![]() |
| ដើមឈើដែលគេកាប់រំលំដើម្បីយកដីក្នុងព្រៃសហគមន៍ភ្នំជម្រក
សត្វ នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី២១
ខែកក្កដា ឆ្នាំ២០១៦។ |
សហគមន៍ អះអាង ថា, ព្រៃសហគមន៍ ដែនជម្រកសត្វ រងការ កាប់ទន្ទ្រាន យកដី អស់រាប់ពាន់ ហិកតារ
RFA / វិទ្យុ អាស៊ី សេរី | ២២ កក្កដា ២០១៦
ពលរដ្ឋ នៅឃុំ សំអាង, ស្រុក ថាឡាបរិវ៉ាត់, ខែត្រ ស្ទឹងត្រែង បារម្ភ អំពី ការកាប់ទន្ទ្រាន ដីព្រៃ សហគមន៍ ភ្នំជម្រកសត្វ អស់រាបពាន់ ហិកតារ។ សកម្មភាព កាប់ទន្ទ្រាននោះ កើតឡើង ចាប់តាំង ពីដើមឆ្នាំ ២០១៥ រហូតមក ដោយមាន កម្មករ ជាច្រើន ក្រុម បានបោះតង់ និងសង់ខ្ទម ស្នាក់នៅ ក្នុងព្រៃ សហគមន៍នោះ។
ពលរដ្ឋ រស់នៅ ភូមិឆ្វាំង, ឃុំសំអាង អះអាង ថា មុនឆ្នាំ២០១៤ ព្រៃសហគមន៍ ភ្នំជម្រកសត្វ សំបូរព្រៃស្រោង ឬព្រៃក្រាស់, ហើយ ជាដែនជម្រក សត្វព្រៃ ច្រើន ប្រភេទ រស់នៅ តែបច្ចុប្បន្ន កំពុង ក្លាយទីវាល អស់មួយផ្នែកធំ ដែលត្រូវ គ្រប់គ្រង ជាសម្បត្តិ ឯកជន។ ពួកគេ ថា, បើ អាជ្ញាធរ រដ្ឋាភិបាល និងមន្ត្រី រដ្ឋបាល ព្រៃឈើ មិនអន្តរាគមន៍ ឲ្យទាន់ពេល ទេ, ការបំផ្លាញ ព្រៃនេះ នឹងកាន់តែ រីក ធំឡើងៗ។
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យដឹងនៅថ្ងៃទី២១ កក្កដា ថា ក្រុមកម្មករចំណូលថ្មីបានសង់ខ្ទមជាង ១០ខ្ទម នៅបរិវេណដីព្រៃសហគមន៍ ដើម្បីកាប់ឆ្ការព្រៃធ្វើកសិកម្មចាប់ពីឆ្នាំ២០១៥ រហូតមក។ ក្រុមកម្មករទាំងនោះប្រើម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រ កាប់រំលំដើមឈើធំៗ ហើយដុតចោលរួចដាំដំឡូងមី ស្វាយចន្ទី។
លោកថា មកទល់ពេលនេះ ការសម្រុកកាប់ទន្ទ្រាននេះអស់រាប់ពាន់ហិកតារហ៊ុមព័ទ្ធជុំវិញព្រៃ សហគមន៍ត្រង់ចំណុចអូរឆ្កូត ត្រពាំងព្រៃ និងតំបន់ភ្នំធំ។ លោកសង្ស័យថា ការបណ្ដោយឲ្យកើតមានករណីនេះ អាចមានការឃុបឃិតជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានមួយចំនួន៖ «ទីមួយដូចខ្ញុំនិយាយអ៊ីចឹង បារម្ភសត្វព្រៃ ធម្មជាតិ តែអស់ព្រៃឈើ គឺមានខ្យល់ មានព្យុះហើយ អ៊ីចឹងបានសំណូមពរឲ្យជំនាញខាងហ្នឹង លោកជួយទប់ស្កាត់ផង បើលោកនៅតែឃុបឃិតជាមួយអ្នកមានលុយ មានអំណាច ប្រហែលជាក្មេងសារក្រោយបាត់បង់យ៉ាងច្រើន។»
