ផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។ RFA/Men Sothyr |
ពលរដ្ឋ ខេត្តស្ទឹងត្រែង អំពាវនាវ ឲ្យពន្លឿន ជម្លៀស ជនជាតិ វៀតណាម ចេញពីមាត់ទន្លេ
RFA / វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៦
ពលរដ្ឋ រស់នៅ ឃុំព្រះបាទ
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
បារម្ភ ពីការ បំពុល បរិស្ថាន ដោយជនជាតិ វៀតណាម រស់នៅ តាមបណ្តោយ ទន្លេមេគង្គ។ ការបារម្ភនេះ នៅពេល អាជ្ញាធរ រដ្ឋាភិបាល មិនទាន់មាន វិធានការ ជាក់លាក់ ទាក់ទិន ការជម្លៀស ពលរដ្ឋ វៀតណាម ទាំងនោះទេ។ មន្ត្រី សង្គមស៊ីវិល រកឃើញ ថា, ការអូសបន្លាយ ពេលជម្លៀស នេះ អាចជាប់ ពាក់ព័ន្ធ បញ្ហានយោបាយ
បើ ទោះបីជា ផលប៉ះពាល់ បរិស្ថាន និងសង្គម កាន់តែ ធ្ងន់ធ្ងរក្តី។
ពលរដ្ឋរស់នៅភូមិកាំងមេម៉ាយ
សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង លោកស្រី នួន ស្រីនីម ឲ្យដឹងថា
អ្នកភូមិភាគច្រើនបានអាស្រ័យផលទឹកទន្លេ ដូចជា ដាំស្ល បរិភោគ បោកគក់
និងស្រោចដំណាំ។ លោកស្រីកត់សម្គាល់ថា កាកសំណល់រឹងរាវដែលហូរពីខ្សែទឹកខាងលើ
ដូចជា លាមក និងថង់ប្លាស្ទិកផ្សេងៗ បានបណ្ដែតមកខ្សែទឹកខាងក្រោម
ហើយអាចប៉ះពាល់សុខភាពពលរដ្ឋនៅពេលពួកគេប្រើប្រាស់ទឹកទន្លេនោះ
ព្រោះពុំមានជម្រើស៖ «រាល់ថ្ងៃមើលឃើញបញ្ហា ទឹកទន្លេកង្វល់ លាមក គេបង្ហូរមកពីលើ
ខាងវៀតណាម ហើយកន្លែងការដ្ឋានចិន
ហើយខ្ញុំឃើញច្បាស់លាមកបង្ហូរចេញពីគុកក៏ចេញចុះទន្លេ។»
ពលរដ្ឋម្នាក់ទៀត
គឺលោកស្រី ម៉ា ម៉ៅ កត់សម្គាល់ថា ជនជាតិវៀតណាម
មកតាំងទីលំនៅតាមបណ្តោយមាត់ទន្លេ
ភាគច្រើនមិនបានយកចិត្តទុកដាក់ថែរក្សាបរិស្ថានអនាម័យដូចពលរដ្ឋ
ខ្មែរទេ ហើយពួកគេបានបន្ទោបង់ចូលទន្លេ
ខណៈពលរដ្ឋខ្មែររាប់ពាន់គ្រួសាររស់នៅតាមបណ្តោយខ្សែទឹកខាងក្រោម
បានអាស្រ័យផលទឹកទន្លេជាប្រចាំថ្ងៃ។ លោកស្រីបារម្ភថា
ប្រសិនបើអាជ្ញាធររដ្ឋាភិបាលនៅតែអូសបន្លាយពេលមិនជម្លៀសពលរដ្ឋ វៀតណាម ឲ្យបានឆាប់ទេ
ផលប៉ះពាល់បរិស្ថាន និងសង្គមកាន់តែធ្ងន់ធ្ងរ៖ «ព្រួយ
បារម្ភរអ៊ូរទាំតែឯង ខ្ពើមណាស់ទឹកទន្លេ គេបោះសំរាមចងដាក់ថង់
ចោលតាមទន្លេ ដល់ពេលយកទឹកមកដាំស្លទៅ វាល្អក់ឡើងពណ៌ក្រហមកង្វក់
តែធ្វើម៉េចបើយើងត្រូវការទឹកទន្លេហើយ។»
វិទ្យុអាស៊ីសេរី
មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង
ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី២៦ កក្កដា
