រដ្ឋាភិបាល អះអាង ថា, មិនមាន ការបាត់ដី ដោយសារ ការបោះបង្គោល ព្រំដែន នៅស្វាយរៀង
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៥
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ នៅថ្ងៃ ទី១៥ ខែកក្កដា នាំយកលិខិត ឆ្លើយតប របស់ រដ្ឋាភិបាល ទៅបង្ហាញ ពលរដ្ឋ ទាក់ទង នឹងការចោទប្រកាន់ ដែលថា, ការបោះ បង្គោលព្រំដែន នៅភូមិ ធ្នង់, ឃុំ ថ្នាធ្នង់, ស្រុក រំដួល, ខេត្ត ស្វាយរៀង បានធ្វើ ឲ្យបាត់បង់ ដី ស្រែ-ចម្ការ របស់ ពលរដ្ឋ ជាង៣០ ហិកតារ។ ប៉ុន្តែ មន្ត្រី រដ្ឋាភិបាល អះអាង ថា, មិនមាន ការបាត់បង់ ដី ដូចការ ចោទប្រកាន់ នោះទេ, ហើយ ថា, ពលរដ្ឋ ខ្មែរ នៅតែ អាចបង្កបង្កើនផល នៅលើដី ជាង៣០ ហិកតារ ដូចមុន ដដែល។
ក្រោយពីបានចុះពិនិត្យមើលការបោះតម្រុយព្រំដែននៅចន្លោះបង្គោល ព្រំដែនកម្ពុជា-វៀតណាម លេខ ១៤៧-១៤៨ នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ នៅថ្ងៃទី១៥ ខែមិថុនា បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា ការបោះតម្រុយបង្គោលព្រំដែននៅទីនោះ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ដីចម្ការរបស់ពលរដ្ឋជាង ៣០ហិកតារ ហើយថា ពលរដ្ឋខ្មែរនៅទីនោះមិនត្រូវបានអាជ្ញាធរវៀតណាម អនុញ្ញាតឲ្យធ្វើការដាំដុះ និងប្រមូលផលនៅលើដីពួកគាត់ឡើយ។
ចំពោះការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដូចនេះ ត្រូវបានប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ច្រានចោល ហើយថា ការលើកឡើងរបស់តំណាងរាស្ត្របក្សប្រឆាំងថា គ្មានការពិត។ លោក វ៉ា គឹមហុង បញ្ជាក់ថា យោងតាមផែនទីបោន (Bonne) ខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ការបោះបង្គោលខណ្ឌសីមាព្រំដែននៅចន្លោះបង្គោលលេខ ១៤៧-១៤៨ ពុំបានធ្វើឲ្យកម្ពុជា បាត់បង់ដីស្រែចម្ការពលរដ្ឋខ្មែរជាង ៣០ហិកតារ ដូចការចោទប្រកាន់នោះទេ។
លោក វ៉ា គឹមហុង អះអាងបន្តថា យោងតាមផែនទីដដែលនេះ ចម្ការស្វាយចន្ទីរបស់ពលរដ្ឋ ខ្មែរមួយផ្នែក និងផ្នូរដូនតារបស់ពួកគាត់ត្រូវកាត់ចេញពីកម្ពុជា ប៉ុន្តែដោយយោងលើអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ភាគីទាំងពីរបានរក្សាដីចម្ការស្វាយចន្ទីទាំងមូល និងដីផ្នូរដូនតារបស់ពលរដ្ឋកម្ពុជា ឲ្យនៅដដែល ដើម្បីទុកជូនពលរដ្ឋបន្តការកាន់កាប់ទីតាំងនោះបន្តទៀត។
