Paris Peace Accords 23 Oct. 1991

Thursday, July 21, 2016

តើ​ ការ​សម្លាប់​​ លោក​បណ្ឌិត​ កែម ឡី​ មាន​ន័យ​ ដូច​ម្តេច​ ចំពោះ​ យុវជន? What does the murder of Dr. Kem Ley mean to the youth?

ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

តើ​ ការ​សម្លាប់​​ លោក​បណ្ឌិត​ កែម ឡី​ មាន​ន័យ​ ដូច​ម្តេច​ ចំពោះ​ យុវជន?

 VOA / វីអូអេ |  កក្កដា ២០១៦

ការ​ស្លាប់​ របស់​ លោក​បណ្ឌិត​ កែម ឡី​ គឺ​​ ជា​ការ​បាត់​បង់​ ធនធាន​មនុស្ស​​ ដ៏​កម្រ​មួយ​ របស់ ​ប្រទេស​កម្ពុជា។  ការណ៍​ ធ្វើ​ ឲ្យ​​​មាន​ ការ​ចោទ​សួរ​ ទៅ​លើ​តម្លៃ​ បណ្ឌិត​ ក្នុង​ប្រទេស​ កម្ពុជា។
ការ​សម្លាប់ ​លោក​បណ្ឌិត​ កែម ឡី ធ្វើ​ឲ្យ​ យុវជន​ ជាច្រើន​ មានការ​រន្ធត់ និង​រំជួល​ចិត្ត។ ពួក​គេ​ បាន​បញ្ចេញ​ អារម្មណ៍ ​របស់​គេ​ តាម​ប្រព័ន្ធ​ បណ្ដាញ​សង្គម, ចូល​រួម​ ការ​ដង្ហែ​សព​ ពី​កន្លែង​ កើត​ហេតុ​ ទៅ​ដល់​ ទី​តម្កល់​សព​ និង​ទៅ​គោរព ​វិញ្ញាណក្ខន្ធ​ ជា​បន្ត​បន្ទាប់ ដោយ​ផ្ទាល់​ នៅ​វត្ត ពោធិយារាម, ហៅ ​វត្ត​ចាស់, ផង​ដែរ។
ជុំវិញ ការ​ស្លាប់​ របស់​លោក ​កែម​ ឡី​ នេះ គឺ​ ធ្វើ​ឲ្យ​មាន​ ការ​គិត​ ពីរ​ ថា, អ្នក​ ដែល​ខ្លាច ​គឺ​ កាន់​តែ​ ខ្លាច; ឯ ​អ្នក​ ដែល​ហ៊ាន​ គឺ​ កាន់​តែ​ ហ៊ាន។
លោក ហង្ស វុទ្ធិកា និស្សិត ថ្នាក់​អនុបណ្ឌិត​ ផ្នែក​គោលនយោបាយ​ សាធារណៈ ​នៃ​សាកលវិទ្យាល័យ University of Nottingham ប្រទេស​ អង់គ្លេស​ យល់​ថា, ការ​សម្លាប់ ​អ្នក​ចេះ​ដឹង ​ក្នុង​សង្គម និង​ដែល​ត្រូវ​ បាន​គេ​ ស្គាល់​ច្រើន​ ដូច​លោក​កែម ឡី នេះ ហាក់​បី​ដូច​ជា​ កំពុង​ ផ្ញើ​សារ​មួយ ​ទៅ​ដល់​មនុស្ស​ ទូទៅ​ ថា៖
«ការសិក្សា ដូច​ជា​កាន់​តែ ​ខ្ពស់​ទៅ​ កាន់​តែ​ វា ​អត់​តម្លៃ​ អីចឹង​ វា ​ប៉ះ​ពាល់​ ដល់​សតិ​អារម្មណ៍ ដល់​បញ្ញវន្ត​ ទាំង​អស់»
លោក​ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា ការណ៍​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ខុស​ពី​តម្លៃ​បណ្ឌិត​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ឲ្យ​ជំនឿ​លើ​ការ​អប់​រំ​មាន​ការ​ធ្លាក់​ចុះ។
​«មាន​អ្នក​ខ្លះ​មក​ប្រាប់​ថា មិន​ទាំង​ហ៊ាន​ទាំង​ចង់​ទៅ​រៀន​បណ្ឌិត​ផង ដូច​ជា​យូរៗ​ទៅ គ្រាន់​តែ​ពាក្យ​ថា​បណ្ឌិត​វា​ទៅ​រឿង​មិន​ល្អ​ទៅ​វិញ ឲ្យ​តែ​បណ្ឌិត​និយាយ​អី គេ​ថា​មិន​ឆ្លាត​សោះ និយាយ​រឿង​អី​វា​ប៉ះ​ពាល់​ដល់​គេ នាំ​ទុក​ដល់​ខ្លួន​ឯង»
កញ្ញា​ Catherine Harry វ័យ​២១​ឆ្នាំ ជា​និសិ្សត​ថ្នាក់​បរិញ្ញាបត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​បញ្ជាក់​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ថា៖
«វា​ធ្វើ​ឲ្យ​យើង​មាន​គំនាប ដូច​ថា​យើង​រៀនដល់​ជ្រៅជ្រះ​ប៉ុណ្ណា ក៏​យើង​នៅ​តែ​មាន​គំនាប​ថា​ យើង​ កុំ​ឲ្យ​ធ្វើ​ជា​អ្នក មនុស្ស​ឆ្លាត​ពេក»
កញ្ញា​បន្ត​ថា គំនាប​នេះ​ក៏​អាច​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​យុវជន​ជំនាន់​ក្រោយដែល​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​មិន​ចង់​មក​កម្ពុជា​វិញ ដោយ​សារ​តែ​ពួក​គេ​ចង់​ធ្វើ​អ្វី​ក៏​មិន​បាន ហើយ​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ធនធាន​មនុស្ស។