ព្រោះទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកអភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន
ណារី បញ្ជាក់ថា អាជ្ញាធរខេត្តគ្រោងបង្កើតគណៈកម្មការមួយផ្ដោតសំខាន់ជម្លៀសពលរដ្ឋ
វៀតណាម ចេញ។
តែលោកពុំបានដឹងពីការកំណត់ពេលជាក់លាក់ស្ដីពីការជូនដំណឹងដល់
ពលរដ្ឋទាំងនោះឲ្យរុះរើថ្ងៃណាទេ
ដោយសារអាជ្ញាធរខេត្តកំពុងដោះស្រាយរឿងនេះ។ លោកថា
ពលរដ្ឋទាំងនោះភាគច្រើនសុទ្ធតែមានដីធ្លីនៅតំបន់ផ្សេងៗ
ហើយពួកគេគ្រាន់តែរស់នៅបណ្ដោះអាសន្ន ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
ដោយឡែកពលរដ្ឋមានជីវភាពក្រីក្រ និងខ្វះខាតដី
អាជ្ញាធរគ្រោងនឹងផ្តល់ដីសម្បទានសង្គមកិច្ច៖ «ខេត្ត
យើងមានដីសម្បទានសង្គមមួយកន្លែងសម្រាប់អ្នកដែលអត់ដីសោះ
ដោយឡែកអ្នកដែលមានដី ខេត្តនឹងដោះស្រាយតាមពិធីជាក់ស្តែង។»
អាជ្ញាធរក្រុងស្ទឹងត្រែង
ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា
ពលរដ្ឋរស់នៅតាមច្រាំងទន្លេក្នុងក្រុងស្ទឹងត្រែង ចំនួនជាង ៣០០គ្រួសារ
ក្នុងនោះមានពលរដ្ឋខ្មែរជាង ៣០ភាគរយ ហើយអាជ្ញាធរគ្រោងជម្លៀសជនជាតិវៀតណាម
ទាំងនោះទៅទីតាំងថ្មីនៅគីឡូម៉ែត្រលេខ១៤ ផ្លូវជាតិលេខ៧
ឋិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្លូវទៅប្រទេសឡាវ។
ប៉ុន្តែជនជាតិវៀតណាម ម្នាក់ក្នុងចំណោមជនជាតិវៀតណាម ច្រើនទៀត គឺលោក ឡេវ
យ៉ាំងឡង បញ្ជាក់ថា ពួកគេមិនអាចរស់នៅតំបន់ដាច់ស្រយាលបានទេ
ព្រោះលំបាករកស៊ី ហើយការដែលរស់នៅតាមមាត់ទន្លេ
ងាយស្រួលរកស៊ីចិញ្ចឹមជីវិត។
ករណីនេះដែរ
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្ត ស្ទឹងត្រែង លោក
ហូ សំអុល មើលឃើញថា ពលរដ្ឋវៀតណាម ពុំសូវយកចិត្តទុកដាក់ថែរក្សាបរិស្ថានអនាម័យដូចពលរដ្ឋខ្មែរទេ។
លោកថា របៀបរស់នៅរបស់ប្រជាជនវៀតណាម ខ្វះសណ្ដាប់ធ្នាប់ និងរញ៉េរញ៉ៃ។
លើសពីនេះ ពលរដ្ឋវៀតណាម ភាគច្រើនរកស៊ីចិញ្ចឹមជីវិត ដោយជួញដូរឈើប្រណិត
កែច្នៃគ្រឿងសង្ហារិមខុសច្បាប់តាមមាត់ទន្លេ។ លោកសម្ដែងក្តីបារម្ភពីផលប៉ះពាល់គុណភាពទឹកទន្លេមេគង្គ
បរិស្ថាន និងសុខភាពពលរដ្ឋក្នុងក្រុងស្ទឹងត្រែង ខណៈអង្គភាពរដ្ឋាករទឹក
បានយកទឹកទន្លេនេះផ្គត់ផ្គង់ពលរដ្ឋក្នុងក្រុងស្ទឹងត្រែង
នៅគ្រាដែលជនជាតិវៀតណាម ទាំងនោះ បានបន្ទោបង់ និងចោលកាកសំណល់រឹងរាវចូលទន្លេ
ដែលជាប្រភពនៃប៉ារ៉ាស៊ីត
និងមេរោគឆ្លងផ្សេងៗដល់ពលរដ្ឋដែលអាស្រ័យផលទឹកទន្លេនេះ។ លោក ហូ សំអុល
