ពលរដ្ឋ មានទំនាស់ ដីធ្លី ជាមួយ ក្រុមហ៊ុន ធីង៉ា នៅខេត្ត កំពង់ធំ ផ្អាកតវ៉ា បណ្ដោះអាសន្ន
RFA / វិទ្យុ អាស៊ី សេរី | ២១ មករា ២០១៦
ប្រជាពលរដ្ឋនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់
ខេត្តកំពង់ធំ លើកគ្នាតវ៉ានឹងការឈូសឆាយរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ
ធីង៉ា (Thy Nga)
ដែលប៉ះពាល់លើតំបន់ដីដែលពួកគាត់រក្សាទុកសម្រាប់លែងគោក្របី
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។ រូបថតសហគមន៍ព្រៃឡង់
ប្រជាពលរដ្ឋ នៅឃុំ ដងកាំបិត ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ សម្រេចផ្អាក ការតវ៉ា បណ្ដោះអាសន្ន ដោយរង់ចាំ ការដោះស្រាយ របស់ អាជ្ញាធរ ជាមួយ ភាគី ក្រុមហ៊ុន វៀតណាម ឈ្មោះ ធីង៉ា (Thy Nga)។ យ៉ាងណា ពលរដ្ឋ ទាំងនោះ ថា, ពួកគេ នឹងតវ៉ា ឡើងវិញ ប្រសិនបើ ក្រុមហ៊ុន នៅតែ បន្តឈូសឆាយ ប៉ះពាល់ លើតំបន់ដី ដែលពួកគាត់ ស្នើសុំ រក្សាទុក។
ប្រជាពលរដ្ឋនៅឃុំដងកាំបិត ចំនួន ៦៧គ្រួសារ ស្នើឲ្យអាជ្ញាធរជួយដោះស្រាយតំបន់ដីប៉ះពាល់ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះ ធីង៉ា ដោយពួកគេទាមទាររក្សាទុកដីប្រវែង ២០០ម៉ែត្រពីក្បាលដីស្រែចម្ការរបស់ពួកគាត់។ ការទាមទារនេះ ព្រោះពលរដ្ឋយល់ឃើញថា ប្រសិនបើក្រុមហ៊ុនឈូសឆាយដីទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ការលែងគោក្របីរបស់អ្នកភូមិ។ ម្យ៉ាង ពលរដ្ឋនឹងមិនអាចពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនបានទៀតទេ។
ពលរដ្ឋនៅភូមិស្រែខ្សាច់ លោក ធូ លាប ឲ្យដឹងថា ពួកគាត់លើកគ្នាតវ៉ាពីរថ្ងៃមកហើយ ដើម្បីហាមឃាត់មិនឲ្យខាងក្រុមហ៊ុនឈូសឆាយប៉ះពាល់លើដីរបស់អ្នក ភូមិ និងដើម្បីស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាពលរដ្ឋកំពុងជួបប្រទះ។ លោកបន្តទៀតថា ក្រៅពីហាមឃាត់មិនឲ្យខាងក្រុមហ៊ុនឈូសឆាយលើដីរបស់អ្នកភូមិ ធ្លាប់អាស្រ័យផលហើយ ពួកគាត់ទាមទារឲ្យភាគីក្រុមហ៊ុន រក្សាទុកដីប្រវែង ២០០ម៉ែត្រពីក្បាលដីរបស់ពួកគាត់ទៀតផង ស្របពេលខាងក្រុមហ៊ុនយល់ព្រមរក្សាទុកឲ្យប្រវែង ៥០ម៉ែត្រប៉ុណ្ណោះ៖ «ខ្ញុំថា ស្នើសុំរដ្ឋបាលព្រៃឈើនៅស្រុករវៀង ថាធ្វើម៉េចទុកឲ្យបងប្អូននៅស្រែខ្សាច់ពីក្បាលស្រែឲ្យបាន ២០០ម៉ែត្រ។»
តំបន់ដីមានវិវាទជាមួយភាគីក្រុមហ៊ុនវៀតណាម ធីង៉ា ពេលនេះ គឺស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារ ចំណែកពលរដ្ឋដែលរងផលប៉ះពាល់ជាង ៦០គ្រួសារ គឺជាអ្នកស្រុករស់នៅក្នុងទឹកដីខេត្តកំពង់ធំ។
