អាមេរិក នឹងចាប់ផ្តើម កម្មវិធី ស្មុំកូន វៀតណាម ឡើងវិញ បន្ទាប់ ពីការផ្អាក ៦ឆ្នាំ
VOA / វីអូអេ |៣ តុលា ២០១៤
រូប ថត ឯកសារ៖ Monic DiGioacchino (ស្តាំ) មកពីទីក្រុង Alameda
រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក
លើកបីកូន ចិញ្ចឹម របស់នាង មកពីវៀតណាម ឈ្មោះ Patrick អាយុ ៧ខែ
ខណៈពេល ដែលមិត្តរួម បន្ទប់ របស់នាង ឈ្មោះ Tracy Sumner
(រូបខាងក្រោយ) មកពីទីក្រុង Richmond រដ្ឋ Virginia
ក៏កំពុងតែ លើកបីកូន ចិញ្ចឹមអាយុ ៥ខែ
នៅក្នុងទីក្រុង ហាណូយ ប្រទេស វៀតណាម។
វ៉ាស៊ីនតោន—ជនជាតិ អាមេរិកាំង អាចស្មុំកូន វៀតណាម មកចិញ្ចឹម សារជាថ្មីហើយ គឺ ៦ឆ្នាំ បន្ទាប់ ពីទីក្រុង ហាណូយ និងទីក្រុង វ៉ាស៊ីនតោន បានខកខាន ក្នុងការបន្ត កិច្ចព្រមព្រៀង ទ្វេភាគី ដោយសារ មានការ ខ្វែងគំនិតគ្នា អំពី បញ្ហាការ លួចបន្លំ និងអំពើ ពុករលួយ។
ទីភ្នាក់ងារ ផ្តល់សេវាកម្ម ស្មុំកូន ចិញ្ចឹម របស់ សហរដ្ឋ អាមេរិក ចំនួន ពីរ ទទួលបានសិទ្ធិ (អាជ្ញាប័ណ្ណ) ធ្វើការ សម្របសម្រួល ក្នុង កម្មវិធី ស្មុំកូន ចិញ្ចឹម មួយចំនួន ដែលនឹងអនុវត្ត ចំពោះ ក្មេងមាន តម្រូវ ការពិសេស, ក្មេងមានអាយុ ចាប់ពី៥ឆ្នាំ ឡើងទៅ, និងក្រុម ក្មេង ដែលជាបងប្អូន បង្កើត នឹងគ្នា។
លោក Nguyen Van Binh ប្រធាន នាយកដ្ឋានការ ស្មុំកូន ចិញ្ចឹម របស់ វៀតណាម បានប្រាប់ វីអូអេ ភាសា វៀតណាម ថា, ទីភ្នាក់ងារ ទាំងនោះ ត្រូវ បានជ្រើសរើស ចេញពីទីភ្នាក់ងារ អាមេរិកាំង ពេញច្បាប់ ចំនួន ២០០។
លោកនិយាយថា៖ «ទាំងប្រទេសវៀតណាម ទាំងសហរដ្ឋអាមេរិកគឺជាប្រទេសហត្ថលេខីនៃកតិកាសញ្ញាស្តីអំពីការ ស្មុំកូនចិញ្ចឹម។ ដូច្ចេះការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាវាជារឿងធម្មតា។ ទីភ្នាក់ងារទាំងពីរគឺជាក្រុមដែលជ្រើសរើសចេញពីស្ថាប័នស្មុំ កូនចិញ្ចឹមចំនួនជាង៣០ពីជាង១០ប្រទេសដែលកំពុងដំណើរការនៅក្នុង ប្រទេសវៀតណាម។ ទីភ្នាក់ងារទាំងនេះមានលក្ខណៈគ្រាប់គ្រាន់ហើយបានឆ្លងកាត់ដំណាក់កាល ជ្រើសរើសរួចរាល់ហើយ។»
ការស្មុំកូនចិញ្ចឹមឆ្លងប្រទេសរវាងវៀតណាមនិងសហរដ្ឋអាមេរិកត្រូវ បានផ្អាកនៅឆ្នាំ២០០៨ បន្ទាប់ពីការស៊ើបអង្កេតមួយលើប្រព័ន្ធស្មុំកូនចិញ្ចឹមរបស់វៀតណាម បានរកឃើញថា មានការរំលោភបំពានជាច្រើន រួមទាំងការលក់កូនក្មេងនិងការលួចបន្លំ។
បីឆ្នាំបន្ទាប់មក ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានផ្តល់សច្ចាប័នលើកតិកាសញ្ញាទីក្រុង ឡាអេស្តីអំពីកិច្ចការពារកុមារនិងកិច្ចសហប្រតិបត្តិការ (the Hague Convention on Protection of Children and Co-operation ) ព្រមទាំងបានសើរើច្បាប់ស្តីអំពីការស្មុំកូនចិញ្ចឹមរបស់ខ្លួន។
លោក Nguyen បាននិយាយថា បញ្ហាប្រឈមជាច្រើនមិនមែនកើតមាននៅតែប្រទេសវៀតណាមទេ តែវាក៏កើតឡើងនៅក្នុងប្រទេសជាច្រើន ហើយថា «ការកែតម្រូវកំហុសគឺជារៀងធម្មតា។»
ទីភ្នាក់ងារ Dillon Internationa ដែលត្រូវបានជ្រើរើស បានឲ្យដឹងតាមរយៈសារក្នុងប្រព័ន្ធអ៊ីនធឺណិតថា ពួកគេមានសេចក្តីរំភើបក្នុងការបម្រើកុមារវៀតណាមដែលកំពុងត្រូវ ការ «ឪពុកម្តាយដែលអាចផ្តល់ការស្រឡាញ់ដល់ពួកគេជាអចិន្ត្រៃយ៍។»
យោងតាមរដ្ឋាភិបាលទីក្រុងហាណូយ ឪពុកម្តាយចិញ្ចឹមជាជនបរទេសដែលភាគច្រើនមកពីទ្វីបអ៊ឺរ៉ុប បានស្មុំកុមារវៀតណាមយកទៅចិញ្ចឹមប្រហែល ១.៣០០នាក់ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។
ការចាប់ផ្តើមដំណើរការស្មុំកូនចិញ្ចឹមសារឡើងវិញនេះ ត្រូវបានប្រកាសឡើងនៅខណៈពេលដែលប្រទេសវៀតណាម និងសហរដ្ឋអាមេរិកព្យាយាមពង្រឹងចំណងទ្វេភាគីផ្នែកពាណិជ្ជកម្មនិង កិច្ចសហប្រតិបត្តិការយោធា៕

No comments:
Post a Comment