លោក វ៉ា គឹមហុង បញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ម្ចាស់ចម្ការស្វាយចន្ទីបានប្រមូលផលធម្មតា គ្មានការហាមឃាត់ដូចការលើកឡើងរបស់ក្រុមអ្នកតំណាងរាស្ត្របក្ស ប្រឆាំងឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍បន្ទាប់ពីចុះជួបពលរដ្ឋនៅថ្ងៃទី១៥ ខែកក្កដា ថា គោលបំណងនៃការចុះជួបពលរដ្ឋជាថ្មីពេលនេះ គឺដើម្បីនាំយកលិខិតរបស់លោក វ៉ា គឹមហុង ដើម្បីទៅចែកជូន និងផ្សព្វផ្សាយដល់ពលរដ្ឋ ហើយថា ពលរដ្ឋអាចទៅកាន់កាប់ និងបង្កបង្កើនផលលើដីរបស់ពួកគេបានជាធម្មតា ដូចការអះអាងរបស់រដ្ឋាភិបាល។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «ខ្ញុំជឿថា ដីនេះជាដីរបស់ខ្មែរ ប៉ុន្តែត្រូវបានវៀតណាម អះអាងថា ជាដីរបស់វៀតណាម ដូច្នេះអ្វីដែលខ្ញុំចង់បាន គឺសុំឲ្យអាជ្ញាធរមូលដ្ឋានត្រូវរាយការណ៍មកថ្នាក់លើថា ដីហ្នឹងប្រជាពលរដ្ឋមិនអាចបង្កបង្កើនផលដូចកាលគាត់ធ្វើលើកមុនទេ នេះបើសិនមានអីកើតឡើងក្នុងពេលខាងមុខ ខ្ញុំបានផ្ដាំផ្ញើទៅប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនៅមូលដ្ឋានថា បើមានការរារាំង សុំឲ្យទាក់ទងមកពួកយើងខ្ញុំ ឬទាក់ទងទៅអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការអន្តរាគមន៍។»
ពលរដ្ឋនៅទីនោះអះអាងថា ពួកគាត់បានអាស្រ័យផលលើដីនេះតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ហើយថា ពួកគាត់ថែមទាំងមានផ្នូរដូនតាបន្សល់ទុកនៅទីនោះតាំងពីឆ្នាំ១៩៥៩ ជាភស្តុតាងផងដែរ។
អ្នកភូមិឈ្មោះ ញៀន ឡន មានប្រសាសន៍ថា ពលរដ្ឋសាទរចំពោះការឆ្លើយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ពេលនេះ។ លោកថា ពលរដ្ឋនឹងចូលទៅបង្កបង្កើនផលលើដីនោះក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយ លោកថា ប្រសិនបើមានប្រតិកម្មពីសំណាក់អាជ្ញាធរយ៉ាងណានោះ ពលរដ្ឋនឹងរាយការណ៍ទៅឲ្យរដ្ឋាភិបាលឲ្យចាត់វិធានការបន្តទៀត៖ «ខ្ញុំ ថា រដ្ឋាភិបាលដោះស្រាយរបៀបនេះ ខ្ញុំប្រជាជនទាំងអស់ត្រេកអរ មិនថា គណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ នោះទេ ប្រជាជនគាត់ត្រេកអរ ព្រោះបានទឹកដីដើម្បីដោះស្រាយជីវភាពគ្រួសារវិញ។»
បញ្ហាវិវាទព្រំដែនកម្ពុជា-វៀតណាម បានផ្ទុះឡើងជាថ្មីតាំងពីពាក់កណ្ដាលខែមេសា ឆ្នាំ២០១៥។ ការផ្ទុះឡើងជាថ្មីនេះ ត្រូវបានគណបក្សប្រឆាំងអះអាងថា ដោយសារតែប្រទេសវៀតណាម បន្តរំលោភបំពានចូលបូរណភាពទឹកដីកម្ពុជា និងដោយសារតែភាពមិនប្រក្រតីនៃការបោះបង្គោលខណ្ឌសីមាព្រំដែនរវាង រដ្ឋាភិបាលកម្ពុជា-វៀតណាម នៅពេលកន្លងមក។ បញ្ហាវិវាទព្រំដែននេះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែរ និងវៀតណាម ប៉ះទង្គិចគ្នា មួយប្រាវនាំឲ្យរបួសទាំងសង្ខាងម្តងរួចមកហើយ កាលពីចុងខែមិថុនា ក្នុងពេលដែលតំណាងរាស្ត្របក្សប្រឆាំង ព្រះសង្ឃ និងយុវជន ចុះពិនិត្យមើលបង្គោលព្រំដែនក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ទាក់ទងនឹងបញ្ហាព្រំដែននៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នេះដែរ អាជ្ញាធរខេត្តស្វាយរៀង និងតំណាងរបស់លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១៥ កក្កដា ជួបគ្នាដើម្បីពិភាក្សាអំពីគម្រោងចុះពិនិត្យបង្គោលព្រំដែនជាថ្មី របស់លោក រៀល ខេមរិន្ទ្រ នៅថ្ងៃទី១៩ កក្កដា ខាងមុខ និងដែលអាចមានមនុស្សជាង ១ពាន់នាក់ចូលរួម។
យ៉ាងណាក៏ដោយ លោក រៀល ខេមរិន្ទ្រ ឲ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀង និយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យលោកនាំមនុស្សទាំងជាង ១ពាន់នាក់នោះ ទៅកន្លែងបង្គោលព្រំដែនដែលធ្លាប់ប៉ះទង្គិចគ្នានោះទេ គឺអនុញ្ញាតឲ្យទៅមើលត្រឹម ១០០នាក់ប៉ុណ្ណោះ ចំណែកអ្នកផ្សេងទៀត ត្រូវមើលពីចម្ងាយយ៉ាងហោចណាស់ក៏ពី ២០០ ទៅ ៣០០ម៉ែត្រដែរ។ អាជ្ញាធរអះអាងថា មូលហេតុដែលពួកគេមិនអនុញ្ញាតឲ្យមនុស្សចុះទៅទាំងហ្វូងនេះ ដោយសារខ្លាចអ្នកចូលរួមជាន់លើដំណាំដាំដុះរបស់ពលរដ្ឋនៅទីនោះ។
ទោះជាយ៉ាងណា លោក រៀល ខេមរិន្ទ្រ ឆ្លើយតបថា ហេតុផលរបស់អាជ្ញាធរមិនអាចទទួលយកបានឡើយ។ លោកថា លោកនឹងនាំគ្នាចុះពិនិត្យមើលដូចការគ្រោងទុក៖ «យើងត្រូវតែទៅ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា តើបង្គោលព្រំដែនច្បាស់លាស់ដែលលោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា គាត់ធ្វើច្បាស់លាស់ ឬមិនច្បាស់លាស់ គាត់ប្រាប់ថា ឲ្យយើងទៅមើល។ ឥឡូវយើងនាំគ្នាទៅមើល ហើយកាលពីពេលចរចាប៉ុន្មានថ្ងៃមុន វៀតណាមសន្យាថា គេនឹងបញ្ឈប់ការធ្វើថ្នល់នៅស្រុកកំពង់រោទិ៍ អ៊ីចឹងខ្ញុំនឹងទៅឲ្យដល់ដើម្បីឲ្យដឹងថា តើវៀតណាម បានគោរពការចរចាគ្នាឬនៅ?»
ជុំវិញការប៉ះទង្គិចគ្នារវាងពលរដ្ឋខ្មែរ និងវៀតណាម នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីចុងខែមិថុនា រដ្ឋាភិបាលកម្ពុជា-វៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យពីឧប្បត្តិហេតុដែលបានកើតឡើងនៅពេលកន្លងមក។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ក្រុមការងារចម្រុះនេះ គ្រោងចុះទៅពិនិត្យកន្លែងប៉ះទង្គិចគ្នានៅថ្ងៃទី១៦ ខែកក្កដា៕
No comments:
Post a Comment