អាជ្ញាធរ ហាម អ្នកប្រារព្ធខួប នៃការបាញ់សម្លាប់ លោក ជា វិជ្ជា តិះដៀល រដ្ឋាភិបាល
RFA / វិទ្យុ អាស៊ី សេរី | ២០ មករា ២០១៦

កម្មករ កម្មការិនី
ធ្វើដំណើរទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា
ខួបទី១១
នៅកន្លែងតម្កល់រូបសំណាកត្រង់សួនច្បារក្បែរវិមានឯករាជ្យ
រាជធានីភ្នំពេញ នៅថ្ងៃទី២២ មករា ២០១៥។
RFA/Rann Samnang
សាលារាជធានី ភ្នំពេញ មិនអនុញ្ញាត ឲ្យអ្នក ធ្វើពិធី ជួបជុំ គោរព វិញ្ញាណក្ខន្ធ សពលោក ជា វិជ្ជា ថ្លែងសារ នយោបាយ ឬវាយប្រហារ រដ្ឋាភិបាល ឡើយ។ បម្រាមនេះ នៅបន្ទាប់ ពីសាលា រាជធានី ភ្នំពេញ អនុញ្ញាត ឲ្យមន្ត្រី សហជីព និងកម្មករ ធ្វើពិធីជួបជុំ គោរព វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅថ្ងៃ ទី២២ ខែមករា។ ទាក់ទិន បម្រាមនេះ ប្អូនប្រុសបង្កើត របស់លោក ជា វិជ្ជា គឺ លោក ជា មុនី លើកឡើង ថា គឺ ជាការរឹតត្បិត សិទ្ធិសេរីភាព។
ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ គឺគម្រប់ខួប ១២ឆ្នាំគត់ ដែលអតីតមេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជាប់របងវត្តលង្កា ក្នុងរាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យសហជីពកម្មករ ព្រមទាំងក្រុមគ្រួសារ ជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅទីតាំងតម្កល់រូបសំណាករបស់លោក ស្ថិតនៅលើសួនច្បារខាងលិចវិមានឯករាជ្យ។ ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា សាលារាជធានីមិនអនុញ្ញាតឲ្យអ្នកប្រារព្ធពិធីនោះហែក្បួន និងថ្លែងសារនយោបាយ ឬតិះដៀលលើថ្នាក់ដឹកនាំរដ្ឋាភិបាលនោះឡើយ៖ «មិន អនុញ្ញាតអោយគាត់ប្រើប្រាស់កម្មវិធីថ្ងៃនោះ ជាកម្មវិធីនយោបាយ ប៉ះពាល់ដល់ព្រះមហាក្សត្រ ប៉ះពាល់ដល់រដ្ឋាភិបាល និងមិនប៉ះពាល់ដល់ប្រទេសជិតខាង។ និយាយអោយចំទៅ គឺមិនអោយញុះញង់បំបែកបំបាក់ជាតិ គឺថាយើងមិនចង់អោយធ្វើបែបនេះទេ។»
មកទល់ពេលនេះ មជ្ឈដ្ឋានទូទៅនៅតែចង់ដឹងថា នរណាជាឃាតកសម្លាប់លោក ជា វិជ្ជា ហើយនៅពេលសាលារាជធានីមានបម្រាមរារាំងយ៉ាងដូច្នេះ បានធ្វើឲ្យពួកគេដាក់មន្ទិលសង្ស័យទៅលើរដ្ឋាភិបាល។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោកនៅតែថ្លែងសារទៅកាន់រដ្ឋាភិបាលដូចរាល់ឆ្នាំ ហើយបើមិនចង់ប៉ះពាល់នោះ រដ្ឋាភិបាលត្រូវតែវែកមុខឃាតកពិត និងអ្នកបញ្ជាពីក្រោយខ្នងដែលបានសម្លាប់លោក ជា វិជ្ជា យកមកផ្ដន្ទាទោស ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ និងពង្រឹងយុត្តិធម៌នៅកម្ពុជា៖ «បើមិនចង់ឲ្យគេថ្លែងសារទេ ចាប់ឃាតកមក ព្រោះអ្នកដែលដឹងរឿងនៅរស់តើ ជាពិសេសក្រសួងមហាផ្ទៃ ដឹងហើយ ក្រសួងមហាផ្ទៃ ពូកែតើ! មិនមែនអត់ជំនាញទេ គឺមានជំនាញ ប៉ុន្តែថា ត្រូវចាប់គាត់អត់ចាប់ ហើយគាត់ចាំតែមេបញ្ជា។ ទោះបីជារដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតក៏ដោយ ប៉ុន្តែមានតែនៅលើក្រដាស មិនការអនុវត្តទេ ហើយបើអ៊ីចឹង មិនអោយគេរិះគន់យ៉ាងម៉េច ឬក៏សម្លាប់គេចង់បិទបាំង។»
ចំណែកអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការហាមប្រាមរបស់សាលារាជធានី គឺមិនត្រូវឡើយ។ មិនត្រឹមត្រូវ ព្រោះលោក ជា វិជ្ជា ត្រូវបានគេចាត់ទុកថា ជាវីរកម្មករដែលមានស្នាដៃទាមទារសិទ្ធិសេរីភាព និងផលប្រយោជន៍ជូនកម្មករ ដូច្នេះគណបក្សនយោបាយណាក៏មានសិទ្ធិចូលរួមដើម្បីទាមទារឲ្យ រដ្ឋាភិបាលបន្ថែមល្បឿនរកយុត្តិធម៌ជូនជនរងគ្រោះ៖ «វាជារឿងធម្មតា របស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយ ប៉ុន្តែអ្វីសំខាន់នោះ គឺរដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈពិតប្រាកដក្នុងការស្វែងរកឃាតក ដែលសម្លាប់លោក ជា វិជ្ជា។»
មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សលីកាដូ រូបនេះបញ្ជាក់ថា ថ្វីត្បិតតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មសម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក្ដី ប៉ុន្តែអាជ្ញាធរគ្មានឆន្ទៈពិតស្វែងរកយុត្តិធម៌ជូនគ្រួសារ ជនរងគ្រោះឡើយ ព្រោះគណៈកម្មការនេះ មានអាយុជាង ៥ខែហើយ តែមិនទាន់មានពន្លឺនៃការស៊ើបអង្កេត។ លោកសន្និដ្ឋានថា ការបង្កើតគណៈកម្មការមួយនេះឡើង គឺរដ្ឋាភិបាលចង់ទាក់ទាញប្រជាប្រិយភាព និងបន្លំភ្នែកថា ការស៊ើបអង្កេតនៅតែបន្តប៉ុណ្ណោះ៕
No comments:
Post a Comment