រដ្ឋាភិបាល បញ្ឈប់ មិន ឲ្យយកលុយ ពីអ្នកធ្វើដំណើរ លើផ្លូវជាតិ លេខ៤
RFA / វិទ្យុ អាស៊ី សេរី | ១៣ មករា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ឈប់ មិន ឲ្យយក លុយ ពីអ្នក ធ្វើដំណើរ លើផ្លូវជាតិ លេខ៤ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៣ ខែមករា នេះតទៅ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ នៅថ្ងៃទី១៣ មករា។ លោកថា លោកបានទទួលមតិពលរដ្ឋជាច្រើនតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ពីបញ្ហាដែលពលរដ្ឋនៅជួបការលំបាក ក្រោយវិធានការរបស់រដ្ឋាភិបាលចេញបញ្ជាដល់ក្រុមហ៊ុន អេ.ហ្សិត អ៊ីនវេសមេន (AZ Investment) បញ្ឈប់ ការយកកម្រៃសេវា ចំពោះរថយន្តគ្រួសារពលរដ្ឋ និងមន្ត្រីរាជការ រស់នៅសងខាងផ្លូវជាតិលេខ៤ ហើយធ្វើដំណើរឆ្លងកាត់ញឹកញាប់ និងជាប់ជាប្រចាំក្ដី។
ចំណែកមន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ ទើបតែស្នើដល់រដ្ឋាភិបាល នៅក្នុងសម័យប្រជុំរដ្ឋសភានេះ ដើម្បីឲ្យដកហូតយកផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនវិនិយោគមកវិញ។
លោក សុន ឆ័យ អះអាងថា ក្រុមហ៊ុនដែលវិនិយោគយកប្រាក់ពីពលរដ្ឋជិះកាត់ផ្លូវនេះ មិនបានអភិវឌ្ឍ ជួសជុល ឬកែលម្អផ្លូវនេះបានច្រើននោះទេ៖ «ការជួសជុល កែលម្អផ្លូវនេះ ដោយក្រុមហ៊ុនអេហ្សិតអ៊ីនវេសមេនបានតិចតួចបំផុត។»
លោក សុន ឆ័យ បន្តថា ការបន្តយកប្រាក់យកពីពលរដ្ឋឆ្លងកាត់ផ្លូវនេះ បានបង្កផលលំបាកដល់ពលរដ្ឋរហូតមក។
យ៉ាងណាក៏ដោយក្រុមហ៊ុន អេ.ហ្សិត អ៊ីនវេសមេន នេះ ទើបតែចេញរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១២ មករា ថា ខ្លួនបានចែកជូនពាក្យស្នើសុំចំនួន ១.៩៥៥ច្បាប់ និងអ្នកដាក់ពាក្យដែលមានការបញ្ជាក់អាជ្ញាធរ ឃុំសង្កាត់ និងក្រសួងស្ថាប័នមានចំនួន ៤០០នាក់។ ប៉ុន្តែក្រុមហ៊ុននឹងចែកជូនប័ណ្ណអង្កេតចំនួនជើងរថយន្តឆ្លងកាត់ ដែលត្រូវការបំពេញព័ត៌មានរយៈពេលយ៉ាងយូរ៣០ថ្ងៃ។ ក្រោយពេលផ្ទៀងផ្ទាត់ចំពោះរថយន្តដែលឆ្លងកាត់នោះ មិនតិចជាង២០ដង ក្នុង១ខែ ទើបក្រុមហ៊ុនអនុគ្រោះមិនយកកម្រៃ៕
No comments:
Post a Comment