អនុប្រធានសហគមន៍ភ្នំជម្រកសត្វ លោក ជ្រោង គង់ បញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើមិនឯកភាពឲ្យសហគមន៍ទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីអនុវត្តច្បាប់ទេ ត្រឹមតែជូនដំណឹងនៅមន្ត្រីជំនាញ តែនៅពេលសហគមន៍ប្រទះឃើញបទល្មើសផ្សេងៗក្នុងព្រៃសហគមន៍ បានរាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើ តែមន្ត្រីជំនាញមិនបានអន្តរាគមន៍ករណីនេះទាន់ពេលទេ បណ្ដាលឲ្យជលល្មើសគេចខ្លួនបាន។
លោកកត់សម្គាល់ថា ការបាត់បង់ព្រៃសហគមន៍នេះ គឺជាការមិនយកចិត្តទុកដាក់របស់មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងភាពធូររលុងនៃការអនុវត្តច្បាប់៖ «ឲ្យមាន សហគមន៍ការពារដីព្រៃសហគមន៍។ បើសិនមិនការពារដីនេះវាចេះតែខើចទៅៗ ជិតអស់ហើយ។ ខ្ញុំនឹកឃើញថា អាណិតកូនចៅជំនាន់ក្រោយ មិនអើពើដូចសព្វថ្ងៃនេះ ក្នុងព្រៃវាចេះតែទន្ទ្រានជិតអស់ហើយ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ឈៀង តុលា ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី២១ ខែកក្កដា ព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
ជំទប់ទី១ឃុំសំអាង លោក គាំ រាំសា ទទួលស្គាល់ថា ព្រៃសហគមន៍ភ្នំជម្រកសត្វមានការកាប់បំផ្លាញជាប្រព័ន្ធដោយពលរដ្ឋ ចំណូលថ្មី ខណៈអាជ្ញាធរពាក់ព័ន្ធនៅមិនទាន់មានវិធានការដោះស្រាយនៅឡើយ។ លោកថា ព្រៃសហគមន៍មានព្រំប្រទល់ជាក់លាក់ បើទោះបីមានការកាប់ឆ្ការក្តីក៏អាជ្ញាធរមិនផ្ដល់សិទ្ធិកាន់កាប់ ដីធ្លីស្របច្បាប់ដល់អ្នកពាក់ព័ន្ធដែរ។ លោកថា អាជ្ញាធរជំនាញក៏កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធករណីនេះដែរ៖ «ដូចជា អារដូចអី ឲ្យធ្វើកិច្ចសន្យាបន្តិចបន្តួចវាក៏ឈប់ដែរ តែវាលំបាក បើលួចអារឃើញថា វាពិបាក ដែលយើងមិនឃើញមុខ យើងចាប់វាអត់បាន បើចាប់វាអាស្រ័យលើសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ ហើយសហគមន៍បើចាប់បានច្រើនតែមានការសម្របសម្រួល។»
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវបានអាជ្ញាធរខែត្រស្ទឹងត្រែង ទទួលស្គាល់ជាផ្លូវការនៅដើមឆ្នាំ២០១៥។ ចំណែកសហគមន៍បានស្នើសុំបន្តទៀតទៅថ្នាក់ជាតិ ដើម្បីចុះបញ្ជីព្រៃសហគមន៍ភ្នំជម្រកសត្វជាដីព្រៃសមូហភាពនៅដើម ឆ្នាំ២០១៥ តែមិនទាន់មានការឆ្លើយតប។
សេចក្ដីរាយការណ៍របស់សហគមន៍ឲ្យដឹងទៀតថា សកម្មភាពកាប់ទន្ទ្រានដីព្រៃសហគមន៍នោះ ក៏ជាប់ពាក់ព័ន្ធពលរដ្ឋនៅមូលដ្ឋាន អាជ្ញាធរស្រុកដែលលក់ដីព្រៃ និងដីសហគមន៍ឲ្យពលរដ្ឋចំណូលថ្មីដើម្បីទទួលបានផលប្រយោជន៍៕

No comments:
Post a Comment