វៀតណាម ក្លាយជាទីតាំង ពិសោធន៍ បច្ចេកវិទ្យា ថ្មីៗ សម្រាប់ ប្រទេស កំពុង ដែលអភិវឌ្ឍ ខ្លាំង
ប្រទេស វៀតណាម
បានបង្ហាញ កម្លាំង លើសពីមាឌ របស់ខ្លួន ក្នុងពិភពលោក
នៅពេល ដែលប្រទេសនេះ ចំណាយ ពេលវេលា យ៉ាងច្រើន នៅលើបណ្តាញ YouTube
ជាងប្រទេស ណាៗ ទាំងអស់។
ក្រុង ហូជីមិញ —ក្រុមហ៊ុន វីដេអូ តាមអ៊ីនធឺណិត YouTube និយាយ កាលពីសប្តាហ៍មុន (២៨ តុលា) ថា, ប្រទេស វៀតណាម បានបង្ហាញ កម្លាំង លើស ពីមាឌ របស់ខ្លួន ក្នុងពិភពលោក នៅពេល ដែលប្រទេសនេះ ចំណាយ ពេលវេលា យ៉ាងច្រើន នៅលើបណ្តាញ YouTube ជាងប្រទេស ណាៗ ទាំងអស់។ ការប្រើប្រាស់ បណ្តាញ YouTube យ៉ាងខ្លាំង របស់ ប្រទេសនេះ បានជួយធ្វើ ឲ្យអាស៊ី ក្លាយជាទីតាំង សាកល្បង របស់ ក្រុមហ៊ុន YouTube ដែលជាឧទាហរណ៍។ ក្រុមហ៊ុននេះ បានបង្កើត កម្មវិធី Offline ក្រៅបណ្ដាញ អ៊ីនធឺណិត ក្នុងទីផ្សារ មួយចំនួន ដែលទីផ្សារ ទាំងនោះ គឺ សុទ្ធតែ នៅទ្វីប អាស៊ី ទាំងអស់។
ចំនួន ប្រជាជន សរុប របស់ វៀតណាម ជាប់ចំណាត់ថ្នាក់ ទី១៤ នៅលើ ពិភពលោក, ប៉ុន្តែ ប្រទេសនេះ គឺ ស្ថិតក្នុង ចំណោម ទីផ្សារ ធំ ជាងគេ ទាំង១០ របស់ YouTube សម្រាប់ ការចំណាយពេល មើលវីដេអូ។ ក្រុមហ៊ុននេះ បានប្រកាស ពីតួលេខនេះ នៅឯព្រឹត្តិការណ៍ មួយ នៅក្នុង ទីក្រុង ហូជីមិញ ដើម្បី ប្រារព្ធខួប លើកទីមួយ នៃគេហទំព័រ YouTube.vn ដែលជា គេហទំព័រ YouTube ក្នុងស្រុក របស់ វៀតណាម។
អ្នកស្រី Phoung Anh Nguyen ប្រធានទីផ្សារសម្រាប់វៀតណាមរបស់ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនមេរបស់គេហទំព័រ YouTube បានឱ្យដឹងថា៖ «ក្នុងរយៈពេល តែ មួយឆ្នាំ មានការកើនឡើង១២០ ភាគរយ ក្នុងមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការចំណាយពេលមើលវីដេអូ។» នេះបើប្រៀបធៀបជាមួយនឹងកំណើន ៥០ ភាគរយនៅទូទាំងពិភពលោក។
«នេះត្រូវបានចូលរួមចំណែកភាគច្រើនដោយការចាប់ផ្តើមនៃគេហទំព័រ .vn ដែលអនុញ្ញាតឱ្យមនុស្សជាច្រើននៅក្នុងប្រទេសវៀតណាម ស្វែងរកវីដេអូទាក់ទងនឹងវៀតណាមកាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់របស់វៀតណាម ដើម្បីបង្ហោះវីដេអូវៀតណាមនិងទទួលកម្រៃផងដែរ។»
