កម្ពុជា នៅតែ បន្ត ឲ្យប៉ូលិស អន្តរជាតិ តាមចាប់ខ្លួន ខ្មែរ បីនាក់ នៅសហរដ្ឋ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៤
មន្ត្រី សមត្ថកិច្ច ជាន់ខ្ពស់ របស់ រដ្ឋាភិបាល កម្ពុជា អះអាង ថា, កម្ពុជា នៅតែ ទាមទារ ឲ្យប៉ូលិស អន្តរជាតិ (អ៊ីនធឺផូល, Interpol) តាមចាប់ខ្លួន ពលរដ្ឋ ខ្មែរ-អាមេរិកាំង ៣នាក់ កំពុងរស់នៅ សហរដ្ឋ អាមេរិក ដែលសមត្ថកិច្ច រដ្ឋាភិបាល ចោទប្រកាន់ ថា, បានប្រមាថ ធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំ នៃប្រទេស កម្ពុជា។
អ្នកច្បាប់ អាមេរិកាំង និងក្រុមមន្ត្រី សិទ្ធិមនុស្ស អន្តរជាតិខ្លះ និយាយ ថា, អាមេរិក នឹងមិនធ្វើតាម រដ្ឋាភិបាល កម្ពុជា នោះឡើយ ពីព្រោះ អ្វី ដែលពលរដ្ឋ ខ្មែរ-អាមេរិកាំង រិះគន់ ថ្នាក់ដឹកនាំ រដ្ឋាភិបាល កម្ពុជា តាមបណ្ដាញ ទំនាក់ទំនង សង្គមនោះ គឺ គ្រាន់ជាសិទ្ធិ ក្នុងការបញ្ចេញ មតិ ប៉ុណ្ណោះ។
សមត្ថកិច្ច ក្រុងភ្នំពេញ ឲ្យដឹង ថា, គេ មានភស្តុតាង គ្រប់គ្រាន់ ក្នុងការជំរុញ ឲ្យសមត្ថកិច្ច នគរបាល អន្តរជាតិ ចាប់ខ្លួន ពលរដ្ឋ ខ្មែរ បីនាក់ នៅឯនាយសមុទ្រ, ហើយ បញ្ជូនមក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ក្នុងប្រទេស កម្ពុជា។
អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញ លោក គៀត ច័ន្ទថារិទ្ធ អះអាងថា ដោយសារកម្ពុជា ជាសមាជិកប៉ូលិសអន្តរជាតិ អ៊ីនធឺផូល ដូច្នេះសមត្ថកិច្ចអន្តរជាតិមួយនេះនឹងជួយរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ខ្លួនពលរដ្ឋខ្មែរ-អាមេរិកាំង ៣នាក់ ដែលបានជេរត្មះតិះដៀលដល់ព្រះមហាក្សត្រខ្មែរយ៉ាងធ្ងន់ធ្ងរ។
លោកបន្តថា ការប្រមាថព្រះមហាក្សត្រខ្មែរគឺជាការប្រមាថរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ខ្មែរ ហើយដែលត្រូវទទួលទោសរបស់ប្រទេសកម្ពុជា៖ «បើសិនជាថា ខ្ញុំយល់មិនខុសទេ បីនាក់ហ្នឹងប្រហែលជាមិនមែនពាក់ព័ន្ធនឹងមេដឹកនាំខ្មែរទេ។ គាត់បានធ្វើការវាយប្រហារព្រះមហាក្សត្រ អាហ្នឹងប្រសិនបើខ្ញុំយល់មិនខុស។ ព័ត៌មានដែលកាសែតបានចុះផ្សាយរយៈពេលប៉ុន្មានថ្ងៃហ្នឹង គឺបីនាក់ហ្នឹងបានធ្វើការបំពារបំពានលើព្រះមហាក្សត្រ។ ដូចយើងដឹងហើយថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង គឺការពារព្រះមហាក្សត្រ។ ព្រះមហាក្សត្រយើងគឺមិនអាចមានអ្នកណាមករំលោភបំពារបំពាន ឬព្យាបាទលើព្រះអង្គបានទេ។ បាទ! បើតាមខ្ញុំចាំបីនាក់ហ្នឹង គឺពាក់ព័ន្ធនឹងរឿងហ្នឹង អ៊ីចឹងបើរឿងហ្នឹងរដ្ឋធម្មនុញ្ញចែងច្បាស់ណាស់ថា មនុស្សត្រូវមានទោស អ៊ីចឹងបើច្បាប់ចែងថា ត្រូវមានទោស គឺត្រូវមានទោស។»
