លោក ហុង សុខហួរ តម្កល់លុយ ១០លាន រៀល ដើម្បី បាននៅក្រៅឃុំ បណ្ដោះអាសន្ន
RFA / វិទ្យុ អាស៊ី សេរី | ៣ វិច្ឆិកា ២០១៥
មេធាវី ការពារក្តី ឲ្យសមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ថ្លែងថា, សវនាការ សូម នៅក្រៅឃុំ បណ្ដោះអាសន្ន ដែលធ្វើឡើង នៅសាលាឧទ្ធរណ៍ នាថ្ងៃ ទី៤ វិច្ឆិកា គឺ កូនក្ដី របស់លោក សម្រេច តម្កល់លុយ ចំនួន ១០លាន រៀល ជាថ្នូរ ដើម្បី លោក ហុង សុខហ៊ួរ បាននៅក្រៅឃុំ ជាបណ្ដោះអាសន្ន។
លោក ជូង ជូងងី ឲ្យដឹងនៅថ្ងៃ ទី៣ វិច្ឆិកា ថា, សវនាការ ដែលនឹងចាប់ផ្ដើម នៅព្រឹកថ្ងៃ ទី៤ វិច្ឆិកា គឺ លោក មានភស្តុតាង ដែលអាច ឈានទៅដល់ ការដោះបន្ទុក កូនក្តី របស់ខ្លួន បាន។ បើ ទោះ ជាបែបនេះ ក៏ដោយចុះ, លោក ជូង ជូងី នៅពុំទាន់អាចសន្និដ្ឋានបានថា ការជំនុំជម្រះសុំនៅក្រៅឃុំបណ្ដោះអាសន្ននេះ លទ្ធផលនឹងទៅជាយ៉ាងណា នៅឡើយនោះទេ។ ទន្ទឹមនឹងនេះ លោក ជូង ជូងី បញ្ជាក់ថា កូនក្ដីរបស់លោក សម្រេចតម្កល់លុយមួយចំនួនផង ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន។
ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ ធ្លាប់បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ ចំនួនពីរលើក រួចមកហើយ។ ការជំទាស់លើកចុងក្រោយ របស់ចៅក្រមជំនុំជម្រះ សាលាឧទ្ធរណ៍ កាលពីថ្ងៃទី ១៧ ខែ កញ្ញា នោះ គឺក្រោមហេតុផលថា ដើម្បីរក្សាជនត្រូវចោទ ឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីបន្ត និងកុំឲ្យមានវឹកវរកើតឡើង។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៥ សីហា។ ក្រោយការចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ៣បទចោទ គឺ បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ៕
No comments:
Post a Comment