មន្ត្រី អូស្ត្រាលី ថា, កម្ពុជា ទទួលជំនួយ ប្រមាណ ៣៥លាន ដុល្លារ ជាថ្នូរ នឹងការទទួល ជនភៀសខ្លួន
VOD | 26 កញ្ញា 2014
លោក ស្កុត ម៉ូរីសុន (Scott
Morrison) រដ្ឋមន្ត្រី ក្រសួង អន្តោប្រវេសន៍ និងកិច្ចការពារ ព្រំដែន អូស្ត្រាលី
នឹងចុះ ហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ជាមួយ ភាគី កម្ពុជា នៅរសៀល ថ្ងៃសុក្រនេះ (រូបថត ដោយ AFP)
មន្ត្រីជាន់ខ្ពស់ អូស្ត្រាលី ឲ្យដឹងថា, រដ្ឋាភិបាល ប្រទេស អូស្ត្រាលី បានចំណាយ ទឹកប្រាក់ ជំនួយបន្ថែម ចំនួន ៣៥លាន ដុល្លារ អាមេរិក សម្រាប់ រយៈពេល ៤ឆ្នាំ ជាថ្នូរ នឹងការផ្ទេរ ជនភៀសខ្លួន ពីប្រទេស របស់ខ្លួន មកកម្ពុជា។
រដ្ឋាភិបាល កម្ពុជា និងអូស្ត្រាលីសម្រេចចុងក្រោយក្នុងការចុះហត្ថលេខាលើអនុស្សរណៈទទួលយក ជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៣រសៀលនៅទីស្តីការក្រសួងមហាផ្ទៃ។
មុនពេលធ្វើដំណើរមកកម្ពុជាដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នានេះ លោក ស្កុត ម៉ូរីសុន(Scott Morrison)រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី ប្រាប់សារព័ត៌មានអូស្ត្រាលីABCថាប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយ បន្ថែមចំនួន៣៥លានដុល្លារអាមេរិកលើជំនួយដែលមានស្រាប់ប្រមាណ៧០លាន ដុល្លារអាមេរិកសម្រាប់គម្រោងលើផ្នែកអង្ករ ការដោះមីន និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតជាដើម។លោកបន្តថារដ្ឋាភិបាល អូស្ត្រាលីនឹងចំណាយលើការស្នាក់នៅផ្សេងៗទៀតដល់ជនភៀសខ្លួន។
VOD មិនអាច សុំការអត្ថាធិប្បាយ ពីរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង ភ្លាមៗ បាននៅឡើយទេ។
លោក ស្កុត ម៉ូរីសុន ឲ្យដឹងទៀតថាការផ្ទេរជនភៀសខ្លួនមកកម្ពុជាអាចនឹងត្រូវធ្វើឡើងនៅ ចុងឆ្នាំ២០១៤នេះ ដោយមិនមានការកំណត់ចំនួនឡើយ។លោកបន្តថាការផ្ទេរជនភៀសខ្លួននេះនឹង ជួយប្រទេសអូស្ត្រាលីអាចសម្រេចនូវគោលនយោបាយ «មិនមាននរណាម្នាក់មកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី។» ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសអូស្ត្រាលីបានណែនាំគោលនយោបាយចម្រូងចម្រាសមួយក្នុងគោលបំណង លុបបំបាត់លំហូរទូកជនភៀសខ្លួនពីប្រទេសឥណ្ឌូនេស៊ី។
សារព័ត៌មានBBCរាយការណ៍ថាជនភៀសខ្លួនទាំងនោះមកពីប្រទេស អាហ្គានីស្ថាន ស្រីលង្កា អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលបានធ្វើដំណើរមកតំបន់កោះអូស្ត្រាលីតាមរយៈទូកពីប្រទេស ឥណ្ឌូនេស៊ី។
រហូតមកដល់ពេលនេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានរិះគន់ទៅលើគម្រោងនៃការចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួននេះ ដោយសារពួកគេយល់ថាកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់ និងមិនមានហេដ្ឋារចនាសម្ព័ន្ធក្នុងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី មកស្នាក់នៅនៅពេលនេះ។ ចំណុចខ្វះខាតមួយចំនួនទៀត ដែលកម្ពុជាមិនអាចបំពេញតម្រូវការជនភៀសខ្លួនបាន រួមមានអត្រាមិនមានការងារធ្វើខ្ពស់ ប្រព័ន្ធអប់រំនៅមានកម្សោយ ប្រព័ន្ធសុខាភិបាលមិនគ្រប់គ្រាន់ បញ្ហាអំពើពុករលួយ ការគោរពសិទ្ធិមនុស្សនៅមានកម្រិត និងបញ្ហាដីធ្លី។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថាកម្ពុជានឹងទទួលយកជនភៀសខ្លួនតិចតួចសិនក្នុងដំណាក់កាល សាកល្បង មុននឹងឈានទៅយករាប់រយនាក់។លោកបន្តថារដ្ឋាភិបាលនឹងបន្តធ្វើ ការងារនេះ ដើម្បីធានាថាកិច្ចព្រមព្រៀងមានអត្ថប្រយោជន៍ដល់កម្ពុជា។
លោក ស្កុត ម៉ូរីសុន(Scott Morrison) មានប្រសាសន៍ថាការរៀបចំជនភៀសខ្លួនមកកម្ពុជាជាការស្ម័គ្រចិត្ត ហើយអ្នកណាដែលជ្រើសរើសទៅកម្ពុជា សម្រេចដោយខ្លួនឯង។លោកបញ្ជាក់ថាការតាំងទីលំនៅនឹងមានលក្ខណៈ អចិន្ត្រៃយ៍សម្រាប់អ្នកដែលជ្រើសរើសយកការរៀបចំនេះ។
រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ទេរជនភៀសខ្លួនចំនួន១០០០នាក់ ចេញពីមណ្ឌលឃុំឃាំង Nauru ដើម្បីធ្វើឲ្យមណ្ឌលនេះទូលាយជាងមុន ដោយសារតែបច្ចុប្បន្នមានមនុស្សជាប់ឃុំនៅក្នុងនោះ រហូតដល់ទៅ១១៤៦ នាក់៕
No comments:
Post a Comment