Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

រដ្ឋា​ភិបាល ​នឹង​សិក្សា​លម្អិត ​ពី​ផល​ប៉ះ​ពាល់​ គម្រោង ​វារី​អគ្គិសនី​ ជាយ​ អារ៉ែង | Govt will look into impact of plan for hydro-electric dam at Chhay Areng

រដ្ឋា​ភិបាល ​នឹង​សិក្សា​លម្អិត ​ពី​ផល​ប៉ះ​ពាល់​ គម្រោង ​វារី​អគ្គិសនី​ ជាយ​ អារ៉ែង 

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៨ កញ្ញា ២០១៤

លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ (Alex Gonzalez-Davidson)

ក្រសួង​ រ៉ែ​ និង​ថាមពល ​នៅ​ល្ងាច​ ថ្ងៃ​សៅរ៍​ ម្សិលមិញ ​បាន​ចេញ​លិខិត​ បំភ្លឺ​មួយ​ អំពី​ គម្រោង​អភិវឌ្ឍ​ ទំនប់​ វារី​អគ្គិសនី​ ជាយ​ អារ៉ែង​ ក្នុង​ខេត្ត​ កោះ​កុង។ ​ ជា​ការ​បំភ្លឺ​ តប​ទៅ​ នឹងលិខិត ​របស់​ លោក​ស្រី​ តែ​ ច័ន្ទ​មនី​ ប្រធាន​ ទី​ស្តី ​គណៈ​កម្មការ​ ទី​៣​ នៃ​រដ្ឋសភា។ ​ ក្នុង​លិខិត​នោះ ​ក្រសួង​ រ៉ែ​ និង​ថាមពល​ បាន​បំភ្លឺ​ ថា, ​ពិត​មែន​ តែ​ គម្រោង​វារី​ អគ្គិសនី​ ជាយ​ អារ៉ែង ​មាន​អានុភាព​ ដំឡើង​ត្រឹម​ ១០៨​មេហ្គាវ៉ាត់, ​ប៉ុន្តែ​ វា​ អាច​ដំណើរ​ការ​ ស្ទើរ​ពេញ មួយ​ឆ្នាំ ​និង​ផ្តល់​ ថាម​ពល​ច្រើន​ ជាង​វារី​ អគ្គិសនី​ កំចាយ។

លិខិត ​ឆ្លើយ​បំភ្លឺ​ ចុះ​ថ្ងៃ​ ទី​២៧​ កញ្ញា ​ក្រសួង ​រ៉ែ​ និង​ថាមពល​ បាន​បញ្ជាក់​ ថា,​ គម្រោង​ សាងសង់ ​វារី​អគ្គិសនី ​ជាយ ​អារ៉ែង ​មាន​តាំង ​ពី​ឆ្នាំ​១៩៧០​ មក​ម្ល៉េះ, ​ហើយ ​រដ្ឋាភិបាល​ បច្ចុប្បន្ន​ គ្រាន់​តែ​ សិក្សា​បន្ត​ តែ​ប៉ុណ្ណោះ។​


ក្រសួង​ រ៉ែ​ និង​ថាមពល​ បង្ហាញ ថា, ​គម្រោង ​អភិវឌ្ឍន៍ ​វារី​ អគ្គិសនី​ ជាយ ​អារ៉ែង​ មាន​អានុភាព​ ១០៨ ​មេ​ហ្គា​វ៉ាត់, ប៉ុន្តែ ​វារី​អគ្គិសនី​នេះ ​អាច​ដំណើរ​ការ​ ស្ទើរ​ពេញ ​មួយ​ឆ្នាំ ​ដែល​បរិមាណ​ ថាមពល​ ផលិត​ប្រចាំឆ្នាំ ​មាន​រហូត​ដល់ ​៥៩៥​លាន ​គីឡូវ៉ាត់​ម៉ោង។​  គម្រោង​នេះ ​អាច​ផ្តល់​ ថាមពល​ច្រើន​ ជាង​វារី​អគ្គិសនី​ កំចាយ ​ដែល​ផលិត​បាន​ តែ​ ៤៩៨​លាន ​គីឡូវ៉ាត់​ម៉ោង ​តែប៉ុណ្ណោះ។

