Paris Peace Accords 23 Oct. 1991

Sunday, July 5, 2015

[Vietnamization] កម្ពុជា-​វៀតណាម ​រៀបចំ ​បង្កើត​ក្រុម​ការងារ​ ចម្រុះ​ ស៊ើប​អង្កេត​ ករណី​ហិង្សា​ នៅ​ព្រំដែន | Cambodia-Vietnam to establish joint working group to investigate violence at border

កម្ពុជា-​វៀតណាម ​រៀបចំ ​បង្កើត​ក្រុម​ការងារ​ ចម្រុះ​ ស៊ើប​អង្កេត​ ករណី​ហិង្សា​ នៅ​ព្រំដែន

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ កក្កដា ២០១៥

ព្រំដែន​ស្វាយរៀង ៦២០
ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។  Photo Provided

មន្ត្រី​ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ស្នើ​ ឲ្យ​ក្រសួង​ ការបរទេស​ កម្ពុជា និង​វៀតណាម ដែល​កំពុង​ រៀបចំ​ បង្កើត​ក្រុម​ការងារ ​ចម្រុះ​ស៊ើប​អង្កេត​ ករណី​ផ្ទុះ​ អំពើ​ហិង្សា ​នៅ​តំបន់​ ព្រំដែន ២០៣ ក្នុង​ស្រុក​ កំពង់រោទិ៍ ខេត្ត​ ស្វាយរៀង នោះ គួរ​ដាក់​បញ្ចូល​ សមាសភាព ឬ​ស្ថាប័ន ​ទី​៣ ដែល​ឯករាជ្យ និង​អព្យាក្រឹត។

ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ស៊ើប​អង្កេត​ករណី​ផ្ទុះ​អំពើ​ហិង្សា​នៅ​ តំបន់​ព្រំដែន​ខេត្ត​ស្វាយរៀង កាល​ពី​ចុង​ខែ​មិថុនា នោះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ឯកភាព​តាម​សំណើ​តាម​រយៈ​កំណត់​ទូត​របស់​ក្រសួង​ ការបរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ថា ក្រុម​ការងារ​ចម្រុះ​នេះ​កំពុង​រៀបចំ​ដំណើរ​ការ​នៅ​ឡើយ ដោយ​មាន​ក្រុម​ការងារ​មក​ពី​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ទេ​ថា ក្រុម​ការងារ​ទាំង​ពីរ​ក្រុម​នោះ​មាន​សមាសភាព​ផ្ទៃក្នុង​មក​ពី​ខាង​ណា​ខ្លះ​ នៅ​ឡើយ៖ «ក្រុម​ការងារ​ចម្រុះ​ហ្នឹង​គឺ​មាន​ភារកិច្ច​បន្ត​ពិនិត្យ​ បំភ្លឺ​អំពី​ឧប្បត្តិហេតុ ដែល​បាន​កើត​ឡើង​នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​ទៅ។»

​ទាក់ទង​នឹង​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ អ្នក​តំណាងរាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​មាន​ទស្សនៈ​ស្រដៀង​គ្នា​ថា ដើម្បី​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ឯករាជ្យ និង​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​ទទួល​បាន​យុត្តិធម៌​នោះ ទាល់តែ​ក្រុម​ការងារ​នោះ​ដាក់​បញ្ចូល​សមាសភាព​ទី​៣ ដែល​ឯករាជ្យ និង​មិន​ស្ថិត​ក្នុង​រដ្ឋាភិបាល​ទាំង​ពីរ​ចូល​រួម​ផង។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មិន​សូវ​មាន​ជំនឿ​លើ​ក្រុម​ការ​នេះ​ឡើយ​បើ​តាម​បទពិសោធន៍​កន្លង​មក កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ករណី​ហិង្សា​នៅ​ផ្លូវ​ វ៉េងស្រេង ជាដើម ទី​បញ្ចប់​លទ្ធផល​ដាក់​បន្ទុក​ទៅ​ក្រុម​កម្មករ​អ្នក​តវ៉ា និង​ចោទ​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ៖ «សុំ​ឲ្យ​ក្រុម​ការងារ​ចម្រុះ​រវាង​កម្ពុជា-​វៀតណាម ស៊ើប​អង្កេត ហើយ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។»

​លោក​បន្ត​ថា ប្រសិនបើ​ក្រុម​ការងារ​ចម្រុះ​ដែល​កំពុង​រៀបចំ​បង្កើត​ឡើង​នេះ​មាន​ដាក់​ បញ្ចូល​សមាសភាព​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​នោះ​នឹង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង ​ដំណើរការ​ស៊ើប​អង្កេត និង​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ឲ្យ​គូ​ជម្លោះ​ក្នុង​រឿង​ព្រំដែន​នេះ​បាន។

ទោះ​យ៉ាង​ណា លោក ជុំ សន្ទរី នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ក្រុម​ការងារ​នេះ​នឹង​ចេញ​ជា​រូបរាង ហើយ​ចាប់​ផ្ដើម​ចុះ​ធ្វើការ​របស់​ខ្លួន​នៅ​ពេល​ណា​នោះ​ឲ្យ​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​លិខិត​ឆ្លើយ​តប​ជា​ផ្លូវ​ការ​របស់​ក្រសួង​ការបរទេស​កម្ពុជា ទៅ​ក្រសួង​ការបរទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា បង្ហាញ​ថា កម្ពុជា​នឹង​ជូន​ព័ត៌មាន​ទៅ​ភាគី​វៀតណាម អំពី​សមាសភាព​របស់​ខ្លួន​នៃ​ក្រុម​ការងារ​ចម្រុះ​ក្នុង​ឱកាស​ដ៏​ឆាប់​ខាង​ មុខ​នេះ។ ចំណែក​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​កិច្ច​ប្រជុំ​នឹង​ជូន​ដំណឹង​តាម​ផ្លូវ​ការទូត។

ទាក់ទង​បញ្ហា​ព្រំដែន​នេះ​ដែរ ក្រុម​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១០​រូប នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា បាន​ផ្ញើ​លិខិត​ជា​ផ្លូវការ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋ​សភា ដោយ​ស្នើ​ឲ្យ​លើក​យក​បញ្ហា​វៀតណាម រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ (ICJ) ប៉ុន្តែ​សំណើ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ៕



No comments:

Post a Comment