ពលរដ្ឋនាំគ្នាតវ៉ាកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ មករា ដើម្បីទាមទារឲ្យអាជ្ញាធរជួយដោះស្រាយរឿងនេះ ហើយថែមទាំងព្រមានទៀតថា ប្រសិនបើក្រុមហ៊ុននៅតែបន្តឈូសឆាយលើតំបន់ដីដែលពួកគាត់ស្នើសុំ អ្នកភូមិនឹងលើកគ្នាតវ៉ាជាថ្មីទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភាគីក្រុមហ៊ុន ធីង៉ា ដើម្បីពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ មករា ប៉ុន្តែកាលពីថ្ងៃទី២០ មករា ភាគីក្រុមហ៊ុនបានសម្រេចមិនបន្តឈូសឆាយលើដីដែលប្រជាពលរដ្ឋស្នើសុំ ទៀតឡើយ ដោយរង់ចាំការដោះស្រាយពីអាជ្ញាធរជុំវិញករណីនេះ។
ដោយឡែកមេឃុំដងកាំបិត លោក ឆូយ ម៉ាប់ មានប្រសាសន៍ថា ក្រោយពេលពលរដ្ឋនាំគ្នាតវ៉ា អាជ្ញាធរបានទៅសម្របសម្រួលជូនពួកគាត់ ដោយបញ្ជាក់ថា នឹងយកសំណើនេះបញ្ជូនទៅអាជ្ញាធរខេត្តទាំងពីរដោះស្រាយបន្ត។ លោកមើលឃើញថា ការស្នើសុំរបស់អ្នកភូមិទាំងនោះ គឺជារឿងល្អ ពីព្រោះប្រសិនបើចំណែកដីដែលប្រជាពលរដ្ឋទាមទារ ធ្លាក់ទៅលើដៃក្រុមហ៊ុនវៀតណាម នឹងអាចបង្កផលប៉ះពាល់ដល់អ្នកភូមិមិនខាន។ លោកមេឃុំរូបនេះលើកឡើងថា ត្បិតតែលោកឯកភាពនឹងសំណើពលរដ្ឋក៏ដោយ ប៉ុន្តែការសម្រេចយ៉ាងណា គឺមិនទាន់ដឹងនៅឡើយទេ៖ «គាត់ថាក្បាល ២០០ម៉ែត្រ គឺអាចចងគោ ឬលែងគោក្របីរបស់ពួកគាត់។ មួយទៀត គាត់គិតពីអនាគតកូនចៅរបស់ពួកគាត់ទៅថ្ងៃមុខ។ ក្នុងនាមអាជ្ញាធរ អរគុណហើយដែលពួកគាត់មានជំហររឹងប៉ឹងបែបនេះ។»
លោកមេឃុំដដែល ប្រាប់ប្រជាពលរដ្ឋឲ្យរាយការណ៍មកអាជ្ញាធរគ្រប់ពេល ប្រសិនបើពួកគេឃើញសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុននៅតំបន់ដែលអ្នក ភូមិស្នើសុំ បន្តកើតមានឡើង។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញ៉ូង សាមឿន យល់ថា ការទាមទាររបស់ពលរដ្ឋ មិនមែនជារឿងហួសហេតុ ឬលោភលន់ឡើយ ប៉ុន្តែជារឿងត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋទៅវិញ និងដើម្បីប្រយោជន៍រួមរបស់ពួកគាត់ប៉ុណ្ណោះ៖ «ហើយការដែលក្រុមហ៊ុនសម្រេចឲ្យ ឬមិនឲ្យយ៉ាងណានោះ គឺទាល់តែអាជ្ញាធរតវ៉ាមតិ។»
លោក ញ៉ូង សាមឿន ថ្លែងថា ការអភិវឌ្ឍទាំងឡាយអាចរីកចម្រើនពិតប្រាកដ គឺអាស្រ័យលើជីវភាពរបស់ប្រជាពលរដ្ឋមានរីកចម្រើនព្រមគ្នា មិនមែនជាការអភិវឌ្ឍដែលធ្វើឲ្យអ្នកភូមិរងទុក្ខនោះទេ។ បន្ថែមពីនេះ លោកថា ខាងអាជ្ញាធរ រួមទាំងភាគីក្រុមហ៊ុនផង គប្បីដោះស្រាយជូនប្រជាពលរដ្ឋ ជៀសវាងមានការតវ៉ាណាមួយកើតឡើងបន្តទៀត៕
No comments:
Post a Comment