លោក អូបាម៉ា ថ្លែងសរសើរ សកម្ម ជនការពារ សិទ្ធិមនុស្ស និងព្រៃឈើ កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៤ កញ្ញា ២០១៤
ប្រធានាធិបតី សហរដ្ឋ អាមេរិក (ស.រ.អ.) លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង កោតសរសើរ ចំពោះ សកម្មជន ការពារ សិទ្ធិមនុស្ស ដែលបាន ខិតខំ ធ្វើការងារ ដើម្បី លើកកម្ពស់ ប្រជាធិបតេយ្យ និងការពារ សិទ្ធិសេរីភាព នៅលើ ពិភពលោក។ ដោយឡែក សម្រាប់កម្ពុជា នៅក្នុងសុន្ទរកថា របស់លោក, លោក អូបាម៉ា បានឧទ្ទិសនាម សកម្មជន ការពារ សិទ្ធិមនុស្ស និងបាន រម្លឹកឈ្មោះ សកម្មជន ការពារព្រៃឈើ នៅកម្ពុជា ដែលត្រូវ បានឃាតក បាញ់សម្លាប់ កាលពីឆ្នាំ ២០១២។ លោក អូបាម៉ា ថ្លែងថា សហរដ្ឋអាមេរិក នឹងឈរ ខាងពួកគេ។
ថ្លែងទៅកាន់ អ្នកចូលរួម ក្នុងជំនួប ប្រចាំឆ្នាំ នៅឯ កម្មវិធី ផ្ដួចផ្ដើម គំនិតពិភពលោក ក្លីនតុន (Clinton Global Initiative) នៅក្នុងទីក្រុង ញូវ យ៉ក (ស.រ.អ.) កាលពីថ្ងៃ ទី២៣ ខែកញ្ញា ប្រធានាធិបតី ស.រ.អ. លោក បារ៉ាក់ អូបាម៉ា បានថ្លែង រម្លឹកឈ្មោះ លោក ឈុត វុទ្ធី សកម្មជន ការពារបរិស្ថាន របស់កម្ពុជា ដែលត្រូវ ឃាតក បាញ់សម្លាប់ នៅខេត្ត កោះកុង និងកោតសរសើរ ចំពោះ ការងារ ការពារ សិទ្ធិមនុស្ស របស់ អ្នកស្រី ចក់ សុភាព ប្រធាន មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា។
លោក ប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ ថា, អាមេរិក ឈរជាមួយ សកម្មជន ដូចជាអ្នកស្រី ចក់ សុភាព នៅកម្ពុជា។ លោក អូបាម៉ា ថ្លែង ដោយស្រង់សម្ដី របស់អ្នកស្រី ចក់ សុភាព ដែលបាន លើកឡើង ថា, អ្នកស្រី សុបិន្ត ថា ពលរដ្ឋខ្មែរ អាចរីករាយ នឹងសេរីភាព ដែលពួកគេ គួរទទួលបាន។ សម្ដីនេះហើយ ដែល លោក អូបាម៉ា ឆ្លើយតបវិញ ថា, យើង មិនអាច មិនមាន មោទនភាព ចំពោះ អ្នកបានទេ, ហើយ យើង ឈរជាមួយអ្នក។
ទាក់ទងនឹងប្រទេសកម្ពុជាដែរ លោក អូបាម៉ា ថ្លែងថា សហរដ្ឋអាមេរិកគាំទ្រអ្នកដែល ប្រយុទ្ធប្រឆាំងនឹងច្បាប់ទាំងឡាយណា ដែលមានលក្ខណៈរឹតបន្តឹងលើក្រុម អង្គការ សង្គមស៊ីវិល។ លោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានធ្វើការ ជាមួយគ្នាដើម្បីរារាំង ការរឹតត្បិតថ្មីៗទៅលើសង្គមស៊ីវិលនៅកម្ពុជា។
ក្រៅពីអ្នកស្រី ចក់ សុភាព សកម្មជនការពារសិទ្ធិមនុស្ស៣នាក់ផ្សេងទៀត មកពីប្រទេស កេនយ៉ា (Kenya) ប្រទេសហុងឌុយរ៉ាស់ (Honduras) និងប្រទេសអេហ្សីប (Egypt) ក៏ត្រូវ បានលោក អូបាម៉ា ហៅឈ្មោះនិងសរសើរអំពីការងាររបស់គេដែរ។
លោក អូបាម៉ា ក៏បានលើកឡើងអំពីសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន ផ្សេងទៀត ដែលកំពុងត្រូវបានអាជ្ញាធរប្រទេសពួកគេចាប់ឃុំខ្លួនក្នុងពេល បច្ចុប្បន្ន មាន ដូចជា លីអូប៉ូលដូ ឡូប៉ែស (Leopoldo Lopez) នៅវេណេហ្សូអេឡា (Venezuela) លោក ព្យែរ ក្លាវវ៉េ (Pierre Claver) នៅប៊ូរុនឌី (Burundi) អាមេដ ម៉ាហើ (Ahmed Maher) នៅអេហ្សីប លោក លឺ ហ្សាវបូ (Liu Xiaobo) និងលោក អីលឡាម តូទី (IIham Tohti) នៅចិន និងលោកឪពុក លី (Father Ly) នៅវៀតណាម។ លោក អូបាម៉ា ថ្លែងថា អ្នកទាំងអស់នេះសមទទួលបានសេរីភាព និងគួរទទួលបានការដោះលែង។
