អ.ស.ប. ផ្នែកសិទ្ធិមនុស្ស ស្នើឲ្យ អាជ្ញាធរ រកឃាតក សម្លាប់លោក កែម ឡី ពិតប្រាកដ
RFA / វិទ្យុ អាស៊ី សេរី | ១៣ កក្កដា ២០១៦
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថ្កោលទោសចំពោះការសម្លាប់លោកបណ្ឌិត កែម ឡី ហើយស្នើឲ្យអាជ្ញាធរស៊ើបអង្កេតរកឃាតកពិតប្រាកដមកផ្ដន្ទាទោសតាម ច្បាប់។
អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី សេស៊ីល ពួយលី (Cecile Pouilly) ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា អង្គការសហប្រជាជាតិស្វាគមន៍ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសបើកការស៊ើបអង្កេត និងការចាប់ខ្លួនជនសង្ស័យ។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីឃាតកម្មនេះឲ្យបានជាក់លាក់ ច្បាស់លាស់ និងត្រូវធានាថា អ្នកដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលោកបណ្ឌិត កែម ឡី ត្រូវចាប់យកមកកាត់ទោស និងដាក់ទោសត្រឹមត្រូវតាមច្បាប់។
ស្របគ្នានេះដែរ ក្មួយប្រុសលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា លោក ធួវី ហ្សាន់ឌី ក៏អំពាវនាវឲ្យរដ្ឋាភិបាលស៊ើបអង្កេតឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយតម្លាភាព និងសុំឲ្យស្វែងរកអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះ។
ទាក់ទងនឹងបញ្ហានេះ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ១៣ កក្កដា ស្នើឲ្យមានអ្នកឯកទេសដែលមានជំនាញត្រឹមត្រូវ និងឯករាជ្យ ក្នុងការស៊ើបអង្កេតលើករណីបាញ់សម្លាប់យ៉ាងព្រៃផ្សៃលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា នោះ។
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ កត់សម្គាល់ឃើញថា កន្លងទៅមានអំពើឃាតកម្មមានលក្ខណៈនយោបាយមួយចំនួន ដូចជាករណី លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើម ដែលអាជ្ញាធររបស់រដ្ឋាភិបាលពុំដែលរកឃើញឃាតកពិតប្រាកដ ឬអ្នកនៅក្រោយឃាតកម្មទាំងនោះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សប្រឆាំងចង់ឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតលើករណី ឃាតកម្មនេះដែលឯករាជ្យ និងមានអង្គការសហប្រជាជាតិចូលរួមជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការឆ្លើយតបទាក់ទងនឹងការស្នើសុំនេះបាននៅឡើយទេ នៅថ្ងៃទី១៣ ខែកក្កដា។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សដដែល ក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ និងមានប្រសិទ្ធភាពដើម្បីការពារសកម្មជនការពារសិទ្ធិមនុស្ស អ្នកនយោបាយ និងសមាជិកអង្គការសង្គមស៊ីវិល។
អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សកត់សម្គាល់ថា ខណៈស្ថានការណ៍នយោបាយកម្ពុជា កំពុងតានតឹងនារយៈពេលចុងក្រោយ វាមានសារសំខាន់ណាស់ដែលអាជ្ញាធរត្រូវធានាថា ប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាពពេញលេញ ដោយគ្មានការភ័យខ្លាច និងរងហិង្សាលើរាងកាយក្នុងការបញ្ចេញមតិជាសាធារណៈ ពិសេសក្នុងពេលវេលាមុនការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជាតិ ដែលនឹងមកដល់នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ៕
No comments:
Post a Comment