សេចក្ដីសម្រេច ស្ដីពី សមុទ្រចិន ខាងត្បូង៖ ហ្វីលីពីន អំពាវនាវ ឲ្យភាគី ពាក់ព័ន្ធ អត់ធ្មត់ ដើម្បី រក្សា សន្តិភាព និងស្ថិរភាព ក្នុងតំបន់
ហ្វីលីពីន
កាលពីម្សិលមិញ បានអំពាវនាវ ឲ្យភាគី ពាក់ព័ន្ធ ក្នុងសំណុំរឿង សមុទ្រចិន ខាងត្បូង បន្តអត់ធ្មត់
ដើម្បី រក្សា សន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់។ ការអំពាវនាវនេះ
ធ្វើឡើង ភ្លាមៗ បន្ទាប់ ពីតុលាការ អចិន្ត្រៃយ៍ នៃអាជ្ញាកណ្ដាល ក្រុងឡាអេ ចេញសេចក្ដីសម្រេច ឲ្យហ្វីលីពីន ឈ្នះចិន
ជុំវិញជម្លោះ នៅសមុទ្រចិន ខាងត្បូង។
ហ្វីលីពីនស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃ អាជ្ញាកណ្ដាលក្រុងឡាអេ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង ដូចដែលបានលើកឡើងឡើយ។ នេះគឺជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការប្រទេសហ្វីលីពីន លោក Perfecto Yasay កាលពីថ្ងៃអង្គារ។ សម្រាប់លោក Perfecto Yasay សេចក្ដីសម្រេចរបស់តុលាការដូច្នេះ គឺជាជំហានប្រវត្តិសាស្ត្រ ដែលរួមចំណែកដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។ លោក Perfecto Yasay បានអះអាងពីការតាំងចិត្តនិងសេចក្ដីគោរពយ៉ាងមុតមាំរបស់ ហ្វីលីពីន ក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។ ហើយបើតាមប្រមុខការទូតដដែល ហ្វីលីពីនក៏សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុង សំណុំរឿងសមុទ្រចិនខាងត្បូង បន្តអត់ធ្មត់ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
សូមជម្រាបជូនថា ការអំពាវនាវឲ្យហ្វីលីពីនដូច្នេះ ធ្វើឡើងចំពេលដែលភាគីជម្លោះម្ខាងទៀតគឺចិន បន្តច្រានចោល មិនទទួលស្គាល់សេចក្ដីសម្រេចរបស់តុលាការក្រុងឡាអេ។ ទន្ទឹមនឹងប្រតិកម្មមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការ ចិនក៏បានបញ្ជាក់ជាថ្មីពីសិទ្ធិជាប្រវត្តិសាស្រ្តរបស់ខ្លួននៅ សមុទ្រចិនខាងត្បូងដែលចិនបានរកឃើញ និងបានធ្វើអាជីវកម្មតាំងពីប៉ុន្មានសតវត្សមកហើយ។ ជំហរបស់ចិន តាំងពីដើមមកហើយនៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះគឺ ចង់បន្តដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយប្រទេសពាក់ព័ន្ធ និងដោយមិនចាំបាច់មានអាជ្ញាកណ្ដាល។
ជាការពិត ជំហរនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ សហគមន៍អន្ដរជាតិបាននាំគ្នាចេញមុខអន្តរាគមន៍ ដោយស្នើឲ្យចិនក៏ដូចជាហ្វីលីពីន គោរពតាមសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុង ឡាអេ។ ការមិនអើពើ មិនទទួលស្គាល់ ឬមិនគោរពចំពោះសេចក្ដីសម្រេចនេះ ត្រូវបានសហគមន៍អន្ដរជាតិ ចាត់ទុកថា ជាការរំលោភលើច្បាប់និងនីតិវិធីអន្ដរជាតិយ៉ាងធ្ងន់ធ្ងរ៕
No comments:
Post a Comment