ខណៈពេលដែលគេហទំព័រ YouTube បានបង្កើតគេហទំព័រក្នុងស្រុកសម្រាប់ប្រទេសចំនួន ៧៣ វៀតណាមក៏ជាទីតាំងសាកល្បងមួយ ដែលក្រុមហ៊ុននេះ អាចសាកល្បងសេវាកម្មសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។ ជម្រើសក្រៅបណ្ដាញនេះ (offline option) ត្រូវបានដាក់ឲ្យប្រើនៅក្នុងប្រទេសវៀតណាម ក្នុងខែមេសាដែលធ្វើឱ្យប្រទេសនេះ ជាប្រទេសមួយក្នុងចំណោម ប្រទេសប្រាំបី ដែលជាកន្លែង ដែលអ្នកប្រើប្រាស់អាចរក្សាទុកវីដេអូដើម្បីមើលនៅពេលក្រោយ ដោយមិនបាច់ប្រើអ៊ីនធឺណិត។
អ៊ីនធឺណិតមានតម្លៃថោក ប៉ុន្តែវាមានកំណត់ ដូច្នេះជនជាតិវៀតណាមជាធម្មតា ប្រើទូរស័ព្ទទំនើបរបស់ខ្លួន ដើម្បីភ្ជាប់អ៊ីនធឺណិតតាមហាងកាហ្វេភ្លាមៗ នៅពេលពួកគេទៅដល់ទីនោះ។ ប្រព័ន្ធ WiFi គឺជាការរំពឹងទុករបស់អតិថិជន ព្រោះវាមាននៅគ្រប់ទីកន្លែង ដូច្នេះវាត្រូវបានផ្តល់ជូនដោយអ្នកលក់ សូម្បីអ្នកលក់ក្នុងតូបលក់តាមចិញ្ចើមផ្លូវ។ នោះហើយជាមូលហេតុដែលគេបានសម្ពោធកម្មវិធី YouTube Offline នៅទីនេះ និងនៅបណ្ដាប្រទេសនៅក្នុងទ្វីបអាស៊ី ដូចជាប្រទេសឡាវ ឥណ្ឌា និងហ្វីលីពីន។ ពលរដ្ឋប្រទេសទាំងនេះចូលចិត្តប្រើបណ្ដាញអ៊ីនធឺណិត ប៉ុន្តែជាញឹកញាប់គេប្រើប្រាស់វាជារយៈពេលខ្លីតាមរយៈទូរស័ព្ទទំនើប ដែលធ្វើឱ្យកម្មវិធីប្រើប្រាស់ក្រៅបណ្ដាញអ៊ីនធឺណិតមានប្រយោជន៍។
នាង Lisa Nguyen ប្រធានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុនលក់រាយបណ្ដាញអ៊ីនធឺណិត Cho Tot បាននិយាយថា «អ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតទូរស័ព្ទដៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសវៀតណាម។ ទោះបីជាយើងបានចាប់ផ្ដើមយឺតជាងបណ្តាប្រទេសផ្សេងមួយចំនួននៅ ក្នុងតំបន់ ដូចជា សិង្ហបុរី កូរ៉េ និង ប្រទេសជប៉ុនក៏ដោយ ក៏ប៉ុន្តែវាបានធ្វើឱ្យយើងរីកលូតលាស់លឿន ដោយសារតែបច្ចេកវិទ្យាមាននៅទីនោះរួចទៅហើយ។ ដូច្នេះវាមានភាពងាយស្រួលក្នុងការសម្របខ្លួនចូលទៅក្នុងប្រទេស នេះ។»
ដូចប្រទេសដទៃដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដែរ មនុស្សជាច្រើននៅក្នុងប្រទេសវៀតណាម ទំនងជាមានទូរស័ព្ទទំនើបច្រើនជាងកុំព្យូទ័រយួរដៃ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអាល្លឺម៉ង់ GfK ដែលបានចេញផ្សាយការស្ទង់មតិមួយនៅថ្ងៃទី៣១ ខែសីហា បាននិយាយថា ទីផ្សារទូរស័ព្ទទំនើបក្នុងប្រទេសវៀតណាមលូតលាស់លឿនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។
