ក្រសួង ការងារ, GMAC, និងសហជីព បើកកិច្ចពិភាក្សា លើបញ្ហា ប្រាក់ឈ្នួល កម្មករ
VOD | ១៧ កញ្ញា ២០១៤
ក្រសួង ការងារ, សមាគម រោងចក្រ កាត់ដេរ នៅកម្ពុជា (GMAC), និងសហជីព នៅថ្ងៃពុធនេះ បើកកិច្ចប្រជុំ ពិភាក្សា លើបញ្ហា ប្រាក់ឈ្នួល អប្បបរមា ស្របពេល ដែលបណ្ដា សហជីព នឹងចាប់ផ្ដើម យុទ្ធនាការ ទាមទារ ប្រាក់ឈ្នួល នៅថ្ងៃត្រង់នេះ។ប្រធាន សហព័ន្ធ សហជីព មិត្តភាព កម្មករ លោក សុខ សម្បត្តិ មានប្រសាសន៍ បន្ទាប់ចេញ ពីកិច្ចប្រជុំ នៅព្រឹកនេះ ថា, ការប្រជុំ នៅព្រឹកនេះ គឺ គ្រាន់តែ ជាការពិភក្សាគ្នា ធម្មតា ដោយគ្រប់ភាគី អាចលើកពីបញ្ហា និងយោបល់ របស់ខ្លួន, តែ មិនមែន ជាការចរចា នោះទេ។
បន្ទាប់ពីសម្រាកមួយភ្លែត នៅម៉ោងប្រមាណ១០និង៣០នាទីកិច្ចប្រជុំត្រូវបានបន្ត តែធ្វើឡើងជាលក្ខណៈបិទទ្វារដោយអ្នកសារព័ត៌មានមិនត្រូវបាន អនុញ្ញាតឲ្យចូលស្ដាប់ឡើយ។ ទោះយ៉ាងណា ប្រធានសហជីពមួយចំនួនរាប់បញ្ចូលទាំងលោក សុខ សម្បត្តិ មិនបានបន្តចូលរួមកិច្ចប្រជុំនេះទេ ដោយត្រូវទៅដឹកនាំយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាដែលបាន គ្រោងទុក។
តាមការគ្រោងទុក នៅពេលកម្មករសម្រាកបាយថ្ងៃត្រង់ពីម៉ោង១២ដល់ម៉ោង១រសៀលថ្ងៃនេះ បណ្ដាសហជីពនានាក្នុងព្រះរាជាណាចក្រកម្ពុជានឹងបើកយុទ្ធនាការទាមទារ ប្រាក់ឈ្នួលកម្មករដល់១៧៧ដុល្លារ។ ក្នុងយុទ្ធនាការនេះ បេក្ខភាពថ្នាក់ដឹកនាំ និងសកម្មជនរបស់សហជីពពី១០ទៅ១៥នាក់នឹងនាំគ្នាឈរនៅតាមមុខ រោងចក្រលើកបដា ដោយមានពាក់អាវបង្ហាញពីការទាមទារប្រាក់ឈ្នួល១៧៧ដុល្លារ និងបង្កប់ផ្លាកសញ្ញាក្រុមហ៊ុនដែលបញ្ជាទិញពីប្រទេសកម្ពុជាដូចជា ក្រុមហ៊ុន H&M GAP និង ADIDAS ជាដើម។
គួររំឭកដែរថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ កិច្ចចរចាត្រីភាគីរវាងសហជីពជាមួយក្រុមនិយោជកម្ចាស់រោងចក្រ និងក្រសួងការងារ នឹងពិភាក្សាលើបញ្ហាប្រាក់ឈ្នួលអប្បបរមានេះ៕
No comments:
Post a Comment