Paris Peace Accords 23 Oct. 1991

Wednesday, July 27, 2016

អ្នក​នាំ​ពាក្យ​ ក្រសួង​ ការពារ​ជាតិ ថា​, ការ​ចល័ត​ ទ័ព​ គឺ​ ផ្លាស់ប្ដូរ​ កម្លាំង​ សមរភូមិ​ មុខ​ និង​សមរភូមិ​ ក្រោយ | Defense Ministry spokesman says movement of troops a matter of changing front and rear battlefields

រថយន្ត​ទាហាន​ចល័ត ២០១៦ ៨៥៥
ក្បួន​រថយន្ត​ទាហាន​ចល័ត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​អា (6A) នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo SBN Photo SBN

អ្នក​នាំ​ពាក្យ​ ក្រសួង​ ការពារ​ជាតិ ថា​, ការ​ចល័ត​ ទ័ព​ គឺ​ ផ្លាស់ប្ដូរ​ កម្លាំង​ សមរភូមិ​ មុខ​ និង​សមរភូមិ​ ក្រោយ

RFA / វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៦

ប្រជាពលរដ្ឋ ​រស់នៅ ​តាម​ដង​ផ្លូវ​ ជាតិ ​លេខ​៦​អា (6A) ក្នុងស្រុក​ បាធាយ, ខេត្ត​ កំពង់ចាម ភ្ញាក់​ផ្អើល​ នៅ​ពេល ​ឃើញ​ក្បួន ​រថយន្ត​ទាហាន​ យ៉ាង​ច្រើន ​នៅ​ព្រឹក​ថ្ងៃ ទី​២៧ កក្កដា។  បញ្ហា​នេះ ធ្វើ​ឡើង ​ចំ​ពេល​ ស្ថានការណ៍​ នយោបាយ​ តានតឹង, ហើយ ​ស្ថានភាព​ សន្តិសុខ ​មិន​សូវ​ល្អ ដែល​ធ្វើ​ ឲ្យ​ប្រជាពលរដ្ឋ​ បារម្ភ។  អ្នក​នាំ​ពាក្យ​ ក្រសួង​ ការពារ​ជាតិ បញ្ជាក់​ ថា, វា​ ជា​សកម្មភាព ​ផ្លាស់ប្ដូរ​ កង​កម្លាំង ​រវាង​ សមរភូមិ​ ជួរ​មុខ និង​ជួរ​ក្រោយ ដែល​តែង ​ធ្វើ​ឡើង ​រៀង​រាល់ ​បី​ខែ ​ម្តង។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​អា (6A) ក្នុង ​ខេត្ត​កំពង់ចាម យល់​ថា​មិន​គួរ​មាន​សកម្មភាព​ចល័ត​រថយន្ត​ទាហាន​នៅ​ក្នុង​ស្ថានភាព​ បច្ចុប្បន្ន​ទេ។ ជាង​នេះ​ទៀត ប្រសិន​បើ​មាន​ការ​ចល័ត​រថយន្ត​ដឹក​ទ័ព ឬ​គ្រឿង​សព្វាវុធ​ណា​មួយ រាជ​រដ្ឋាភិបាល​ត្រូវ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ជា​មុន មិន​មែន​ធ្វើ​ឡើង​ស្ងាត់ៗ​ស្រប​ពេល​ស្ថានភាព​នយោបាយ និង​បញ្ហា​អសន្តិសុខ​សង្គម​កំពុង​កើត​មាន​ឡើង។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សំបូរ ស្រុក​បាធាយ លោក សុវណ្ណរិទ្ធិ ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា លោក​ឃើញ​រថយន្ត​ទាហាន​ជាង ២០​គ្រឿង អម​ដោយ​ឡាន​សារ៉ែន​ផង​នោះ ឆ្លង​កាត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​អា ពី​ត្បូង​ទៅ​ជើង។ លោក​បន្ត​ថា ការ​ចល័ត​ក្បួន​ឡាន​ទាហាន​ពេល​នេះ កើត​ឡើង​ក្រោយ​ពេល​មាន​សកម្មភាព​ចល័ត​រថពាសដែក និង​អាវុធ​ធន់​ធ្ងន់​ជាច្រើន​គ្រឿង​ចូល​ទៅ​រាជធានី​ភ្នំពេញ នៅ​មុន​ថ្ងៃ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត។ ហេតុការណ៍​កើត​ឡើង​ផ្ទួនៗ​គ្នា​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ៖ «ព្រួយ​ បារម្ភ​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភិតភ័យ មាន​ការ​បារម្ភ​ចំពោះ​ការ​ចល័ត​ទ័ព ចល័ត​កាំភ្លើង​អ៊ីចឹង​បង»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ឃុំ​តាំងក្រាំង លោក សុខ ហ៊ាង ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការ​ផ្លាស់ប្ដូរ​ទាហាន​នៅ​តាម​ព្រំដែន ឬ​ទាហាន​ជួរ​មុខ​ដើម្បី​ឲ្យ​កម្លាំង​ជួរ​ក្រោយ​ទៅ​ជំនួស​វិញ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ពួក​គាត់​បារម្ភ​ខ្លាច​តែ​ទៅ​ដឹក​ទាហាន​ពី​ព្រំដែន យក​មក​រក្សា​ទុក​នៅ​ភ្នំពេញ៖ «រយៈពេល​ប៉ុន្មាន​ ឆ្នាំ​តាំង​ពី​បោះឆ្នោត​ឆ្នាំ​២០១៣ មាន​ចល័ត​រថក្រោះ ចល័ត​ទាហាន​ចូល​ក្រុង​ភ្នំពេញ ប៉ុន្តែ​មក​ដល់​ឥឡូវ​ពីរ​បី​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​ចល័ត​ឡាន​ទាហាន​ដើម្បី​ឲ្យ​មក​ជួប​ជុំ​គ្រួសារ គឺ​អត់​មាន​ឃើញ​ផង​បង»

