នាយករដ្ឋមន្ត្រីខ្មែរ ចំអកឱ្យ អ្នកមិនហ៊ាន រិះគន់អាមេរិក ចំពោះ ហិង្សានៅ Ferguson
វ៉ាស៊ីនតោន—
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ថាមានស្តង់ដា ខុសគ្នា ដែលស្ថាប័ន សិទ្ធិមនុស្ស និង សហរដ្ឋអាមេរិក បានដាក់មកលើ ប្រទេស របស់លោក ក្នុងពេលក ន្លងមក ដោយលោក បានលើកយក ឧទាហរណ៍នៃ ការបង្ក្រាប ក្រុមបាតុករ តវ៉ានៅទីក្រុង Ferguson ក្នុងរដ្ឋមីស៊ូរី ថាមិនមាន ស្ថាប័នសិទ្ធិមនុស្ស ណាហ៊ានរិះគន់នោះទេ។ យ៉ាងហោចណាស់ មានអ្នកតវ៉ា ជាង១០០នាក់ ត្រូវបានអាជ្ញាធរ ប៉ូលិស ចាប់ឃាត់ខ្លួន ក្នុងការតវ៉ា រយៈពេល១១ថ្ងៃ បន្ទាប់ពី មន្ត្រីប៉ូលិស មូលដ្ឋានម្នាក់ បានបាញ់សម្លាប់យុវជនស្បែកខ្មៅម្នាក់ ដែលមិនមាន អាវុធ កាលពីថ្ងៃទី៩ខែសីហា។
«បាតុកម្មនៅអាមេរិកគឺជារឿងរបស់អាមេរិកហើយប៉ុន្តែរឿងនៅអាមេរិកវាដូចជាឆ្ងល់ដែរ អាមេរិកគ្រាន់តែបាតុករគប់ដបទឹកសុទ្ធដាក់សមត្ថកិច្ចត្រូវចាប់ខ្លួនភ្លាមៗ។ អាមេរិកដូចអត់ថាអី។ ដល់មកដល់ស្រុកយើងគេដុតទាំងឡានគេគប់នឹងដុំថ្ម គេបាញ់ជំពាមកៅស៊ូគ្រាប់ដែកដល់យើងគ្រប់គ្រងស្ថានការណ៍គេថាយើងរំលោភសិទ្ធិមនុស្ស។ ខ្ញុំមិនថាដៀមដាមឱ្យអាមេរិកទេប៉ុន្តែស្តង់ដាខុសគ្នា»។
យុវជន ម៉ាយឃើល ប្រោន អាយុ១៨ឆ្នាំត្រូវបានប៉ូលិសបាញ់សម្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាដែលមិនដឹងមូលហេតុច្បាស់លាស់។ នៅមុនពេលរងការបាញ់សម្លាប់នេះប្រោនបានចូលលួចបារីមួយសុងពីហាងតូចមួយ។ នេះបើតាមការអះអាងរបស់ប៉ូលិស។ ប៉ុន្តែគេមិនអាចបញ្ជាក់បានថាការបាញ់សម្លាប់នោះដែលកើតមានឡើងនាពេលក្រោយមកមានជាប់ទាក់ទឹននឹងហេតុការណ៍នោះឬយ៉ាងណា។
ការតវ៉ាបានផ្ទុះឡើងជាច្រើនកន្លែងទាមទាររកយុត្តិធម៌ឱ្យម៉ាយឃើល ប្រោន ហើយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានចាត់ឱ្យមានការស៊ើបអង្កេតដិតដល់និងប្រកបដោយតម្លាភាពដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អេរិក ហូលដឺ បានទៅដល់កន្លែងកើតហេតុហើយកាលពីថ្ងៃពុធបានជួបជាមួយនឹងប្រធានសហគមន៍ ពលរដ្ឋក្នុងទីក្រុង និងម្តាយឱពុករបស់ប្រោនដោយសន្យាថានឹង«ធ្វើការស៊ើបអង្កេតដោយយុត្តិធម៌ និងឯករាជ្យ» ចំពោះមរណភាពកូនរបស់ពួកគេ។
ក្រុមគណៈវិនិច្ឆ័យដែលស៊ើបអង្កេតករណីសម្លាប់នេះបានចាប់ផ្តើមពិនិត្យមើលភស្តុតាងចាប់តាំងពីថ្ងៃពុធមកហើយនឹងសម្រេចថាចោទប្រកាន់ ឬមិនចោទដាក់ លោកដារឹន វីលសុនដែលជាអ្នកបានបាញ់សម្លាប់ជនរងគ្រោះ។