គេហទំព័រប៉ូលិស អ៊ីនធឺផូល ផ្សព្វផ្សាយស្វែងរកលោក ម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវែនីញ៉ា (Pennsylvania) លោក បូណា ប៊ុនផាត់ នៅរដ្ឋវ៉ាស៊ីនតោន (Washington State) និងលោក យឿន សំរិទ្ធី នៅរដ្ឋចរចា (Georgia)។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ៗដូចគ្នា។ ដីការបស់ អ៊ីនធឺផូល បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា ស្វែងរកចាប់ខ្លួនអ្នកទាំងបីដើម្បីកាត់ទោសតាមសំណើរបស់កម្ពុជា។ ជនទាំងបីនាក់នោះ ជាមនុស្សមានប្រជាប្រិយភាពក្នុងបណ្ដាញទំនាក់ទំនងសង្គមហេ្វសប៊ុក (Facebook) និងយូធូប (YouTube) ហើយធ្លាប់រិះគន់លោក ហ៊ុន សែន កាលពីបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ មិនទាន់អាចរកដំណោះស្រាយនយោបាយបាន ហើយអ្នកទាំងបីក៏ជាមនុស្សរិះគន់ព្រះមហាក្សត្រខ្មែរដោយឥតសំចៃ មាត់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មាត្រា៣ នៃធម្មនុញ្ញរបស់ប៉ូលិសអន្តរជាតិ ទាក់ទិនទៅនឹងបទអន្តរាគមន៍ផ្នែកនយោបាយចែងថា ប៉ូលិសអន្តរជាតិហាមប្រាមដាច់ខាតចំពោះការចាត់វិធានការណាមួយទៅលើ ការរើសអើងជាតិសាសន៍ ពណ៌ សម្បុរ និងហេតុផលនយោបាយ។ មាត្រា៤ ចែងថា សំណើរបស់ប្រទេសសាមីត្រូវបញ្ជូនទៅអគ្គលេខាធិការរបស់ អ៊ីនធឺផូល ហើយត្រូវមានការអនុម័តដោយសំឡេងភាគច្រើន ២ ភាគ ៣។
ប៉ូលិសអន្តរជាតិ អ៊ីនធឺផូល ត្រូវបានបង្កើតក្នុងឆ្នាំ១៩២៣ ដែលមានទីបញ្ជាការដ្ឋានក្នុងទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង។ រហូតមកទល់ឆ្នាំ២០១៤ អង្គការប៉ូលិសអន្តរជាតិមួយនេះមានសមាជិកចំនួន ១៩០ ប្រទេសជុំវិញពិភពលោក។ សកម្មភាពរបស់ប៉ូលិសអន្តរជាតិ ធ្វើឡើងទៅតាមការកំណត់នៃច្បាប់ជាធរមានរបស់បណ្ដាប្រទេសផ្សេងៗ ក្នុងស្មារតីនៃការប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ។
មេធាវីអន្តរជាតិរបស់ក្រុមហ៊ុន រី ប្រ៊ូម (Rees Broome) លោក ម៉ាក ម័រស្ទែន (Mark Moorstein) មានប្រសាសន៍ថា សមត្ថកិច្ចប៉ូលិសអន្តរជាតិរបស់អាមេរិក គ្មានផ្លូវចាប់បញ្ជូនពលរដ្ឋខ្មែរទាំងបីនាក់ទៅដាក់ទោសក្នុង ប្រទេសកម្ពុជា ឬនៅសហរដ្ឋអាមេរិក ដោយគ្រាន់តែពួកគេបញ្ចេញមតិរិះគន់រដ្ឋាភិបាលកម្ពុជា ឬព្រះមហាក្សត្រខ្មែរនោះឡើយ។
លោកបន្តថា ប្រសិនបើពលរដ្ឋអាមេរិកាំងគ្រប់រូបនាំគ្នារិះគន់រដ្ឋាភិបាលកម្ពុជា ឬរិះគន់មហាក្សត្រកម្ពុជា ហើយពួកគេត្រូវបានបញ្ជូនទៅដាក់គុកនៅស្រុកខ្មែរទាំងអស់នោះ លោកគិតថា អាមេរិកាំងនឹងកើតកោលាហល ហើយពលរដ្ឋនឹងផ្ទុះកំហឹងពាសពេញប្រទេសមិនខាន៖ «អ៊ីនធឺផូល គ្មានសមត្ថកិច្ចណាមួយដើម្បីចាប់ខ្លួនមនុស្សដោយគ្រាន់តែបរិយាយ ឬបរិហារផ្នែកនយោបាយនោះឡើយ លើកលែងតែការគំរាមកំហែងជាក់លាក់ខាងផ្នែកភេរវកម្ម ឬបទឧក្រិដ្ឋកម្មជាក់ស្ដែងប៉ុណ្ណោះ។ ឧទាហរណ៍ដូចការប្រើពាក្យថា "ខ្ញុំនឹងដាក់គ្រាប់បែបកម្ទេចព្រះមហាក្សត្រ។ ខ្ញុំនឹងប្រព្រឹត្តអំពើភេរវកម្ម ឬខ្ញុំនឹងដាក់គ្រាប់បែកកម្ទេចអ្នកណាម្នាក់"។ ចំណុចទាំងនេះជាការគំរាមផ្នែកភេរវកម្ម ហើយពេលនោះគេនឹងមានវិធានការ។ ក៏ប៉ុន្តែប្រសិនបើគេរិះគន់ថា ព្រះមហាក្សត្រគ្មានសមត្ថភាព ឬលោក ហ៊ុន សែន គ្មានសមត្ថភាព នោះវាគ្រាន់តែជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ។»
