រដ្ឋសភា
បោះឆ្នោត ដកលោក កឹម សុខា ពីតំណែង អនុប្រធាន ទី១ រដ្ឋសភា
នាព្រឹកថ្ងៃ ទី៣០តុលានេះ
| ៣០ តុលា ២០១៥
ការបោះឆ្នោតសម្រេច លើការដកតំណែងលោកកឹមសុខា ត្រូវការសំឡេងត្រឹមតែ ៥០% បូក ១ នៃសមាជិករដ្ឋសភាសរុប។ ពោលគឺសំឡេងត្រឹមតែ ៦៣ រូបឡើងទៅប៉ុណ្ណោះ។
រដ្ឋសភា សម្រេចបោះឆ្នោត ដកតំណែងលោកកឹមសុខា ចេញពីអនុប្រធានទី១រដ្ឋសភា នាពេលនេះ គឺបានធ្វើឡើងតាមញត្តិរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលតំណាងដោយលោកប៉ែនបញ្ញា និងលោកជាម យៀប។
ក្រោយពីដំណើរការបោះឆ្នោតជាសម្ងាត់ ដោយគូសលើក្រដាសដាក់ក្នុងហិបឆ្នោតរួចមក គឺលទ្ធផល ត្រូវបានសម្តេចហេងសំរិន ប្រធានរដ្ឋសភា បានប្រកាសថា លោកកឹមសុខា ត្រូចបានអង្គសភា បោះឆ្នោតដកតំណែងពីអនុប្រធានទី១ នៃរដ្ឋសភា ជាស្ថាពរ នាសម័យប្រជុំលើកទី៥ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
សូមរម្លឹកថា រដ្ឋសភា ប្រជុំបោះឆ្នោតដកតំណែងលោកកឹមសុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា នាថ្ងៃទី៣០តុលានេះ គឺបានធ្វើឡើង បន្ទាប់ពីមានបាតុកម្ម តវ៉ាទាមទារឲ្យលោកកឹមសុខា ចុះចេញពីតំណែងអនុប្រធានទី១ រដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅមុខរដ្ឋសភា និងនៅមុខផ្ទះរបស់លោកកឹមសុខា។ បាតុកម្មនោះ បានបញ្ចប់ដោយអំពើហិង្សា លើអ្នកតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ។
លោកកឹមសុខា បានក្លាយជាអនុប្រធានទី១ រដ្ឋសភា តាមរយៈការបោះឆ្នោត នៅរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ នោះគឺអ្នកតំណាងរាស្ត្រ ១១៦ រូប បានបោះឆ្នោតជាសម្ងាត់ គូសលើសន្លឹកឆ្នោត ជ្រើសតាំងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា៕
No comments:
Post a Comment