លោកដារឹន វិលសុនត្រូវបានឱ្យសម្រាកពីការងារប៉ុន្តែក្រុមគ្រួសារប្រោននិងអ្នកគាំទ្របានអំពាវនាវឱ្យចាប់ខ្លួនមន្ត្រីប៉ូលិសរូបនោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបន្ថែមទៀតថា៖
«ហើយស្រុកអាមេរិកមិនងាយបាតុកម្មបែបហ្នឹងកើតឡើងទេប៉ុន្តែអានេះកង់ត្រាចកង់ធ្នង់ថ្ងៃហ្នឹងប៉ះយើងថ្ងៃស្អែកប៉ះគេ។ រឿងវាអញ្ចឹង។ អញ្ចឹងយើងត្រូវមានស្តង់ដាមួយដល់គេធ្វើថាគេអញ្ចេះអញ្ចុះដើរប្រដៅគេ។ ឥឡូវខ្ញុំមិនទាន់ឮអ្នកដែលវាស្រែកឱ្យយើងជាពិសេសប្រែដ អាដាមស្រែកទៅរដ្ឋការអូបាម៉ាយ៉ាងម៉េចប្រែដអាដាម?»។
លោកនាយករដ្ឋមន្ត្រីបានអះអាងថាវិធានការកន្លងមករបស់រដ្ឋាភិបាលលោកលើសកម្មភាពតវ៉ានានានិងការបិទទីលានប្រជាធិបតេយ្យដែលមានទំហំតូចជាងតំបន់ដែលអាជ្ញាធរអាមេរិកដាក់បម្រាមគោរចរគឺដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នៅកម្ពុជា ការតវ៉ារបស់កម្មករនិងគណបក្សប្រឆាំងបានកើតមានឡើងក្នុងរយៈពេលជាប់គាំងនយោបាយក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣ ហើយយ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ត្រូវបានបាញ់សម្លាប់ក្នុងការបង្ក្រាបហិង្សារបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងចំណោមជនរងគ្រោះមានស្ត្រីអ្នកលក់ដូរតាមផ្លូវម្នាក់និងកម្មករម្នាក់ដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយជាប់ក្នុងហេតុការណ៍ហិង្សា។ ប៉ុន្តែគ្មានការដាក់ទោសនិងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះនៅឡើយទេ។ រីឯឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនី៣នាក់ឱ្យរងរបួសស្ទើរបាត់បង់ជីវិតនៅខេត្តស្វាយរៀងនៅ មិនទាន់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅឡើយ។
អ្នកវិភាគខ្លះថាសភាពការណ៍នៅ Ferguson ក្នុងរដ្ឋមីស៊ូរី ស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយដែលពិបាកក្នុងការទាញសន្និដ្ឋានណាមួយច្បាស់លាស់ហើយអាជ្ញាធរប៉ូលិសក៏បានព្យួរការងារមន្ត្រីប៉ូលិសម្នាក់ទៀតជារៀងរហូតក្រោយពីគេបានយកកាំភ្លើងភ្ចង់បាតុករកាលពីយប់ថ្ងៃពុធហើយគំរាមផ្ទាល់មាត់ថាចង់សម្លាប់៕
No comments:
Post a Comment