កត្តានេះ ព្រមទាំងកត្តាចំនួនប្រជាជនវ័យក្មេងដែលមានការចាប់អារម្មណ៍យ៉ាង ខ្លាំងនឹងបច្ចេកវិទ្យា ហើយវាបានធ្វើឱ្យ YouTube មានការចាប់អារម្មណ៍ចំពោះប្រទេសនេះ។ អ្នកស្រី Phuonh Anh Nguyen បាននិយាយថា ខណៈពេលដែលបណ្ដាញចែករំលែកវីដេអូនេះ បានចាប់ផ្តើមផ្សាយវីដេអូសម្រាប់តែវៀតណាម តាំងពីឆ្នាំ២០១៤មក គេអាចបើកមើលទំព័រទូទៅរបស់ YouTube នៅប្រទេសវៀតណាមជាច្រើនឆ្នាំមុននោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រយោជន៍នៃការចូលទីផ្សារមុនគេ (first-mover advantage) បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់រកឃើញបណ្ណាល័យវីដេអូ ដែលពុំមានរកអ្នកអាចប្រកួតប្រជែងបាន។ YouTube បាននិយាយថា អ្នកប្រើប្រាស់បានបង្ហោះវីដេអូ ប្រវែង ៤០០ ម៉ោង ក្នុងមួយនាទី បើប្រៀបធៀបទៅនឹង ៧០ម៉ោង កាលពី៥ឆ្នាំមុន។
នៅក្នុងទីផ្សារប្រទេសផ្សេងទៀត អតិថិជនអាចជ្រើសរើសយកគេហទំព័រវីដេអូ Vimeo ដែលមានលក្ខណៈច្នៃប្រឌិត ឬសេវាមើលវីដេអូបង់ប្រាក់ក្រុមហ៊ុន Hulu និងក្រុមហ៊ុន Netflix។ ប៉ុន្តែនៅក្នុងប្រទេសវៀតណាម មិនដូច្នេះទេ។
លោក Nguyen Hoang Long អ្នកគ្រប់គ្រងជាន់ខ្ពស់ខាងផ្លាកពាណិជ្ជកម្មរបស់ទឹកត្រី Nam Ngu ដែលបានទទួលពានរង្វាន់គេហទំព័រ YouTube សម្រាប់ពាណិជ្ជកម្មរបស់ខ្លួន បាននិយាយថា «ប្រទេសយើងមិនមានជម្រើសសម្រាប់អតិថិជនច្រើនទេ។ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលជាគេហទំព័រវីដេអូផ្សេងទាំងនោះ មិនធំបែបនេះទេ។»
អ្នកស្រី Phuonh Anh Nguyen ជឿជាក់ថា ហេតុផលមួយផ្សេងទៀត ដែលគេហទំព័រ YouTube បានបើកនៅក្នុងប្រទេសវៀតណាមនោះ ដោយសារតែពលរដ្ឋមានភាពជាសហគ្រិន និងងប់ងុលនឹងការសិក្សាអប់រំ ដូច្នេះពួកគេចូលចិត្តវីដេអូដែលបង្រៀនពីវីធីសាស្ត្រអ្វីមួយ (how-to videos)។ ពួកគេបានមើលវីដេអូដែលដាក់ស្លាក «ការអប់រំ» ជាងមនុស្សភាគច្រើននៅក្នុងប្រទេស ដែលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ហើយប្រទេសវៀតណាមបានបញ្ជូនសិស្សទៅកាន់សហរដ្ឋអាមេរិកច្រើន ជាងប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកស្រី Phuonh Anh Nguyen បានថ្លែងថា៖ «ខ្ញុំឃើញមនុស្សវ័យក្មេងជាច្រើន ស្រេកឃ្លានការរៀនសូត្រ ការស្វែងរក និងការរកឃើញអ្វីដែលថ្មី។ ដូច្នេះ គេហទំព័រ YouTube គឺជាបរិបទដែលល្អឥតខ្ចោះសម្រាប់ពួកគេក្នុងការចូលរួមជាមួយ សហគមន៍សាកលលោកដើម្បីរៀនអំពីអ្វី ដែលពួកគេប្រហែលជាមិនអាចទទួលបាន៕»
No comments:
Post a Comment