លោក ហ៊ុន សែន ព្រមាន មេបក្សប្រឆាំង ឲ្យត្រួតពិនិត្យ ទង្វើសមាជិកខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ១០ កញ្ញា ២០១៤
ក្នុងឱកាស ថ្លែងបើក ការដ្ឋាន សាងសង់ ស្ពានអាកាស ស្តុបតិចណូ កាលពីថ្ងៃ ទី៩ កញ្ញា, លោក ហ៊ុន សែន ក៏បានព្រមាន ដល់ប្រធាន គណបក្សប្រឆាំង លោក សម រង្ស៊ី ឲ្យត្រួតពិនិត្យ ទង្វើ និងពាក្យសម្ដី របស់ សមាជិកសភា របស់ខ្លួន, ហើយ ថា ត្រូវ គោរព កិច្ចសន្យា ជាមួយគ្នា កាលពីកិច្ច ប្រជុំសភា ដំបូង របស់ គណបក្ស ឈ្នះឆ្នោត ទាំងពីរ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «ប៉ុន្មានថ្ងៃនេះ មានកាំភ្លើង ធំ ឮសូរ ក្តាំងៗដែរ -- កំពត, តាកែវ, និងសៀមរាប។ ខ្ញុំ ករុណា កំពុង តាមដានមើល ព្រោះ ឯកឧត្តម សម រង្ស៊ី ក៏បានប្រកាស បទឈប់បាញ់, ហើយ ខ្ញុំ ករុណា ក៏បាន ប្រកាស បទឈប់បាញ់ នៅក្នុងសភាដែរ។ អ៊ីចឹង ប្រហែល ជាសងខាង ត្រួតពិនិត្យ កូនទាហាន របស់ខ្លួន, កុំ ឲ្យបាញ់គ្នា, យ៉ាងហោចណាស់ ឆ្លងផុត រដូវបុណ្យ ភ្ជុំបិណ្ឌ នេះដែរ។ កុំ ទៅទីណា ហារមាត់ គិតតែ ពីជេរគេ។ ដល់គេ ជេរវិញ តាំង...។ ថ្ងៃហ្នឹង ខ្ញុំ ករុណា បានប្រាប់ ព្រះសង្ឃ, ប្រជាពលរដ្ឋ ឲ្យកត់ត្រាទុក នូវសម្ដី របស់ ឯកឧត្ដម សម រង្ស៊ី, ប៉ុន្តែ ឥឡូវ ចាប់ផ្ដើម បណ្តើរៗ ហើយ...។»
លោក ហ៊ុន សែន គូសបញ្ជាក់ថា ការដោះដូរថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា មិនពិបាកទេសម្រាប់គណបក្សប្រជាជនកម្ពុជា ពីព្រោះសមាសភាពនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលមាន សមាជិក ១៣រូបនោះ គណបក្សប្រជាជនកម្ពុជា មានគ្នា ៧រូប ចំណែកគណបក្សសង្គ្រោះជាតិ មានត្រឹមតែ ៦រូបទេ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកមានអំណាចជំរុញអោយសភាពេញអង្គបោះឆ្នោតទម្លាក់៕
No comments:
Post a Comment