លោកបន្តថា ពលរដ្ឋខ្មែរ-អាមេរិកាំង ទាំងបីនាក់នេះ ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនដែលជា សម្ព័ន្ធមិត្តស្និទ្ធស្នាលជាមួយកម្ពុជា ដូចជាប្រទេសចិន វៀតណាម កូរ៉េខាងជើង និងបណ្តាប្រទេសមួយចំនួនទៀត។
លោក យឿន សំរិទ្ធី នៅរដ្ឋចរចា ដែលមនុស្សភាគច្រើនស្គាល់តាមប្រព័ន្ធហ្វេសប៊ុក ឈ្មោះថា សាន់សាញ ផៅវើមូន (Sunshine Powermoon) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ ដែលរដ្ឋាភិបាលទីក្រុងភ្នំពេញ ស្នើឲ្យ អ៊ីនធឺផូល តាមចាប់ខ្លួននោះអះអាងថា លោកគ្មានអ្វីតក់ស្លុត និងគ្មានការព្រឺព្រួចចំពោះការតាមចាប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
លោក យឿន សំរិទ្ធី៖ «ចំពោះខ្ញុំមួយអត់មានការភ័យខ្លាចទេ មានតែត្រេកអរទៅវិញ ពីព្រោះថា ប្រសិនបើខ្ញុំបានដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជា ដូចខ្ញុំបានត្រូវឆ្នោតអ៊ីចឹង។ ខ្ញុំសូមបញ្ជាក់ពីចិត្តរបស់ខ្ញុំផ្ទាល់សម្រាប់បងប្អូនពលរដ្ឋ ខ្មែរទាំងអស់ថា យើងរស់នៅក្នុងស្រុកសេរី យើងរស់នៅក្នុងស្រុកមានច្បាប់ យើងមិនមែនរស់នៅក្នុងស្រុកដែលចេះតែនិយាយច្បាប់ ប៉ុន្តែមិនអភិវឌ្ឍន៍រឿងច្បាប់សម្រាប់ខ្លួនឯងទេ។ ខ្ញុំអត់ភ័យខ្លាចទេ ដូចខ្ញុំបានត្រូវឆ្នោតអ៊ីចឹង ប្រសិនបើគេចាប់ខ្ញុំមែននោះ ប៉ុន្តែខ្ញុំរស់នៅក្នុងប្រទេសដែលមានច្បាប់។ អ្នកឯងចង់ដាក់ច្បាប់ជាមួយខ្ញុំ ដាក់ច្បាប់មកអាមេរិកមក ខ្ញុំនឹងទទួល ខ្ញុំនឹងចេញមុខ ខ្ញុំអត់មានការភ័យខ្លាចទេ។ នេះខ្ញុំនិយាយការពិតអ៊ីចឹងតែម្ដង។»
ក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា ឱកាសសម្រាប់សមត្ថកិច្ចរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដើម្បីចាប់ខ្លួនពលរដ្ឋខ្មែរអាមេរិកាំង ទាំងបីនាក់នោះគឺសូន្យតែម្ដង។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា មិនអាចធ្វើឲ្យការរិះគន់ដល់ព្រះមហាក្សត្រទៅជាទោសឧក្រិដ្ឋកម្មបាន ទេ ហើយអាមេរិកក៏នឹងមិនធ្វើតាមការចង់បានរបស់រដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋាភិបាលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្សនោះដែរ។
លោក ប្រ៊ែដ អាដាម៖ «សហរដ្ឋអាមេរិកគ្មានផ្លូវទេក្នុងការចាប់ ខ្លួនមនុស្សនៅអាមេរិកដើម្បីបញ្ជូនទៅកម្ពុជាវិញ ដោយការបញ្ចេញមតិរិះគន់នោះឡើយ។ សហរដ្ឋអាមេរិក មានសេរីភាពក្នុងការបញ្ចេញមតិ ហើយប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនជឿជាក់ និងមិនគោរពដល់សេរីភាពក្នុងការបញ្ចេញមតិទេ នោះវាមិនមែនមានន័យថារដ្ឋាភិបាលអាមេរិក ជាអ្នកគាំទ្រពួកគេនោះឡើយ។»
