រដ្ឋាភិបាល ប្រកាស ទិញរថយន្ត បាញ់ទឹក ពីប្រទេស កូរ៉េ សម្រាប់ បង្ក្រាបបាតុកម្ម
VOD | 30 កញ្ញា 2014
រដ្ឋាភិបាល គ្រោងទិញ រថយន្តបាញ់ទឹក ពីប្រទេស កូរ៉េ ដើម្បី ទប់ស្កាត់ ចលនា តវ៉ា ក្នុងស្រុក ខណៈ អ្នកមានជម្លោះដីធ្លី នៅតែ បន្តដើរហែក្បួន ក្នុងរាជធានី ភ្នំពេញ ដើម្បី ស្វែងរក កិច្ចអន្តរាគមន៍ ពីស្ថាប័នជាតិ ធំៗ, ពិសេស ទៅផ្ទះលោក នាយករដ្ឋមន្ត្រី។
សេចក្តីប្រកាស ព័ត៌មាន ជាភាសា អង់គ្លេស ដែលចុះ ហត្ថលេខា ដោយរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង នាថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ឲ្យដឹង ថា, ក្រសួងនេះ កំពុងប្រកាស រកអ្នក ដេញថ្លៃ ផ្គត់ផ្គង់ ឡានទឹក ២គ្រឿង ដែលផលិត នៅប្រទេស កូរ៉េ។
លោក ស ខេង បញ្ជាក់ថា រថយន្តបាញ់ទឹក ដែលទិញមក ពីប្រទេស កូរ៉េនេះ គឺ សម្រាប់ យកមក ប្រើប្រាស់ ដើម្បី ប្រឆាំង នឹងការធ្វើ បាតុកម្ម។
អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ លើសេចក្តី ប្រកាស ថា, ប្រទេសនានា លើពិភពលោក គេ បានជ្រើសរើស ការបំបែក ក្រុមអ្នកតវ៉ា ដោយប្រើ វិធីបាញ់ទឹក ដើម្បី បញ្ចៀស ការប៉ះទង្គិច។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ ថា, ការចាត់ វិធានការ បង្ក្រាបក្រុម អ្នកតវ៉ា ដោយមិនបាន សិក្សាលម្អិត ពីផលប៉ះពាល់ ដើម្បី ស្វែងរក យុត្តិធម៌ពិត ជូនអ្នករងគ្រោះ គឺ ជាវិធានការ រំលោភ សិទ្ធពលរដ្ឋ។
មន្ត្រីឃ្លាំមើល ការរំលោ សិទ្ធិមនុស្ស នៅសមាគម អាដហុក លោក ចាន់ សុវេត យល់ថា ក្រសួងមហាផ្ទៃមានសិទ្ធិប្រើប្រាស់ថវិកាជាតិ សម្រាប់បំពេញភារកិច្ចការពារសណ្តាប់ធ្លាប់សង្គម។ ប៉ុន្តែលោកបន្ថែមថា បើវិធានការនោះ មានបំណងបម្រើឲ្យផលប្រយោជន៍គណបក្សនយោបាយណាមួយ នោះវាជាកាប្រើប្រាស់ថវិកាជាតិដោយខុសគោលដៅ។
ការប្រកាសទិញរថយន្ត សម្រាប់ទប់ស្កាត់ក្រុមអ្នកតវ៉ានេះ បានធ្វើឡើងស្របពេលដែលជម្លោះដីធ្លីបានផ្ទុះឡើងជាបន្តបន្ទាប់ទាំង នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ដែលអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបាន ធ្វើឲ្យមានចលនាដើរហែក្បួនក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាមន៍ពីស្ថាប័នជាតិធំៗ ដូចជា ស្ថាប័នព្រះមហាក្សត្រ រដ្ឋសភា ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងដែនដី និងផ្ទះលោកនាយករដ្ឋមន្ត្រីជាដើម ដែលការហែក្បួននោះរងការបង្ក្រាបជាញឹកញាប់ បណ្តាលឲ្យអ្នកតវ៉ាខ្លះរងរបួស និងខ្លះទៀតត្រូវចាប់ខ្លួន៕
No comments:
Post a Comment