បើ​ តាម​លិខិត​នោះ ​គម្រោង ​អភិវឌ្ឍន៍ ​វារី​អគ្គិសនី​ ជាយ​ អារ៉ែង ​គឺ​កំពុង​ស្ថិត ​នៅ​ក្នុង​ដំណាក់​កាល ​សិក្សា នៅ​ឡើយ​ទេ។   ​ក្រសួង ​រ៉ែ​ និង​ថាមពល​ ក៏​បាន​បង្ហាញ​ លទ្ធផល​ នៃ​ការ​សិក្សា​ ពី​ផល​ប៉ះ​ពាល់​ បរិស្ថាន​ និង​សង្គម​ ជំហាន​ដំបូង ​ដោយ​បញ្ជាក់​ ថា​, ចំពោះ​ផ្ទៃ​ដី​ និង​ព្រៃឈើ​ ជាង​១០ម៉ឺន​ ហិកតា​ នៅ​តំបន់ ​ជាយ ​អារ៉ែង ​ផ្ទៃ​ដី​ ដែល​ប្រើ​ សម្រាប់​ អាង​ទឹក ​របស់ ​គម្រោង ​វារី​អគ្គិសនី​ គឺ ​ប្រមាណ​ ជិត​១​ម៉ឺន​ ហិកតា ​តែ​ប៉ុណ្ណោះ, ​ហើយ​ ក្រៅ​ពី​ប្រើប្រាស់​ គឺ​ ត្រូវ​ អភិរក្ស,​ ថែទាំ, ​និង​ដាំ​ឈើ​ ឡើង​វិញ​ ដើម្បី​ រក្សា​និរន្តរ​ភាព ​នៃ​សក្កានុ​ពល ​ទឹក​ភ្លៀង​ និង​ប្រព័ន្ធ​ អេកូឡូស៊ី។

ចំណែក​ ការ​ប៉ះពាល់​ ដល់​សព្វ​ព្រៃ ​និង​មច្ឆជាតិ​វិញ, ​ក្រសួង ​រ៉ែ ​និង​ថាមពល​ បាន​រក​ឃើញ ​នៅក្នុង​ការ​សិក្សា​ ជំហាន​ដំបូង​ ថា, ​មាន​បក្សី​ ១១៣​ប្រភេទ, ​ថនិក​សត្វ ​៥៣​ប្រភេទ,​ ល្មូន​ ៣១​ប្រភេទ,​ និង​មច្ឆជាតិ ​៤៣​ប្រភេទ។​  ក្រសួង ​ក៏​បាន​បញ្ជាក់​ ថា​ នឹង​សិក្សា​ លម្អិត​ នៅ​ជំហាន​ បន្ទាប់​ទៀត​ ដើម្បី ​រក​វិធី​អភិរក្ស ​និង​កាត់​បន្ថយ​ ផល​ប៉ះពាល់ ​ឲ្យ​នៅ​តិចតួច​ បំផុត,​ ហើយ​ ថា អ្នក​សិក្សា​ ជំហាន​បន្ទាប់​ ទាំង​នោះ ​កំពុង​ព្យាយាម ​ចូល​ទៅ​សិក្សា ​លម្អិត ​នៅ​តំបន់​ អារ៉ែង។

លោក ​អាឡិច​ ហ្គនសាឡេ ឌេវីដសុន (Alex Gonzalez-Davidson)​ ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដែល​ជា​អង្គការ​ការពារ​ធម្មជាតិ​មួយ ​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​តំបន់​អារ៉ែង ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​ជា​ផ្លូវ​ការ​របស់​ក្រសួង ​រ៉ែ​និង​ថាមពល។ ​លោក ​អាឡិច​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ក្រសួង​ចេញ​មុខ​បក​ស្រាយ​ពាក់​ព័ន្ធ​រឿង​តំបន់​អារ៉ែង ​ហើយ​ថា ​លិខិត​បំភ្លឺ​នេះ ​គឺ​ជា​អាវុធ​មួយ ​សម្រាប់​លោក​តស៊ូ​ជាមួយ​ក្រុមហ៊ុន​ចិន​ ស៊ី​ណូ​ហា​ដ្រូ (Sino-hydro)។ ​ ទោះ​យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ ចង់​ឲ្យ​រដ្ឋាភិបាល​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ​និង​សង្គម​ស៊ីវិល​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ ​នៅ​តំបន់​អារ៉ែង៕




No comments:

Post a Comment