Paris Peace Accords 23 Oct. 1991

Tuesday, October 21, 2014

មនុស្ស​ ជិត​២០​នាក់ ​របួស​ ក្នុង​ពេល​ កម្លាំង​សន្តិសុខ ​វាយ​បំបែក ​អ្នក​តវ៉ា​ រឿង​ដី | Almost 20 injured when security forces broke up protests re land

មនុស្ស​ ជិត​២០​នាក់ ​របួស​ ក្នុង​ពេល​ កម្លាំង​សន្តិសុខ ​វាយ​បំបែក ​អ្នក​តវ៉ា​ រឿង​ដី

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ តុលា ២០១៤
 
ជម្លោះ​ដី ព្រះវិហារ ៦២០
អ្នក​តវ៉ា​ដីធ្លី​មក​ពី​ខេត្ត​ព្រះវិហារ ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៤។  RFA/Leng Maly

មាន​មនុស្ស​ ចំនួន ​ជិត២០​នាក់ រង​របួស​ នៅ​ក្នុង​ពេល​ កង​សន្តិសុខ ​ខណ្ឌ​​ដូនពេញ​ ប្រើ​កម្លាំង​ ដោយ​ហិង្សា​ វាយ​បំបែក​ លើ​អ្នក​តវ៉ា​ រឿង​ដីធ្លី​ មក​ពី​ខេត្ត ​ព្រះវិហារ នៅ​ថ្ងៃ​ ទី​២០ តុលា។  ក្នុង​ចំណោម​ អ្នក​រង​របួស​ គឺ ​មាន​កុមារ​ផង។

ពលរដ្ឋ​ ដែល​មាន​ បញ្ហា​ដី​ធ្លី​ នៅ​ឃុំ​ កន្ទួត, ស្រុក​ ជាំ​ក្សាន្ត, ខេត្ត​ ព្រះវិហារ ជិត១០០​នាក់ នាំ​គ្នា​ ព្យាយាម​ យក​លិខិត ​សុំ​អន្តរាគមន៍​ ដោះស្រាយ ​ទំនាស់​ដីធ្លី ​នៅ​ខុទ្ទកាល័យ ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន, ប៉ុន្តែ​ កង​សន្តិសុខ​ រារាំង ​នៅ​សួនច្បារ​នាគ ​បាញ់​ទឹក​ ខាង​កើត ​វិមាន​ឯករាជ្យ បាន​រារាំង​ក្បួន អ្នក​តវ៉ា ​ដោយ​មិន ​ឲ្យ​ចូល ​ទៅ​ជិត​ ផ្ទះ​លោក​ នាយករដ្ឋមន្ត្រី ​ឡើយ។

សំឡេង​ ស្រែក​តវ៉ា៖ «បងប្អូន​ខ្ញុំ​ វេទនា​ណាស់ នៅ​ខេត្ត​ ព្រះវិហារ​ ចំនួន ៣​ភូមិ រងគ្រោះ​ ដោយសារ​ដី​ធ្លី។  រក​ភាព​យុត្តិធម៌​ អត់​ឃើញ​ទេ, អត់​បាយ ​អត់​ទឹក, រស់​នៅ​ តាម​វត្ត។  ហេតុ​អី​ ក៏​លោក​ មិន​រក​ ភាព​យុត្តិធម៌​ ឱ្យ​បងប្អូន​ខ្ញុំ​ផង?»

នៅ​វេលា​ ថ្ងៃ​ត្រង់ កង​សន្តិសុខ​ ខណ្ឌ​ដូនពេញ រាប់​សិប​នាក់ ដែល​គាំទ្រ​ កម្លាំង​ ពី​ក្រោយ​ ដោយ​កង​អាវុធហត្ថ​ រាប់​រយ​នាក់ បាន​ប្រើ​ អំពើ​ហិង្សា​ បណ្ដេញ​អ្នក​តវ៉ា​ ចេញ​ពី​ទី​នោះ។

អ្នក​របួស​ ដែល​អាជ្ញាធរ​ វាយ ​ត្រូវ​ បាន​ពេទ្យ​ អង្គការ​ ការពារ​ សិទ្ធិមនុស្ស​ លីកាដូ (Licadho) ជួយ​សង្គ្រោះ និង​ព្យាបាល។

