Paris Peace Accords 23 Oct. 1991

Monday, November 16, 2015

រដ្ឋាភិបាល​ នឹង​ទប់ស្កាត់ បាតុភាព​នានា​ ដែល​រារាំង ​ដីកា​ ចាប់​ខ្លួន​ លោក សម រង្ស៊ី | Govt to suppress any interference in arrest of Sam Rainsy

បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ ​គណបក្ស​ សង្គ្រោះ​ជាតិ ជួប​ជាមួយ​ អ្នក​គាំទ្រ​ ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន ​ប្រជាធិបតេយ្យ រាជធានី ​ភ្នំពេញ កាល​ពី​រសៀល​ ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។

រដ្ឋាភិបាល​ នឹង​ទប់ស្កាត់​ បាតុភាព​នានា​ ដែល​រារាំង​ ដីកា​ ចាប់​ខ្លួន​ លោក សម រង្ស៊ី

RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៥


រដ្ឋាភិបាល​ បង្កើត​ គណៈកម្មការ ​ដើម្បី​ អនុវត្ត​ ដីកា​ ចាប់​លោក សម រង្ស៊ី នៅ​ពេល​ លោក ​វិល​ត្រលប់ ​មក​ដល់ ​កម្ពុជា​វិញ នៅ​យប់​ ថ្ងៃ​ទី១៦ វិច្ឆិកា។

សេចក្ដី​សម្រេច ​របស់ ​ក្រសួង​ មហាផ្ទៃ បញ្ជាក់​ថា, អាជ្ញា​រដ្ឋាភិបាល​ នឹង​ទប់ស្កាត់ ​នៅ​រាល់​ សកម្មភាព ​របស់​ អ្នក​គាំទ្រ​ លោក សម រង្ស៊ី ដែល​ចង់​ ទប់ស្កាត់​ និង​បាតុភាព​នានា ដែល​រំខាន ​ដល់​សមត្ថកិច្ច ​ក្នុង​ការ​ អនុវត្ត ​ដីកា​ របស់ តុលាការ​នេះ។

អ្នកនាំពាក្យ ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ទីស្ដីការ​ គណៈរដ្ឋមន្ត្រី បាន​ទទួល​ លិខិត ​របស់ ​ក្រសួង​ មហាផ្ទៃ ដែល​ចុះ​ ហត្ថលេខា ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី ​ក្រសួង​ មហាផ្ទៃ កាល​ពី​ថ្ងៃ​ ទី​១៥ វិច្ឆិកា ដើម្បី​ ឲ្យ​គណៈកម្មការ​នេះ អនុវត្ត​ ដីកា​ ចាប់​ខ្លួន​នេះ។


សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ បាន​ចាត់តាំង​សមាសភាព ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ និង​កង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​គណៈកម្មការ​នេះ ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​មាន​ដូចជា៖ ប្រមូល​ព័ត៌មាន និង​សភាពការណ៍​ចលាចល​ផ្សេងៗ ការពារ​សន្តិសុខ សុវត្ថិភាព​ទណ្ឌិត (លោក សម រង្ស៊ី) ពេល​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង និង​ទប់ស្កាត់​បាតុភាព​នានា ដែល​រំខាន​ការ​អនុវត្ត​ដីកា។
អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មក​អនុវត្ត​ទោស លើ​សំណុំ​រឿង​ចាស់​កាល​ពី​ជាង​៧ឆ្នាំ​មុន របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្រោម​បទ​ចោទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​រើសអើង។
ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី លើ​សំណុំ​រឿង​ចាស់​នេះ នៅខណៈដែលលោក សម រង្ស៊ី និង លោក កឹម សុខា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​ឡើង​វិញ ពី​សំណុំ​រឿង​ចាស់ ដែល​កប់​ទុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។
ក៏​ប៉ុន្តែ​ការ​សើរើ​សំណុំ​រឿង​ចាស់​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង ហើយ​គេ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ មិនមែន​ក្នុង​ហេតុផល​អនុវត្ត​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។
ទាក់ទង​និង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​​ ថា លោក សម រង្ស៊ី នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៦ វិច្ឆិកា បើ​ពុំ​មាន​ការ​កែប្រែ​ជា​ចាំបាច់​ណា​មួយ​ទេ។

លោក អេង ឆៃអ៊ាង សង្កត់​ធ្ងន់​ថា លោក សម រង្ស៊ី ក៏​ជជែក​ជាមួយ​លោក ស ខេង ដែរ​អំពី​ការ​ចាប់​ខ្លួន​នោះ។ លោក​បញ្ជាក់​ថា លោក សម រង្ស៊ី នឹង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​សន្តិវិធី ដោយ​លោកមិន​ចង់​ឲ្យ​មាន​សកម្មភាព​ចាប់​ខ្លួន​ ដោយមាន​ការ​ប៉ះ​ទង្គិច​គ្នា រវាង​កង​កម្លាំង និង​អ្នក​គាំទ្រ​លោក​នោះ​ទេ៕


No comments:

Post a Comment