លោក សុន ឆ័យ ទាមទារ ឲ្យរដ្ឋាភិបាល បង្ហាញឯកសារ កិច្ចសន្យា គ្រប់គ្រង ព្រលានយន្តហោះ
RFA / វិទ្យុ អាស៊ី សេរី | ២៤ មិថុនា ២០១៥
តំណាងរាស្ដ្រ គណបក្សប្រឆាំង លោក សុន ឆ័យ ស្នើឲ្យ ទីស្ដីការ គណៈរដ្ឋមន្ត្រី បញ្ចេញឯកសារ នៃកិច្ចសន្យា ស្ដីពី ការគ្រប់គ្រង អាកាសយានដ្ឋាន អន្តរជាតិ ចំនួន៣ នៅកម្ពុជា រវាង រដ្ឋាភិបាល កម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍ បារាំង ដែលលោក សង្ស័យថា, អាចមានភាព មិនប្រក្រតី ជាច្រើន។ ទោះយ៉ាងណា ទីស្ដីការ គណៈរដ្ឋមន្ត្រី មិនទាន់ ឆ្លើយតប នៅឡើយ។
អនុប្រធាន គណៈកម្មការ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, និងសវនកម្ម (ឬគណៈកម្មការ ទី២) នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មកពីគណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ មើលឃើញ ថា, ព្រលានយន្តហោះ អន្តរជាតិ ចំនួន៣ របស់ កម្ពុជា ដែលមាន កិច្ចសន្យា ឬកុងត្រា ក្រោមការណែនាំ ឬគ្រប់គ្រង ដោយទីស្ដីការ គណៈរដ្ឋមន្ត្រីនោះ មានភាព មិនប្រក្រតី ជាច្រើន។
លោក សុន ឆ័យ ទាមទារឲ្យ លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ចេញកុងត្រា ឬកិច្ចសន្យាដែលរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនអាកាសចរណ៍បារាំង វ៉ាំងស៊ី អ៊ែរផត (Vinci Airport) ធ្វើការសាងសង់ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា ជាសាធារណៈ ដើម្បីឲ្យមហាជនបានដឹងថា វាធ្វើឲ្យកម្ពុជា ចំណេញ ឬក៏ខាតបង់ទៅវិញ៖ «បើតាមចំណូលដែលយើងសិក្សាមើល គឺក្រុមហ៊ុនរកបានយ៉ាងតិច ៤ពាន់លានដុល្លារ។ ដូច្នេះបើប្រៀបធៀបអ្វីដែលក្រុមហ៊ុនចំណាយ និងការទទួលបាន គឺវាហាក់ដូចជាកេងចំណេញពីខ្មែរយ៉ាងចាស់ដៃ។ ម៉្លោះហើយកិច្ចសន្យាបែបនេះ ធ្វើទៅបានទាល់តែមានការស៊ុមគ្រលុំណាមួយដែលមិនត្រឹមត្រូវ។»
ប៉ុន្តែលោកបញ្ជាក់ថា មកទល់ពេលនេះមួយសប្ដាហ៍ហើយ លោក សុខ អាន នៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ ចំពោះលិខិតស្នើសុំរបស់លោក ដែលផ្ញើជូនតាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន តាំងពីថ្ងៃទី១៦ មិថុនា។ លោក សុន ឆ័យ អះអាងថា តាមគោលការណ៍រដ្ឋធម្មនុញ្ញ គឺលោក សុខ អាន ត្រូវឆ្លើយមកវិញក្នុងរយៈពេលមួយសប្ដាហ៍។
គេហទំព័ររបស់ក្រុមហ៊ុនបារាំង វ៉ាំងស៊ី អ៊ែរផត បង្ហាញថា ព្រលានយន្តហោះអន្តរជាតិចំនួន៣ នៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបារាំង តាំងពីឆ្នាំ១៩៩៥ នេះ គឺនៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប និងមួយទៀតនៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុននេះនឹងផុតកុងត្រា ឬកិច្ចសន្យានៅឆ្នាំ២០៤០ ឬ ២៥ឆ្នាំខាងមុខទៀត។ ក្រៅពីនេះ រដ្ឋាភិបាលក៏ត្រូវបង្ហាញរបាយការណ៍បង់ពន្ធជាក់លាក់ពីការវិនិយោគ ព្រលានយន្តហោះទាំងនេះដែរ។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានទេនៅថ្ងៃទី២៣ មិថុនា។
រីឯរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកពុំបានដឹងរឿងនេះទេ៖ «ពូអត់ដឹងសោះក្មួយ អត់ដឹងស្មោះ។»
អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក សុន ឆ័យ លើកឡើងដែរថា ប្រសិនបើលោករដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះនៅតែមិន ព្រមបញ្ចេញឯកសារនៃកិច្ចសន្យានេះទេនោះ មានន័យថា ឯកសារនោះអាចមានបញ្ហាដូចការសង្ស័យ។
បើទោះបីជាយ៉ាងណាក៏ដោយចុះ លោក សុន ឆ័យ បញ្ជាក់ថា លោកនឹងប្រើប្រាស់វិធានការផ្សេងៗទៀត ដូចជាតាមរយៈយន្តការរដ្ឋសភា ហើយស្របគ្នានេះដែរ លោកនឹងបន្តសួរទៅក្រុមហ៊ុនអាកាសចរណ៍បារាំង វ៉ាំងស៊ី អ៊ែរផត ផ្ទាល់តែម្តង៖ «នេះជាក្រុមហ៊ុនរបស់បារាំង ដូច្នេះប្រទេសបារាំង មានច្បាប់ទម្លាប់តម្រូវឲ្យក្រុមហ៊ុនរបស់ខ្លួន រកស៊ីឲ្យមានគោលការណ៍តម្លាភាព ហើយច្បាប់បារាំង គឺធានាក្នុងការបើកទូលាយផ្តល់ឯកសារសាធារណៈជាទូទៅ មិនអាចលាក់បាំងបាន។ ដោយឡែកប្រសិនបើក្រុមហ៊ុននេះជួយលាក់នោះ ខ្ញុំនឹងបន្តសួរទៅរដ្ឋាភិបាលបារាំង ទៀត។»
លោកអះអាងទៀតថា ជាគោលការណ៍ គឺរាល់ឯកសាររបស់រដ្ឋជាមួយក្រុមហ៊ុនដែលយកទ្រព្យសម្បត្តិរដ្ឋជា ទុននោះ គឺជាឯកសារសាធារណៈដែលមហាជនកម្ពុជា អាចមានសិទ្ធិដឹងឮបាន៕
No comments:
Post a Comment