នៅតែមានមន្ទិលចំពោះតួលេខជនអន្តោប្រវេសន៍វៀតណាម រស់នៅខេត្តស្ទឹងត្រែង
ខណៈសមត្ថកិច្ចជំនាញហាក់ដូចជាលាក់បាំងព័ត៌មាននេះ៖ «ការ
ដែលមិនមាន ចំណាត់ការ កាន់តែ អាចចាក់ឫស ជ្រៅទៅៗ, ហើយ ពួកគាត់អាចបំបែក គ្រួសារ។ គ្រួសារពួកគាត់ មិនមែន ទៅនៅ ត្រង់ហ្នឹងទេ, គឺ នៅក្រវែលៗហ្នឹង។ ហើយ ទីពីរ វា ប៉ះពាល់ ដីសាធារណៈ របស់រដ្ឋ, សោភ័ណភាព, និងបរិស្ថាន។»
មន្ត្រីសង្គមស៊ីវិលមើលឃើញថា
ផែនការជម្លៀសពលរដ្ឋវៀតណាម ដែលរស់នៅតាមបណ្តោយមាត់ទន្លេ
និងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់អាជ្ញាធររដ្ឋាភិបាល
បានបង្កប់អាថ៌កំបាំងច្រើន ហើយអាចពាក់ព័ន្ធរឿងនយោបាយ។
ប្រធាន សម្ព័ន្ធ គណនេយ្យភាព សង្គម កម្ពុជា (ANSA) លោក សន ជ័យ
កត់សម្គាល់ថា ជនជាតិវៀតណាម រស់នៅដីខ្មែរ
ភាគច្រើនបានពាក់ព័ន្ធការបំពុលបរិស្ថាន និងសង្គម។ មានន័យថា
ពួកគេរស់នៅដោយមិនខ្វល់ខ្វាយពីបរិស្ថាន។ លោកថា
រដ្ឋាភិបាលគួរមានវិធានការជាក់លាក់ក្នុងការកំណត់កាលបរិច្ឆេទជម្លៀស
ពលរដ្ឋវៀតណាម ពីមាត់ទន្លេ ហើយលោកចង់ឃើញរដ្ឋាភិបាលអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យតឹងរ៉ឹង។
លោកថា ប្រទេសមួយចំនួនលើសកលលោក
រដ្ឋាភិបាលបានអនុវត្តច្បាប់អន្តោប្រវេសន៍ល្អ ដោយឡែកជនជាតិវៀតណាម
អាជ្ញាធរហាក់រារែកក្នុងការអនុវត្តច្បាប់។ លោកថា
រដ្ឋាភិបាលត្រូវមានវិធានការគ្រប់គ្រងជនបរទេសឲ្យស្មើភាពគ្នា
និងរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានហ្មត់ចត់៖ «ការរស់នៅ របស់ ជនជាតិ វៀតណាម គឺ នៅកន្លែងណា រញ៉េរញ៉ៃ បង្កបញ្ហា ដល់គេ ដល់ឯង។ រស់នៅ ដោយអត់ របៀប រៀបរយ, ហើយ រស់នៅ អនាធិបតេយ្យ បង្កផលប៉ះពាល់ ដល់សង្គម
និងបរិស្ថាន។ នេះ គឺ ជាចរិតមួយ ដែលយើង មើលឃើញ ថា, ក្នុងប្រវត្តិសាស្ត្រ ក៏មានចឹងដែរ, គឺ ពួកគេ ទៅដល់ទីណាហើយ, ពួកគេ ច្រើនតែ បង្កបញ្ហាទីនោះ។»
កាលពីថ្ងៃទី១៦
ខែមិថុនា ឆ្នាំ២០១៦ ប្រធានាធិបតីវៀតណាម លោក ត្រឹង ដាយ ក្វាង (Tran Dai Quang) បាន បំពេញទស្សនកិច្ចនៅកម្ពុជា
ហើយបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា
ផ្តល់សិទ្ធិស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាម
ដែលរស់នៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំង
ជំរុញឲ្យរដ្ឋាភិបាលប្រកាន់ជំហរច្បាស់លាស់ក្នុងការអនុវត្តច្បាប់ អន្តោប្រវេសន៍
ដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន៕
No comments:
Post a Comment