មន្ត្រី ​អង្គការ ​ការពារ​ សិទ្ធិមនុស្ស​ លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា, ក្រោយ​ ការ​វាយ​បង្ក្រាប ​ដោយ​ហិង្សា​ របស់ ​អាជ្ញាធរ ​មួយ​ប្រាវ​នោះ, ខាង​លោក​ បាន​ទទួល ​អ្នក​តវ៉ា​ ដែល​រង​របួស ​ទាំង​ក្មេង និង​ចាស់ ជិត​ម្ភៃ​នាក់។  ក្នុង​នោះ​ មាន​ប្រាំ​នាក់​ រង​របួស ​ធ្ងន់៖ «អ្នក​ ដែល​រង​របួស​ហ្នឹង​ ចំនួន ១៨​នាក់ ដែល​កំពុង​ តែ​ ព្យាបាល ​នៅ​អង្គការ​ លីកាដូនេះ។  នៅ​ក្នុង​នោះ​ យើង ​ឃើញ​មាន ​របួស​ធ្ងន់ ៥​នាក់, ហើយ​ ផុត​ពី​ហ្នឹង យើង​ ចាត់​ទុក​ ថា មិន​ស្រាល​ ប៉ុន្មាន​ដែរ គឺ​ មធ្យម។  ក្នុង​ហ្នឹង​ ក៏​មាន​ ការ​ប៉ះពាល់ ​ដល់​កុមារ ដែល​មក​ តាម​ម្ដាយ​ តាម​ឪពុក​ហ្នឹង ៣​នាក់​ទៀត, គឺ ១០​ឆ្នាំ​មួយ, ៥​ឆ្នាំ​មួយ, និង២​ឆ្នាំ​ មួយ​ទៀត ដែល​ត្រូវ ​រង​របួស​ ដោយសារ​ អំពើ​ហិង្សា​នេះ ផង​ដែរ ដែល​យើង ​គិត​ថា, នេះ​ ជា​អំពើ​ឃោរឃៅ ដែល​ធ្វើ​ ឱ្យ​ប៉ះពាល់ ​ធ្ងន់ធ្ងរ​ ដល់​ផ្នែក​ សិទ្ធិមនុស្ស»


មន្ត្រី​ សម្របសម្រួល ​អង្គការ​ ការពារ​ សិទ្ធិមនុស្ស​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​ខេត្ត​ ព្រះវិហារ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស៖ «គឺ​ជា​ការ​ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ពួក​គាត់​ឡើង​ទៅ​តវ៉ា គឺ​តវ៉ា​ដោយ​សន្តិវិធី ដូច​ជា​មិន​បាន​ប្រើ​ហិង្សា​ទៅ​នឹង​ក្រុម​អាជ្ញាធរ​ណា​មួយ​ទេ ហើយ​ពេល​ពួក​គាត់​តវ៉ា បែរ​ជា​អាជ្ញាធរ​ទៅ​វាយ​ដំ​ឱ្យ​របួស​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ក៏​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​តវ៉ា​រក​យុត្តិធម៌​ជូន​ពួក​គាត់»

នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​អ្នក​តវ៉ា​បាន​សរសេរ​ថា ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នេះ​មាន​ចំនួន ៣៣១​គ្រួសារ​ស្ថិត​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត និង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ។ ពួក​គាត់​ឱ្យ​ដឹង​ថា បញ្ហា​ដី​ធ្លី​នេះ​កើត​ឡើង​ចំពោះ​ពលរដ្ឋ ៧៨​គ្រួសារ នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ចង់​ពង្រីក​វាល​យន្ត​ហោះ។ រី​ឯ​ពលរដ្ឋ ២៥៣​គ្រួសារ​ទៀត ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​ និង​ដុត​ផ្ទះ​សម្បែង សាលា និង​វត្ត ហើយ​ឱ្យ​ពួក​គាត់​ទៅ​រស់​នៅ​ក្នុង​ចម្ការ​មីន។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​​ព្រះវិហារ លោក ឡោ ច័ន្ទ បញ្ជាក់​បន្ថែម​ថា នៅ​ឆ្នាំ​២០១២ ពលរដ្ឋ​នៅ​យល់​ព្រម​តាម​អាជ្ញាធរ​ដោះដូរ​ដី​ពី​ឃុំ​កន្ទួត​ ​ទៅ​នៅ​ទីតាំង​ថ្មី​ឈ្មោះ​ស្រះ​ក្ដុល។ លោក​ថា ការ​យល់​ព្រម​នោះ ក៏​ព្រោះ​តែ​អាជ្ញាធរ​ខេត្ត​ធ្លាប់​សន្យា​នឹង​ពលរដ្ឋ​រៀបចំ​ឱ្យ​មាន​ ហេដ្ឋារចនាសម្ព័ន្ធ ដែល​មានផ្លូវ​ទឹក​ភ្លើង​សម្រាប់​ពលរដ្ឋ​ដែល​រើ​ទៅ​នោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​អ្វី​ដូច​ការ​សន្យា​ទេ៖ «ភាព ​ជាក់​ស្ដែង​នៅ​ស្រះ​ក្ដុល​ពួក​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រជា​សហគមន៍​រស់​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ពុំ​ទាន់​ហេដ្ឋារចនាសម្ព័ន្ធ​អី​ឱ្យ​បាន​ច្បាស់លាស់​ទេ។ ប្រព័ន្ធ​ទឹក​ភ្លើង​អត់ ហើយ​ម្យ៉ាង​ដី​កសិកម្ម ដី​បង្កបង្កើន​ផល​របស់​គាត់ គឺ​មាន​មីន។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​គាត់​ចង់​ដូរ​ទៅ​នៅ​ទីតាំង​ចាស់​របស់​ពួក​គាត់​វិញ​ ហ្នឹង»

នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ដដែល មុន​ពេល​ហែ​ក្បួន​ទៅ​រក​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ពលរដ្ឋ​បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​មួយ​ចំនួន ដូច​ជា ស្ថានទូត​ចិន (China)  រុស្សី (Russia) អូស្ត្រាលី (Australia) និង​រដ្ឋសភា​ជាដើម ដើម្បី​ឱ្យ​ស្ថានទូត និង​ស្ថាប័ន​ទាំង​នោះ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដីធ្លី​ ជូន​ពួកគាត់៕



No comments:

Post a Comment