វាអាចជារឿងកម្រមួយដែលមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាច បំផុតលើពិភពលោកថ្លែងកោតសរសើរ និងហៅចំឈ្មោះសកម្មជនការពារសិទ្ធិមនុស្ស និងព្រៃឈើនៅកម្ពុជា។ ការយកចិត្តទុកដាក់របស់ប្រធានាធិបតីអាមេរិកអំពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា នេះ ប្រាកដណាស់ថា នឹងត្រូវបានអបអរសាទរដោយសង្គមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជាវិញ មិនប្រាកដថា ជារឿងគួរឲ្យស្វាគមន៍នោះឡើយ។
ទីប្រឹក្សារដ្ឋាភិបាល និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រីលោក ទិត្យ សុធា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៍ទៅនឹង ការថ្លែងណាមួយ ដែលធ្វើឡើងដោយមិនមែនជាការពិត និងសុក្រឹតភាពនោះឡើយ។ លោក ទិត្យ សុធា ថ្លែងថា រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តខ្លាំងណាស់ ឲ្យមានការចូលរួមពី សង្គម ស៊ីវិល លើគ្រប់ទិដ្ឋភាពទាំងអស់ដើម្បី រួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការ គោរពសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែលោកថា ការលើកឡើងរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពេលនេះ គឺដោយសារលោក អូបាម៉ា ទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ហើយ សុទ្ធសឹងតែជាព័ត៌មានដែលក្លែងបន្លំ និងមួលបង្កាច់ កិត្តិយសរបស់កម្ពុជា៖ «ខ្ញុំថាការយកកេរ្តិ៍ឈ្មោះ កិត្តិយសរបស់ប្រទេសមួយ ដែលបានប្រឹងប្រែងកិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រទេសមួយ ដែលបានប្រឹងប្រែងលើកកម្ពស់ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយបែរជាធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលខ្វះ សុចរិតភាពបែបនេះ ខ្ញុំយល់ថា បណ្ដាប្រទេសមួយចំនួនគេជឿជាក់ណាស់ នៅលើការចូលរួមផ្ទាល់ ជាមួយនឹងកម្ពុជា គឺគេនឹងបានដឹង មិនមែនមានន័យថា គ្រប់សារនយោបាយទាំងអស់របស់សហរដ្ឋអាមេរិក សុទ្ធតែជាការពិត ហើយធ្វើឲ្យគេជឿបានទាំងអស់នោះទេ យើងមិនខ្វល់នឹងសេចក្ដីថ្លែង ការណ៍ណា ដែលប្រាស់ចាកពីការពិតនោះទេ។»
ចំពោះករណីលោក ឈុត វុទ្ធី លោក ទិត្យ សុធា ថ្លែងថា វាគឺជាជម្លោះរវាងបុគ្គលនិងបុគ្គល មិនមែននៅក្នុងបេសកកម្មដែលលោក ឈុត វុទ្ធី ទៅការពារព្រៃឈើនោះឡើយ ហើយ លោកថាជនដែលពាក់ព័ន្ធនឹងបទល្មើស ក៏ត្រូវបានផ្ដន្ទាទោសរួចហើយដែរ ដែលនេះ លោកថា វាមិនមែនជាវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ នៅកម្ពុជានោះទេ។ ទាក់ទងបញ្ហាច្បាប់វិញ លោក ទិត្យ សុធា ថាសង្គមស៊ីវិល គួរធ្វើអ្វីៗក្នុងក្របខ័ណ្ឌច្បាប់។ លោកថាកម្ពុជាប្រកាន់យកគោលការណ៍នីតិរដ្ឋ មិនអាចបណ្ដោយឲ្យបុគ្គលណាម្នាក់ ធ្វើសកម្ម ភាពជិះសេះលែងដៃបានឡើយ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល និងសហគមន៍ អន្តរជាតិពីការរំលោភសិទ្ធិមនុស្ស ដូចជាការបាញ់សម្លាប់លើកម្មករតវ៉ាដំឡើងប្រាក់ខែ ការប្រើហិង្សាលើសកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ការរឹតបន្តឹងលើសេរីភាពធ្វើបាតុកម្មនិងការប្រមូលផ្ដុំ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធតុលាការ គាបសង្កត់លើប្រធានសហជីពជាដើម។
លោក អូបាម៉ា បានផ្ដាំផ្ញើទៅអ្នកការពារសិទ្ធិមនុស្សនៅលើពិភពលោកថា ពួកគេនឹងមិន នៅឯកាឡើយ។ លោកថាដៃគូពួកគេនឹងឈរជាមួយពួកគេ។ សហគមន៍ពួកគេនឹងឈរ ជាមួយពួកគេ។ មិត្តភក្តិនៅលើសកលលោកនឹងឈរជាមួយពួកគេ ហើយជាពិសេស សហរដ្ឋអាមេរិក និងប្រធានាធិបតីអាមេរិក នឹងឈរជាមួយពួកគេ៕
No comments:
Post a Comment