ប្រភព​ដដែល​និយាយ​ថា ប្រសិន​បើ​ត្រូវ​ចល័ត​រថក្រោះ ឬ​ទាហាន​ចូល​ក្រុង ឬ​ចេញ​ពី​ក្រុង គប្បី​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ជា​មុន ជៀសវាង​ធ្វើ​ឲ្យ​ប្រជាជន​ភ្ញាក់​ផ្អើល និង​ព្រួយ​បារម្ភ។

ឆ្លើយ​តប​ក្តី​បារម្ភ​របស់​ពលរដ្ឋ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ពីព្រោះ​ជា​ការ​ផ្លាស់ប្ដូរ​កម្លាំង​ដែល​ដាក់​ត្រៀម​នៅ​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​កម្លាំង​គ្នា​នេះ គឺ​ដើម្បី​ថែរក្សា​សុខភាព​ទាហាន​នៅ​សមរភូមិ​មុខ​ឲ្យ​បាន​ល្អ ហើយ​សកម្មភាព​នេះ​តែង​ធ្វើ​ឡើង​រៀង​រាល់​បី​ខែ​ម្តង៖ «បាទ! ដល់ ​រដូវ​វស្សា​អ៊ីចឹង ទាហាន​របស់​យើង​ដែល​នៅ​តាម​សមរភូមិ​មុខ​ហ្នឹង តែង​ជួប​បញ្ហា​ជំងឺ​តម្កាត់​ផ្សេងៗ។ អ៊ីចឹង​យើង​មិន​អាច​ទុក​យូរ​បាន​ទេ។ យើង​ដឹង​ហើយ​នៅ​រដូវ​វស្សា​វា​លំបាក អ៊ីចឹង​ហើយ​យើង​មាន​ការ​ផ្លាស់ប្ដូរ​កម្លាំង​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ»
  
អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​ទៀត​ថា ការ​ចល័ត​រថក្រោះ ឬ​អាវុធ​ធន់​ធ្ងន់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ដោយសារ​ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​លក្ខណៈ​ធូរ​ស្រាល ទើប​ត្រូវ​យក​អាវុធ​ទាំង​នោះ​មក​ជួសជុល ឬ​ថែទាំ​ឲ្យ​បាន​ល្អ ដើម្បី​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​នៅ​ពេល​មាន​ការ​ចាំបាច់។ លោក​បន្ថែម​ថា អាជ្ញាធរ​នឹង​ព្យាយាម​ផ្តល់​ដំណឹង​អំពី​សកម្មភាព​ទាំង​នេះ​ដល់​ប្រជាពលរដ្ឋ​ នៅ​ពេល​ក្រោយៗ​ទៀត។

ក្រោយ​ពេល​បោះឆ្នោត​តំណាង​រាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ សកម្មភាព​ចល័ត​ទ័ព និង​គ្រឿង​សព្វាវុធ​បាន​កើត​ឡើង​ម្តង​រួច​មក​ហើយ។ ពេល​នោះ ទាហាន​នៅ​តាម​បន្ទាយ​ជាច្រើន​ក្នុង​ខេត្ត​មួយ​ចំនួន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​អំពី​ស្ថានភាព​ស្រុក​ទេស។
  
ទោះ​បី​យ៉ាង​នេះ​ក្តី អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​ចល័ត​កង​កម្លាំង​ទាំង​នេះ ចង់​ឬ​មិន​ចង់ គឺ​ជា​រូបភាព​គំរាម​កំហែង​ដល់​ស្មារតី​ប្រជាពលរដ្ឋ៖ «ចល័ត ​បី​ខែ​ម្តង ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ដែល​ឃើញ​បី​ខែ​ម្តង​ទេ វា​គាប់​ជួន​នឹង​មាន​ព្រឹត្តិការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស ឬ​ស្ថានភាព​នយោបាយ​តានតឹង គឺ​មាន​ការ​ចល័ត​ហើយ»

លោក​ទទួល​ស្គាល់​ថា ការ​ផ្លាស់ប្ដូរ​កងទ័ព​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ គឺ​តែង​តែ​កើត​មាន ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ត្រូវ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ជា​ មុន។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​មិន​ត្រូវ​ចល័ត​ទ័ព និង​គ្រឿង​សព្វាវុធ​នៅ​ចំ​ពេល​ស្ថានភាព​នយោបាយ​តានតឹង ឬ​ចំ​ពេល​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នោះ​ ឡើយ៕




No comments:

Post a Comment