ៍មកថា មានការជ្រៀតជ្រែកផ្នែកនយោបាយនោះ។ទោះជា យ៉ាងណាក៏ដោយ ការកោះហៅនឹងការជូនដំណឹងដល់អ្នកស្រី អ៊ឹម ចែមជាថ្មីពីបទចោទនេះបានកើតឡើង ក្រោយរយៈពេល២ឆ្នាំបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតអ.ស.ប.សញ្ជាតិអាមេរិកាំងគឺលោក Mark Harmon បានចូលកាន់មុខតំណែង និងការបន្តកិច្ចការភាគច្រើនពាក់ព័ន្ធនឹងសំណុំរឿង០០៣ និង០០៤ នេះ៕
No comments:
Post a Comment