ទោះ​ជា​យ៉ាង​នេះ​ក្តី មតិ​សុទិដ្ឋិនិយម​ក៏​នៅ​តែ​មាន​។
​លោក ព្រំ សិលា ដែល​បាន​រៀន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​សាកល​វិទ្យាល័យ​ University of the Philippines ថ្លែង​ថា៖
«ពេល​ដែល​ឃើញ​មាន​ការ​ចូល​រួម​ហែ​សព ចូល​រួម​សោក​ស្តាយ​ពី​មហាជន​ផ្សេងៗ ខ្ញុំ​គិត​ថា​ មហា​ជន​លែង​ខ្លាច​ទាក់​ទង​នឹង​រឿង​គំរាម​ហ្នឹង​ហើយ»
ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ឯ​កញ្ញា សន រ៉ាមណា វ័យ ២៨​ឆ្នាំ សព្វថ្ងៃ​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​សាកល​វិទ្យាល័យ Kingston ប្រទេស​អង់គ្លេស ​វិញ​យល់ថា ថ្វី​ត្បិត​តែ​ការ​សម្លាប់​បញ្ញវន្ត​រូប​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​សេរីភាព​បញ្ចេញ​មតិ​ក៏​ពិត​មែន ​តែ​កញ្ញានៅ​តែ​យល់​ថា៖
«ផល​មួយ ​វិញ​ទៀត គឺ ​អាច​ធ្វើ ​ឲ្យ​អ្នក ​មួយ​ចំនួន​ហ្នឹង​ ខំ​តស៊ូ។  គាត់​ នឹង​កាន់តែ ​និយាយឡើង​ បន្ថែម​ទៀត។  គាត់​ កាន់​តែ​ ហ៊ាន​បញ្ចេញ​មតិ​ ផ្ទាល់​ខ្លួន​ របស់​គាត់ ដោយ​សារ​ គាត់​ ឃើញ​វីរភាព​ របស់​ លោក​បណ្ឌិត​ កែម ឡី, ហើយ ​ពួក​គាត់​ គិត​ថា ពួក​គាត់ ​ចង់​បន្ត​ការងារ​ របស់​ លោក​បណ្ឌិត​ កែម ឡី ដើម្បី​ ធ្វើ​ឲ្យ​សង្គម​ កម្ពុជា​ ហ្នឹង ក្លាយ​ជា​សង្គម ​មួយ ​ដែល​គោរព​ នូវ​សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ, ចា៎»​
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុម​បញ្ញវន្ត និង​អ្នក​ស្រាវជ្រាវ​ខ្មែរ​ប្រមាណ ​ជិត​១០០​រូប​ក៏​បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ ដើម្បី​ថ្កោល​ទោស​ចំពោះ​ឃាតកម្ម​ទៅ​លើ​លោកបណ្ឌិត​ កែម​ ឡី​ផង​ដែរ។
លិខិត​នេះ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​សេចក្តី​ដើម​ថា៖
«យើង​ខ្ញុំ​ស្នើ​សុំ​ដោយ​ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​ ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់, ឆាប់រហ័ស, គ្មាន​ការ​រើសអើង, និង​ដោយ​ស្មោះត្រង់ ដើម្បី​វែក​មុខ​អ្នក​បញ្ជា ពី​ក្រោយ​និង​ជន​រួម​គំនិត​ទាំងអស់​នៅ​ក្នុង​ឃាតកម្ម​នេះ មិន​ថា​ជន​នោះ​ជា​ខ្មែរ ឬ​បរទេស​ឡើយ ហើយ​ត្រូវ​ផ្តន្ទា​ទោស​ជន​ទាំងនោះ​ជា​អតិបរមា​តាម​ការ​កំណត់​នៃ​ច្បាប់​ជា​ធរមាន​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ពិសេស​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​មូល​ហេតុ​ពិត​ប្រាកដ​នៃ​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ»។
កាល​លោក​នៅ​រស់ លោក​បណ្ឌិត​ កែម ឡី​ គឺ​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​តស៊ូ​ជា​ច្រើន​ក្នុង​ឆាក​ជីវិត​ទម្រាំ​តែ​លោក​បាន​ក្លាយ​ជា​បណ្ឌិត។ លោក​គឺ​ជា​បុគ្គល​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព កោត​សរសើរ និងស្រឡាញ់​រាប់​អាន​ពី​មនុស្ស​ជា​ច្រើន​គ្រប់​ស្រទាប់​វណ្ណៈ តាម​រយៈ​ការ​បញ្ចេញ​មតិ​របស់​លោក អំពី​បញ្ហា​នានា​នៅ​ក្នុង​សង្គមខ្មែរ។
