Paris Peace Accords 23 Oct. 1991

Friday, November 6, 2015

អ្នក​រាយការណ៍ ​ពិសេស ​អង្គការ​ សហប្រជាជាតិ​ នឹង​មក​ ទស្សនកិច្ច​ នៅ​កម្ពុជា ​ពីរ​ថ្ងៃ | UN Special Rapporteur to visit Cambodia for 2 days

អ្នក​រាយការណ៍ ​ពិសេស ​អង្គការ​ សហប្រជាជាតិ​ នឹង​មក​ ទស្សនកិច្ច​ នៅ​កម្ពុជា ​ពីរ​ថ្ងៃ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ វិច្ឆិកា ២០១៥

 

ម៉ៃណា គីអៃ (Maina Kiai) ៦១០
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី លោក ម៉ៃណា គីអៃ (Maina Kiai) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។  RFA/Yeang Socheametta

អ្នក​រាយការណ៍ ​ពិសេស ​របស់ ​អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ ផ្នែក​សេរីភាព ​ប្រមូល​ផ្ដុំ​ ដោយ​សន្តិវិធី និង​ការ​បង្កើត​ សមាគម, លោក ម៉ៃណា គីអៃ (Maina Kiai), នឹង​ធ្វើ​ ទស្សនកិច្ច​ មក​ប្រទេស​ កម្ពុជា ចំនួន ២​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​ ទី​៧ វិច្ឆិកា។

មន្ត្រី​ ការិយាល័យ ​នៃ​ឧត្ដម​ស្នងការ​ អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា អ្នកស្រី គ្រីស្ទីន ភីគឃើរីង (Christine Pickering) ថ្លែង​នៅ​ថ្ងៃ ​ទី​៥ វិច្ឆិកា ថា, ខាង​ការិយាល័យ​ នៃ​ឧត្ដម​ស្នងការ មិន​អាច​ បរិយាយ​ ពី​ដំណើរ​ ទស្សនកិច្ច ​របស់ លោក ម៉ៃណា គីអៃ ទេ ព្រោះ ​ដំណើរ​ ទស្សនកិច្ច​ មក​កម្ពុជា លើក​នេះ​ ជា​ដំណើរ​ ផ្ទាល់​ខ្លួន ​របស់​លោក។

ទោះ​ជា​ដូច្នេះ​ក្ដី មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា លោក​នឹង​ជួប លោក ម៉ៃណា គីអៃ នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ទាក់ទង​នឹង​រឿង​សិទ្ធិ​សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម៖ «ជួប​ជាមួយ​គាត់ ដោយសារ​គាត់​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សេរីភាព​ទាំង​បី សេរី​បញ្ចេញ​មតិ ការ​ជួប​ជុំ និង​ការ​បង្កើត​សមាគម។ ដល់​អ៊ីចឹង នឹង​ផ្ដោត​ទៅ​លើ​សេរីភាព​ទាំង​បី។ អាច​មាន​និស្សិត​ជួប​នៅ​អង្គការ ខនរ៉ាដ ជួប​ក្រុម​និស្សិត អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ហើយ​ចំនួន​មនុស្ស​ប្រហែល​ជា ៥០​ជាង​អី​ទេ ដោយសារ​បន្ទប់​តូច។ មាន​ការ​ចាត់​ចែង​ផ្សេង​ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ច្បាស់​តែ​ព័ត៌មាន​ហ្នឹង​មួយ។»

កន្លង​មក លោក ម៉ៃណា គីអៃ បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​រាជ​រដ្ឋាភិបាល អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​តវ៉ា និង​ការ​បង្ក្រាប​ការ​ប្រមូល​ផ្ដុំ​ទាំង​នោះ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក​ក៏​ធ្លាប់​ជួប​មន្ត្រី​រដ្ឋាភិបាល គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និស្សិត ដើម្បី​ស្វែង​យល់​ពី​សិទ្ធិ​សេរីភាព​ទាំង​បី​នៅ​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់ លោក ម៉ៃណា គីអៃ នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ មក​កម្ពុជា បន្ទាប់​ពី​ទស្សនកិច្ច​សិក្សា និង​មិន​មែន​ផ្លូវ​ការ​របស់​លោក​លើក​ទី​១ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤៕


No comments:

Post a Comment