លោកបន្តថា ប្រសិនបើការរិះគន់ព្រះមហាក្សត្រខ្មែរមានទោសនោះ ច្បាប់កម្ពុជា គួរចាត់វិធានការទៅលើក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជន កម្ពុជា ដែលកន្លងមកបានរិះគន់ដល់រាជបល្ល័ង្ករបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ យ៉ាងខ្លាំងនោះ។
កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់គំរាមរំលាយរបបរាជានិយមចោលតែម្ដងដើម្បីឲ្យមានការទទួល ស្គាល់ជាផ្លូវការនៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាឆ្នាំ១៩៨៥ ឲ្យទៅជាសន្ធិសញ្ញាស្រប់ច្បាប់រវាងកម្ពុជា-វៀតណាម៖ «ខ្ញុំនិយាយ ជាមួយសម្ដេចក្រុមព្រះហើយថា ព្រះអង្គខ្ញុំនិយាយជាមួយឯកឧត្ដម ស៊ុន ច័ន្ទថុល នែ! កុល ផេង នែ! អ៊ឹង កន្ថាផាវី នែ! ស៊ី សុវត្ថិ ប៉ាន់ណារ៉ា លើយន្តហោះ ហើយខ្ញុំប្រាប់សម្ដេចក្រុមព្រះពេលជួបតាមទូរស័ព្ទថា ព្រះអង្គ! បើលើកនេះវាពិបាកស៊ីញ៉េត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋឲ្យវាមានប្រធានាធិបតីតែម្ដង ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនូវមាត្រាណាមួយដែលកាលណា ដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃត្រូវចុះហត្ថលេខា ឬឡាយព្រះហស្តលេខា បើមិនដូច្នោះទេ គឺនឹងចូលជាធរមាន។»
ទាក់ទិនទៅនឹងការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា ទៅលើពលរដ្ឋខ្មែរ-អាមេរិកាំង ចំនួនបីនាក់ក្នុងសហរដ្ឋអាមេរិក ពីបទគំរាមសម្លាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានេះដែរ កន្លងមកក៏ធ្លាប់មានមន្ត្រីបក្សប្រជាជនកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃ ឈ្មោះ ផែង វណ្ណៈ បានសរសេរលើទំព័រហេ្វសប៊ុករបស់ខ្លួនថា ទុក ៧គ្រាប់ ឲ្យលោក កឹម សុខា ដែលមួយគ្រាប់ចុងក្រោយបាញ់ឲ្យចំក្បាល លោក កឹម សុខា តែម្ដង។
ក្រុមមន្ត្រីបក្សសង្គ្រោះជាតិ ពេលនោះបានទាមទារឲ្យសមត្ថកិច្ចកម្ពុជា ចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចទីក្រុងភ្នំពេញ នៅតែខកខាននៅឡើយ។ ក្រៅពីបញ្ហានេះ សមត្ថកិច្ចកម្ពុជា ក៏នៅតែគ្មានចំណាត់ការទៅលើករណីឧក្រិដ្ឋកម្មធំៗជាច្រើនរាប់មិនអស់ ទៀត ដូចជាករណីសម្លាប់កងទ័ពគណបក្សរាជានិយមក្នុងឆ្នាំ១៩៩៧ ការសម្លាប់សិល្បការិនី អ្នកស្រី ពិសិដ្ឋ ពិលីការ ការបាញ់ប្រហារកញ្ញា ទូច ស៊ុននិច កញ្ញា តាត ម៉ារីណា ព្រះតេជព្រះគុណ សំ ប៊ុនធឿន ឧក្រិដ្ឋកម្មទៅលើប្រធានសហជីពលោក ជា វិជ្ជា រស់ សុវណ្ណរ៉េត ការសម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងសកម្មជនការពារសិទ្ធិមនុស្សជាច្រើនទៀត៕
No comments:
Post a Comment