លោក ព្រំ សិលា បាន​បន្ថែម​ថា ការ​វិភាគ​របស់​លោក កែម ឡី មិនមែន​ត្រឹម​តែ​តំណាងឲ្យ​មតិ​លោក​តែ​ម្នាក់​ឯង​នោះ​ទេ តែ​មតិ​នេះជា​សម្លេងតំណាងឲ្យ​មនុស្ស​ច្រើន​លាន​នាក់​ផ្សេង​ទៀត​ដែល​គាត់​មិន​អាច​និយាយ​បាន។
​កញ្ញា​ Catherine ​បាន​ប្រាប់​ VOA ថា បើ​ទោះ​បី​ជា​កញ្ញា​មិន​សូវ​បាន​ស្តាប់​ការ​បញ្ចេញ​មតិ​របស់​លោក​បណ្ឌិត​កែម ឡី​ជា​ញឹក​ញាប់​ក៏​ពិត​មែន តែ​កញ្ញា​នៅ​តែ​មាន​អារម្មណ៍​ថា ​វា​ជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់។
«និយាយ​ទៅ​ពេល​ដែល​ដឹង​ពី​ព័ត៌មាន​ហ្នឹង​ខ្ញុំ​រាង​ភ្ញាក់​ផ្អើល​ដែរ ហើយ​ខ្ញុំ​អត់​សឹង​តែ​មិន​ជឿ ព្រោះ​ថាស្រុក​ខ្មែរ​យើង ​នៅ​ឆ្នាំ​២០១៦ហើយ​ នៅ​តែ​មាន​បញ្ហា​អីចឹង​ទៀត អ្នក​ចេះ​ដឹង​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​តែ​គាត់​ហ៊ាន​និយាយ​អ្វី​ដែល​គាត់​គិត»។​
​លោក នាន់ សិរីបុត្ត វ័យ​២៦​ឆ្នាំ ជា​អតីត​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​សង្គម​វិទ្យា​ យល់​ថា ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី​គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា។​
«​វា​ជា​ការ​បាត់​បង់​មួយ​ដ៏​ធំ​របស់​ប្រទេស។ គាត់​ជា​បញ្ញវន្ត ហើយ​គាត់​បាន​ធ្វើ​ការ​ជាច្រើន​ដើម្បី​ប្រទេស​ជាតិ ហើយ​អ្វី​ដែល​គាត់បាន​ទទួល​វិញ​គឺ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​អាណោចអាធម្ម​នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ»។
កាល​ពីថ្ងៃ​ទី​១០ ​ខែ​កក្កដា​ កន្លង​ទៅ​នេះ លោក​បណ្ឌិត​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុងហាង​កាហ្វេ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កណ្តាល​ទីក្រុង​ភ្នំពេញ តែ​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​លោក​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ VOA ​ពាក់​ព័ន្ធ​នឹង​របាយការណ៍​របស់​អង្គការ​ Global Witness។ របាយការណ៍​នោះ​និយាយ​រៀប​រាប់​អំពី​វិធី​ដែល​គ្រួសាររបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដ៏មាន​អំណាច​នៅ​ប្រទេស​កម្ពុជា​ ប្រើ​ដើម្បី​ក្តោបក្តាប់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​មួយ​នេះ។
ជា​រឿយៗ កម្ពុជាត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ប្រើ​វប្បធម៌​ហិង្សា​ជា​បន្ត​បន្ទាប់​ទៅ​លើ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះ​គន់​ រួម​មាន​ការ​បាញ់​សម្លាប់​ប្រធាន​សហជីព​កម្មករ​គឺ លោក ជា​ វិជ្ជា និង​ឃាតកម្ម​ទៅ​លើ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ ព្រម​ទាំង​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បាតុករ​ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ ក៏​មានការ​ចាប់​ឃុំ​ខ្លួន​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាដើម​ផងដែរ៕





1 comment:

  1. យើងទាំងអស់គ្នា ត្រូវតែហៅ លោក ហ៊ុនសែន ថា លោកតា ហ៊ុនសែន ទៅវិញចុះ។ ការហៅបែបនេះវានឹងអាច ផ្ដល់ផលប្រយោជន៏ សព្វគ្រប់បែបយ៉ាង ដល់យើង ទាំងអស់គ្នាជាខ្មែរ មឹនខានក្នុង អនាគត ដ៏ខ្លីខាងមុខនេះ៕

    ReplyDelete